រដ្ឋ គ្រោងចំណាយជាង ៩ ៦០០លានដុល្លារនៅឆ្នាំ២០២៣

31/10/2022 10:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក)សម្រាប់ឆ្នាំ២០២៣ ដែលភាគច្រើនផ្តោតលើមនុស្ស។ ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។



សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្ររាជការគ្រប់កម្រិតចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋត្រូវចំណាយថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋនីតិកាលទី៧  និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  រួមទាំងចំណាយផ្សេៗសំខាន់ផ្សេងៗទៀត ដែលទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ។

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា រដ្ឋគ្រោងចំណាយ ៣៩ ២០៦ ២០៥ លានរៀល(ប្រមាណ ៩ ៦០០លានដុល្លារ)។ ចំណាយនេះ គឺស្មើនឹង២៩,៨៧ភាគរយ នៃផលិផលក្នុងស្រុកសរុប(ផសស) ដែលមានប្រមាណ ៣២ ២៩១លានដុល្លារ។ ក្នុងនោះ ចំណាយចរន្តមានប្រមាណ ៥ ៦០០លានដុល្លារ ត្រូវនឹង១៧,៤៧ភាគរយនៃ ផសស និងកើន១០ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២ ខណៈចំណាយមូលធន ក៏កើន១៧,៥ ភាគរយ ផងដែរ។ 

ដោយឡែក ចំណូលប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានពីសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងចំណូលមូលធនថវិការដ្ឋក្នុងនិងក្រៅប្រទេសមានត្រឹម ២៩ ៣១១ ៧៤៧លានរៀល (ប្រមាណ ៧ ០០០លានដុល្លារ)។  ចំណូលនេះ ស្មើនឹង២២,៣៣ភាគរយនៃ ផសស និងមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២។

ផ្អែកតាមលើតួលេខនៃចំណូល-ចំណាយជាតិខាងលើ បានបង្ហាញឱ្យឃើញថា កម្ពុជាមានឱនភាពថវិកាសរុប -៧,៥៤ភាគរយ(ក្នុងរង្វង់ទឹកប្រាក់២ ៤០០លានដុល្លារ) នៃ ផសស។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តុល្យភាពនៃចំណាយប្រចាំឆ្នាំនេះ នឹងបំពេញដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧ភាគរយ នៃ ផសស( ប្រមាណ ១ ៥០០លានដុល្លារ), មូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៨ភាគរយ នៃ ផសស (ប្រមាណ៣០០លានដុល្លារ), ប្រាក់បញ្ញើរាជរដ្ឋាភិបាលមាន១,៨៦ភាគរយ នៃ ផសស (ប្រមាណ ៦០០លានដុល្លារ) និងការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ប្រភពចំណូលដើម្បីបំពេញតម្រូវការចំណាយទាំងនេះ គឺមានទាំងការចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងការបរិការណ៍ នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់»៕ 
 

ព័ត៌មានទាក់ទង