គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្តដំណាក់កាលទី៧ គ្រោងបញ្ចប់នៅចុងឆ្នាំ

31/10/2022 11:00 am សៀមរាប

ដោយ: អុីសា រ៉ហានី ( Isa Rohany )

សៀមរាប៖  គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្តជំហានទី៧ នឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២។  បើតាមលោកស្រី   នង បូរ៉ាវី  អ្នកគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្ត គម្រោងជួសជុលនេះ គឺមានប្រវែងសរុប២០ម៉ែត្រ។



ការងារជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្តមានតាំងពីឆ្នាំ២០១៣មក និងមាន៧ដំណាក់កាល  ដែលក្រុមការងារ​បានជួសជុលប្រវែងបានសរុប១៤៣ម៉ែត្រហើយ ខណៈនៅសល់ជាង៤០០ម៉ែត្រទៀត សម្រាប់ច្រាំងកសិន្ធុខាងជើងស្ពាមហាលនេះ រហូតដល់កាច់ជ្រុងខាងជើង។ នេះជាការរៀបរាប់របស់ លោកស្រី បូរ៉ាវី។


លោកស្រី នង បូរ៉ាវី អ្នកគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្ត

បុរាណវិទូស្រ្ដីនៃអាជ្ញាធរជាតិអប្សរារូបនេះ ៖«ពន្យល់ថាស្ថានភាពច្រាំងកសិន្ធុទាំងមូលមានសភាពដួលរលំទាំងស្រុងដោយសារអាយុកាល។ ចំពោះការឡើងចុះមិនទៀងរបស់ទឹកមុនមានការគ្រប់គ្រងទឹកក្នុងកសិន្ធុ ក៏ធ្វើឱ្យថ្មជ្រេ រអិល ដួលខុសពីទីតាំង  ផងដែរ»។ 

សម្រាប់ការដំណើរការជួសជុលច្រាំងកសិន្ធុ អ្នកស្រី បូរ៉ាវី រៀបរាប់ថា ជំហានដំបូងគេត្រូវរៀបទំនប់ទឹកសិន ព្រោះជាការដ្ឋាននៅក្នុងទឹក បន្ទាប់មកធ្វើសម្រង់ប្លង់ ចុះលេខថ្ម ចុះបញ្ជីថ្ម និងរើថ្មដែលបាក់បែកដើម្បីជួសជុលឡើងវិញ។ ការងារបន្ទាប់គឺការរៀបចំបុកបង្ហាប់គ្រឹះ ដោយរៀបថ្មបាយក្រៀមថ្មីចំនួន៧កាំ ហើយការងារចុងក្រោយ គឺរៀបថ្មភក់ចាស់ និងឆ្លាក់បំពេញក្បាច់នៅផ្នែកខាងលើ។ 
​​​


ក្នុងនាមជាអ្នកកាន់ការងារជួសជុល និងជាបុរាណវិទូស្រ្តីមួយរូប អ្នកស្រី បូរ៉ាវី បានបង្ហាញក្ដីរីករាយជាខ្លាំងចំពោះសមិទ្ធផលដែលបានធ្វើកន្លងមក ពិសេសនៅច្រាំងកសិន្ធុអង្គរវត្ត។ លោកស្រីយល់ថា ទីតាំងនេះនឹងអាចទាក់ទាញទេសចរចូលទៅទស្សនា ព្រោះជាទីតាំងអាចឱ្យពួកគេមើលប្រាង្គកំពូល៥របស់ប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត ហើយក៏អាចទស្សនាថ្ងៃរះ និងថ្ងៃលិចបានដ៏រម្យនា ផងដែរ៕

ព័ត៌មានទាក់ទង