រថយន្តបុរាណ នៅតែពេញនិយមសម្រាប់តាំងលម្អតាមសណ្ឋាគារ និងជួលឱ្យទេសចរជិះកម្សាន្ត

31/10/2022 3:00 pm ភ្នំពេញ

ដោយ៖ នាយយ៉ាន

សៀមរាប៖   សណ្ឋាគារអង្គរមីរ៉ាកល ដែលស្ថិតក្នុងខេត្តសៀមរាប បានបើកទ្វារវិញមុនគេ ចាប់ពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។  សណ្ឋាគារដ៏ប្រណីតនេះ មានរថយន្តអាល្លឺម៉ង់កញ្ចាស់ ២គ្រឿង គឺម៉ាក VOLKSWAGEN ប្រភេទទី១ ម៉ូឌែល 1500 ពណ៌ខ្មៅ ផលិតចន្លោះឆ្នាំ ១៩៦៧-១៩៧៨ ១គ្រឿង និងម៉ាក MERCEDES-BENZ ប្រភេទ W108 ម៉ូឌែល 280 SEL ពណ៌ខ្មៅដូចគ្នា ផលិតក្នុងចន្លោះឆ្នាំ១៩៦៨-១៩៧១ ចំនួន១គ្រឿង។ រថយន្ដចាស់ៗទាំង២នេះ មិនមានផ្លាកលេខផ្លូវការទេ មានតែផ្លាកឈើ ដែលបញ្ជាក់អំពីឈ្មោះសណ្ឋាគារប៉ុណ្ណោះ។

-

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖


ម៉ាស៊ីន VOLKSWAGEN ប្រភេទទី១ នោះស្ថិតនៅខាងក្រោយដូចពីដើម។ 1500 គឺជាចំណុះម៉ាស៊ីន ដែលមាន ១៥០០ CC (សង់ទីម៉ែត្រគូប) ឬ ១៥០០មីលីលីត្រ។ នៅទូទាំងពិភពលោក VOLKSWAGEN ប្រភេទទី១ នៅសេសសល់ច្រើន។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះមានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិត ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះមានឈ្មោះហៅថា Käfer (ភាសាអាល្លឺម៉ង់) Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស)លឺ Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី) Fusca (ភាសាព័រទុយហ្កាល) Garbus (ភាសាប៉ូឡូញ) Bogár (ភាសាហុងគ្រី) Broscuță (ភាសារូម៉ានី) ដែលអាចបកប្រែទាំងអស់ថា សត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។ 

ជាភាសាខ្មែរវិញ ចាស់ៗហៅថា ឡានអណ្ដើក។ បុរាណក៏ដោយ ទូទាំងពិភពលោក មិនមែនជាប្រភេទរថយន្ដកម្រមានទេ ពីព្រោះគឺជាប្រភេទរថយន្ដ ដែលត្រូវបានផលិតយូរជាងគេបំផុត : ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ២០១៩។ តាមពិតនៅទ្វីបអឺរ៉ុប បានឈប់ផលិតត្រឹមឆ្នាំ១៩៧៨។ ក្រៅពីនេះ ត្រូវបានបន្តផលិតរហូតដល់ឆ្នាំ២០០៣។ បន្ទាប់មក ត្រូវផលិតជំនាន់ចុងក្រោយមួយទៀត ក្នុងរោងចក្រមួយគត់ ស្ថិតនៅទ្វីបអាម៉េរិកឡាទីន រហូតដល់ឆ្នាំ២០១៩។

VOLKSWAGEN ប្រភេទទី១ ត្រូវបានដំឡើងប្រមាណ ២១លានគ្រឿង តាមរោងចក្រផ្សេងៗនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានា ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះ មិនពេញនិយមនៅទ្វីបអាស៊ី ដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាមនៅប្រទេសកម្ពុជាមានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម។ ប៉ុន្តែសូមបញ្ជាក់ថា សព្វថ្ងៃនៅរាជធានីភ្នំពេញមាន VOLKSWAGEN ប្រភេទទី១ ពី៥ ទៅ ៦គ្រឿង នៅក្រុងសៀមរាបមាន ៥ ទៅ ៦គ្រឿង នៅខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរមាន ១គ្រឿង នៅក្រុងពោធិ៍សាត់មាន ១គ្រឿង នៅក្រុងបាត់ដំបងមាន ២គ្រឿង និងនៅខេត្តកណ្ដាលមាន ៣គ្រឿង។

ម៉ាក VOLKSWAGEN ត្រូវបានបង្កើតឡើងនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន។

រថយន្ដ MERCEDES-BENZ W108 280 SEL ត្រូវបានផលិតចំនួន ៨ ២៥០គ្រឿង ប៉ុណ្ណោះ ពីខែមករា ឆ្នាំ១៩៦៨ រហូតដល់ខែមេសា ឆ្នាំ១៩៧១។ វាអាចជិះបានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រ ក្នុង១ម៉ោង។ MERCEDES-BENZ W108 ជំនាន់ទី២ ត្រូវបានផលិតពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧២។ វាខុសពីជំនាន់ទី១ តែម៉ាស៊ីនប៉ុណ្ណោះ ដែលខ្លាំងជាង។ MERCEDES-BENZ W108 ទាំង២ជំនាន់ ត្រូវបានផលិតអស់ ៣៦៤ ៦៩៩ គ្រឿង ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧២។ ប្រភេទទាំង២ នេះខុសគ្នាតែបណ្ដោយប៉ុណ្ណោះ។ MERCEDES-BENZ W108 និង W109 ត្រូវបានផលិតអស់ ៣៨៣ ៣៦១ គ្រឿង ពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧២ (១៩៧៣ សម្រាប់ទីផ្សារអាម៉េរិកខាងជើង) ក្នុងរោងចក្រមួយ ស្ថិតនៅប្រទេសអាល្លឺម៉ង់។

MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែលកូនស្រីឈ្មោះ Mercédès ។




relate: 100647, 110130, 111256
 

ព័ត៌មានទាក់ទង