ខ្លោងទ្វារតាកាវ បញ្ចេញស្នាមញញឹមឡើងវិញ ក្រោមការឧបត្ថម្ភពីឯកជន ក្រោយទ្រុឌទ្រោមខ្លាំង

31/10/2022 4:00 pm សៀមរាប

ដោយ៖ ហុង ស្រីណា 

ខ្លោងទ្វារតាកាវ បានចាប់ផ្ដើមទ្រុឌទ្រោម ខូចខាតខ្លាំងជាងខ្លោងដទៃទៀតក្នុងក្រុងអង្គរធំ។ កត្តាធម្មជាតិ កង្វះការថែទាំ ដើមឈើ បានធ្វើឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាមួយចំនួនដួលរលំ។ រចនាសម្ព័ន្ធខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតខ្លាំង ដែលតម្រូវឲ្យមានការមើលថែ ជួសជុល និងអភិរក្ស។



អាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន ចាប់ផ្ដើមជួសជុលខ្លោងទ្វារតាកាវនេះ ចាប់ពីខែមីនា ឆ្នាំ២០២១។ គម្រោងជួសជុលនេះ ទទួលបានថវិកាឧបត្ថម្ភពីលោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ ក្រៅពីនេះ លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ ខេត្តសៀមរាប។  ការចូលរួមពីវិស័យឯកជននេះហើយ ទើបធ្វើឱ្យគម្រោងជួសជុល និងអភិរក្សខ្លោងទ្វារតាកាវនេះអាចដំណើរការទៅបាន។ បច្ចុប្បន្ន ការជួសជុលខ្លោងទ្វារតាកាវ ក្រុងអង្គរធំ សម្រេចបាន ៩៧ភាគរយ។ 


ទិដ្ឋភាពក្រុមអ្នកជំនាញកំពុងជួសជុលទេវតាទាញព្រ័ត្រនៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

«ខ្ញុំសប្បាយចិត្តមែនទែនដែលបានមកឃើញក្បូរក្បាច់លើជញ្ជាំង ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ហើយមិនចេះសឹករឹល។ ខ្ញុំមានមោទកភាពចំពោះការរៀបចំខ្លោងទ្វារនេះឡើងវិញ របស់អាជ្ញាធរជាតិអប្សរាហើយទើបខ្ញុំបានចូលរួម។ ជាពិសេសកូនចៅខ្មែរជំនាន់ក្រោយ ដែលជាកម្មករ និងមន្ត្រី ធ្វើការនៅទីនេះ ពិតជាកូនខ្មែរអង្គរពិតៗ »។ នេះជាការរៀបរាប់របស់លោកស្រី សៀង ចាន់ហេង ដោយបន្តថា លោកស្រីនឹងបន្តទៀតរួមចំណែក ជួសជុលប្រាសាទផ្សេងៗទៀត ក្នុងរមណីយដ្ឋានអង្គរ ។


លោក ឡុង កុសល អគ្គនាយករង និងអ្នកនាំពាក្យអាជ្ញាធរជាតិ ក៏បានអំពាវនាវឱ្យពលរដ្ឋមានទំនុកចិត្តចំពោះអាជ្ញាធរ ដ្បិតថវិកាវិភាគទានទាំងប៉ុន្មាន ត្រូវបានត្រឹមត្រូវតាមគោលដៅ។ អាជ្ញាធរជាតិអប្សរា សុំឱ្យពលរដ្ឋឈប់មានការយល់ច្រឡំ ប៉ុន្តែគួរចូលរួមជាមួយគ្នាក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ដែលដូនតាបានបន្សល់ទុក។  

«សូមបងប្អូនប្រជាពលរដ្ឋរបស់យើងគិតដោយវិជ្ជមាន ហើយគិតថាអ្នកធ្វើការទាំងអស់ក៏មានឧត្តគតិ ក៏មានមនសិការជាតិ ហើយក៏ស្រលាញ់កិត្តិយសដែរ។ គេមិនយកកិត្តិយសរបស់គេផ្ទាល់ របស់ស្ថាប័ន ឬក៏កិត្តិយសរបស់រាជរដ្ឋាភិបាលមកលេងសើចទេ។ យើងត្រូវដឹងថាគេខិតខំបំពេញភារកិច្ចដោយស្មារតីស្រលាញ់ ថែរក្សាបេតិកភណ្ឌ ក៏ដូចជាបម្រើផលប្រយោជន៍ជាតិ»។ លោក ឡុង កុសល បានថ្លែងដូច្នេះប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។ 

ជាក់ស្តែង សំណង់ប្រាសាទ ជាច្រើនក្នុងតំបន់អង្គរកំពុងទទួលបានមើលថែ និងជួសជុលយ៉ាងទុកដាក់ពីក្រុមអ្នកជំនាញ។ លោក ឡុង កុសល សង្ឃឹមថាពលរដ្ឋនឹងចូលរួមកាន់តែច្រើន ដើម្បីជាជំនួយដល់លទ្ធភាពនៃការជួសជុលសំណង់ទ្រុឌទ្រោម។ លោកក៏បានលើកឡើងពីគម្រោងនៃការបង្កើតយុទ្ធការជួសជុល និងប្រកាសឱ្យពលរដ្ឋ ដែលមានបំណងចង់រួមចំណែកថែតរក្សាកេមរតកដូនតាតាមលទ្ធភាព។ 



ចម្លាក់ទេវតាទាញព្រ័ត្រនៅខ្លោងទ្វារតាកាវ ក៏មានភាពទ្រុឌទ្រោម និងបែកបាក់ច្រើន។ ដោយមើលឃើញបែបនេះ លោក ស៊ុន សុថុល ដែលកំពុងរស់នៅកាណាដា បានមកលេងកម្ពុជាដោយភ្ជាប់នូវបំណងចូលរួមអភិរក្សសំណង់បេតិកភណ្ឌពីដូនតា។ គ្រួសាររបស់លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ ខេត្តសៀមរាប។ 

«ទោះខ្ញុំ ជាខ្មែរមករស់នៅបរទេសយូរ ប៉ុន្តែអារម្មណ៍ និងចិត្តខ្ញុំ នៅតែនៅលើរបស់អ្វី ដែលជារបស់ជាតិយើង»។ នេះជាការលើកឡើងរបស់លោក សុថុល ដោយបន្ថែមថា នៅពេលលោកឃើញ ផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ ឬសារព័ត៌មាននានា អំពីការជួសជុលប្រាសាទ លោកចាប់អារម្មណ៍ខ្លាំង និងមានបំណងចូលរួមជួសជុលផងដែរ។ 

លោក ស៊ុន សុថុល គ្រួសារ ជាមួយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

លោក សុថុល មានបំណងចង់ចូលរួមចំណែកជួសជុលជាយូរមកហើយ ប៉ុន្តែលោកមិនទាន់មានឱកាស និងមិនដឹងទាក់ទងទៅនរណា។ ឆ្លៀតក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប លោកបានតាមស្វះស្វែងរកវិធី ដើម្បីធ្វើវិភាគទាន។ កត្តា ដែលលោកចង់ចូលរួមចំណែកជួសជុលខ្លោងទ្វារតាកាវ ព្រោះបន្សល់ទុកស្នាដៃបុព្វបុរសខ្មែររាប់ពាន់ឆ្នាំមកហើយនេះ សម្រាប់កូនចៅជំនាន់ក្រោយ។ លោកចង់ឱ្យក្មេងៗជំនាន់ក្រោយដឹងថា ខ្មែរធ្លាប់ជាប្រទេសខ្លាំងពូកែ មានសមត្ថភាពធ្វើអ្វីក៏បាន និងចេះការពារប្រទេស។ 

លើសពីនេះ លោក សុថុល ក៏បានសំណូមពរឱ្យពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេស ទុកចិត្តលើគ្នាទៅវិញទៅមក។ ជាពិសេស ពលរដ្ឋខ្មែរគួរមានគំនិតវិជ្ជមានជាមួយគ្នា ដោយពុំត្រូវគិតថាវិភាគទានទាំងនោះ មិនបានប្រើប្រាស់ត្រឹមត្រូវឡើយ៕ 
 

ព័ត៌មានទាក់ទង