ក្រោយរក្សាទុក២៥ឆ្នាំ រូបចម្លាក់តោទាំង២ នឹងត្រូវបានដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលអង្គរវិញ

28/10/2022 4:00 pm សៀមរាប

ដោយ៖ សែម វណ្ណា 

អាជ្ញាធរជាតិអប្សរា នឹងយករូបចម្លាក់តោចំនួន២ ទៅដាក់នៅកន្លែងដើមវិញ ក្រោយពេលជួសជុលរួចរាល់។ ចម្លាក់តោទាំង២ ត្រូវបានយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើងនៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ ដើម្បីរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។





ក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលចម្លាក់តោទាំង២នេះ ឡើងវិញ ដែលរួចរាល់ជាង៩៥ភាគរយ។  ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរា នឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ចម្លាក់តោទាំង២នេះ ត្រូវបានចាកឆ្ងាយពីទីតាំងដើមប្រមាណ២៥ឆ្នាំ។ ចម្លាក់តោទាំង២នេះ ត្រូវបាន រក្សាទម្រង់ដើម លើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ 



លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្ម បានបញ្ជាក់ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញ។ ក្រុមការងារ បានបំពេញនូវកន្លែងខូចខាត និងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោ ដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវវាងការខូចខាតបន្តទៀត។


ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។ ក្នុងការជួសជុល ក្រុមការងារក៏បានរក្សាលក្ខណៈដើម និងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេស និងការជួសជុលក៏ ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុក៕

 

ព័ត៌មានទាក់ទង