សំរាមជាង៣៦ភាគរយ ត្រូវបានបោះចោលតាមទីសាធារណក្នុងចំណោមសំរាម៤លានតោន

01/11/2022 3:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ នៅប្រទេសកម្ពុជា សំរាមមានជាង ៤លានតោន ក្នុងមួយឆ្នាំៗ។ សំណល់រឹង មានចន្លោះពី១០ភាគរយ ទៅ ១៥ភាគរយ។ ដោយឡែកក្នុងមួយថ្ងៃៗវិញ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន។

 

ស្របពេលកំណើនសំរាម នៅកម្ពុជាមានការកើនឡើងនេះ កម្ពុជា មិនទាន់អាចសម្រេចបានការប្រមូលសំរាមទាំងនោះបាន ១០០ភាគរយនៅឡើយនោះទេ។ សំរាម ត្រូវបានប្រមូលជាង៦០ភាគរយប៉ុណ្ណោះ ក្នុងចំណោមសំរាមសរុប ដែលប្រជាជនក្នុងប្រទេសបង្កើតឡើង។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាពិធីបើកសន្និបាតសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២។ រូបភាព លោក ស៊ុល រ៉វី។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងដូច្នេះ៖ «ក្នុងចំណោមសំរាមមួយរយភាគរយ គឺមានសំរាមតែ ៦៤ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលាន។ ក្រៅពីនោះសំរាម៣៦ភាគរយទៀត នៅបោះរាយប៉ាយនៅតាមនៅតាមទីតាំងផ្សេងៗ ប្រភពទឹក ឬនៅកន្លែងផ្លូវសាធារណៈ»។ 

ជុំវិញការគ្រប់គ្រងសំរាមនេះ របាយការណ៍លទ្ធផលសិក្ខាសាលា ស្ដីពីកិច្ចគាំពារបរិស្ថាន នាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ បង្ហាញថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកផ្ដល់សេវាប្រមូលសំរាម នៅមានភាពខ្វះខាតទាំងបទពិសោធន៍ មធ្យោបាយ និងធនធាន ក្នុងការគ្រប់គ្រងប្រមូលសំរាម និងសំណល់រឹង។ ឯការគ្រប់គ្រងមធ្យោបាយ ដែលក្រសួងផ្ដល់ឱ្យ មិនទាន់មានប្រសិទ្ធិភាព។ 

ការចូលរួមប្រើប្រាស់សេវាប្រមូលសំរាម និងបង់ថ្លៃសេវា របស់ប្រជាពលរដ្ឋប្រើប្រាស់ នៅមានកម្រិតនៃឡើយ។ ចំណែកក្រុង ស្រុកមួយចំនួនមិនមានដី សម្រាប់រៀបចំជាទីលានចាក់សំរាម ខណៈខេត្តឬក្រុង ដែលមានកន្លែងចាក់សំរាមភាគច្រើន ជាទីលានលំហ។ ចំពោះការកែច្នៃវិញ នៅមានកម្រិតតិចទាប ពោលគឺមាន៦ភាគរយប៉ុណ្ណោះ ធៀបទៅនឹងបរិមាណ ដែលបង្កើត។ 

ដើម្បីឆ្លើយតបទៅនឹងបញ្ហាសំរាមខាងលើនេះ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងបរិស្ថាន នឹងសហការបន្ថែម ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលគ្រប់គ្រងលើសំណល់រឹង និងសំរាមនេះ តាមរយៈការរៀបចំឱ្យមានកន្លែងចាក់សំរាមត្រឹមត្រូវ និង កំណើននៃការប្រមូលសំរាម ផងដែរ។ 

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា ទីលានទុកដាក់សំរាម សំណល់រឹង ប្រកបដោយអនាម័យមានចំនួន ៧កន្លែង ក្នុងខេត្តព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងកំពង់ធំ និង៣កកន្លែងកំពុងសាងសង់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ។ ៨កន្លែងទៀតកំពុងគ្រោង និងរៀបចំនីតិវិធី រួមមានខេត្តកណ្ដាល កំពង់ស្ពឺ សៀមរាប កំពង់ចាម ស្វាយរៀង ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងកោះរ៉ុង។ ចំណែកទីលានចាក់សំរាម សំណល់រឹងចំហ មានចំនួន១១២កន្លែង នៅទូទាំងប្រទេស។ ឯទីតាំងប្រមូលទិញសំណល់មានចំនួន ៦៧៣ទីតាំងផងដែរ៕

 

ព័ត៌មានទាក់ទង