លោក ម៉ុង ឫទ្ធី អំពាវនាវកុំឱ្យពលរដ្ឋចាញ់បោកការផ្សព្វផ្សាយលក់ពូជដំណាំ ឬផ្លែឈើតាមហ្វេសបុក

03/11/2022 9:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ប្រហែល១ឆ្នាំចុងក្រោយនេះ ពូជដំណាំ និងផ្លែឈើ ប្លែកៗជាច្រើនពីបរទេស ត្រូវបានគេដាក់លក់ និងចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមហ្វេសបុក។ យ៉ាងណា អ្នកជំនាញកសិកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ចំពោះការដាក់លក់ពូជដំណាំ និងផ្លែឈើ គ្មានប្រភពទាំងនេះ ។ លោក អំពាវនាវកុំឱ្យពលរដ្ឋចាញ់បោក តាមការឃោសនា។



លោក ម៉ុង ឫទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី២ ខែវិច្ឆិកានេះថា លោក សង្កេតឃើញមានការផ្សព្វផ្សាយលក់ពូជដំណាំ និងផ្លែឈើ តាមហ្វេសបុកជាហូរហែ រហូតដល់មានអ្នកយករូបភាពរបស់លោក ទៅបង្ហោះ ដើម្បីទាញការចាប់អារម្មណ៍ថែមទៀត។

ជាក់ស្ដែង មានម្ចាស់គណីហ្វេសបុកមួយចំនួន បានយករូបដែល លោក ថតជាមួយដើមទន្លាប់ ដែលមានផ្លែពោពាស នៅប្រទេសអាម៉េរិក ទៅផ្សព្វផ្សាយថាជា ផ្លែទន្លាប់ជប៉ុន រសជាតិផ្អែម ហើយស្រួយ ងាយស្រួលដាំមិនរើសដីជាដើម។ ប្រហែល៥ឆ្នាំមុន លោក ម៉ុង ឫទ្ធី ក៏ធ្លាប់បានយកទន្លាប់ប្រភេទនេះ ពីអាម៉េរិក មកសាកល្បងដាំនៅផ្ទះរបស់លោកដែរ ប៉ុន្តែគ្មានបានផលនោះទេ។ 

ការផ្សព្វផ្សាយដែលដាក់រូបលោកនៅពេលនេះ អាចនាំឱ្យពលរដ្ឋមានការយល់ច្រឡំ និងចាញ់បោកគេ ព្រោះផ្លែឈើ ឬដំណាំហូបផ្លែខ្លះ មិនអាចដាំដុះនៅប្រទេសកម្ពុជាបាននោះទេ ដោយសារកត្តាអាកាសធាតុ និងប្រភេទដីខុសគ្នាជាដើម។ លោក ម៉ុង ឬទ្ធិ មិនពេញចំពោះទង្វើរបែបនេះឡើយ។ 

លោក ប្រាប់យ៉ាងដូច្នេះថា៖« ខ្ញុំមិនគួរលូកមាត់នោះទេ រឿងនេះ ប៉ុន្តែ ទ្រាំអត់បាន យូៗទៅដូចជាពេក គ្មានអាណិតអ្នកដែលទិញយកទៅដាំសោះ។ ចេះតែយកបង្ហោះឱ្យគ្នាទិញ(ពលរដ្ឋ) ហើយគ្នាឃើញប្លែកក៏ចេះតែទិញដែរ។ ការទិញហ្នឹង បើនៅស្រុកគេលក់តែមួយដើម៨ ឬ៩ដុល្លារប៉ុណ្ណោះ តែនៅស្រុកឯង(កម្ពុជា) លក់សុទ្ធតែ៣០ដុល្លារ អ៊ីចឹងទៅ។ បើកុំដាក់រូបខ្ញុំ ខ្ញុំក៏មិនមាត់ដែរ នេះគេហៅ យករូបខ្ញុំទៅបោកប្រាស់គេ។ អ៊ីចឹង បានខ្ញុំប្រាប់ថា ទន្លាប់នេះ ខ្ញុំថតនៅរដ្ឋកាលីហ្វញ៉ាទេ»។ 

លោក ម៉ុង ឫទ្ធី បារម្ភពលរដ្ឋចាញ់បោកតាមការប្រកាសលក់ពូជរុក្ខជាតិតាមបណ្ដាញហ្វេសប៊ុកនេះ ដែលនាំឱ្យខាតបង់ប្រាក់ និងពេលវាលា។ ដូច្នេះ លោក ណែនាំដល់ពលរដ្ឋ ពិចារណាឱ្យបានច្បាស់ មុនសម្រេចទិញពូជផ្លែឈើ ឬដំណាំអ្វីមួយមកដាំ៕ 



 

ព័ត៌មានទាក់ទង