អ្នកអភិរក្ស ស្នើឱ្យពិន័យចំពោះអ្នកបរិភោគសត្វព្រៃក្នុងបណ្ដាញសង្គម ដើម្បីល្បី ជាងការ«សូមទោស»

28/10/2022 11:30 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអ្នកបង្កើតវីដេអូមួយចំនួននៅក្នុងប្រទេសកម្ពុជា បានបង្ហាញវីដេអូបរិភោគសាច់សត្វព្រៃនៅតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយនេះ បានធ្វើឱ្យសាធារណជន ប្រតិកម្ម និងប្រឆាំងលើសកម្មភាពនៃការធ្វើវីដេអូទាំងនោះ។ អ្នកស្រឡាញ់សត្វព្រៃទាំងនោះ ចង់ឃើញការពិន័យចំពោះអ្នកបរិភោគសត្វព្រៃតាមបណ្ដាញសង្គម ជាងការសូមទោស។



ជុំវិញការបង្កើតមាតិការទាំងនោះ លោក  ប៊ូ វរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានលើកឡើងថា ការធ្វើវីដេអូបង្ហាញពីការបរិភោគសត្វព្រៃ គឺផលប៉ះពាល់ខ្លាំងដល់ជីវិត និងការការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សកម្មភាពទាំងនោះ អាចនឹងជំរុញឱ្យការប្រព្រឹត្តបទល្មើស សត្វព្រៃកើនឡើង ដែលអាចធ្វើឱ្យសត្វមួយចំនួនបាត់បងជីវិត ឬអាចផុតពូជតែម្ដង។  

លោក វរសក្ស ប្រាប់ ThmeyThmey25 ដូច្នេះ ៖ «ខ្ញុំគិតថា វីដេអូបង្ហាញពីការចម្អិនសាច់សត្វព្រៃគឺជាការជំរុញឱ្យមានការបរិភោគកាន់តែច្រើន។ យើងមិនលើកទឹកចិត្ត ឬគាំទ្រ ឱ្យមានការបង្កើត ឬផ្សព្វផ្សាយវីដេអូបែបនេះនោះទេ។ គ្រប់គ្នាគួរចូលរួមផ្សព្វផ្សាយក្នុងការថែរក្សា ឬអភិរក្ស ដើម្បីរក្សាវត្តមានសត្វទាំងនោះវិញ»។ 

កន្លងមកក្រសួងបរិស្ថាន និងអង្គការដៃគូរ ព្យាយាមរួមគ្នាបង្កើតយុទ្ធនាការបញ្ឈប់ការដាក់អន្លាក់ ការបបាញ់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃតាមទម្រង់ផ្សេងៗ។ សកម្មភាពនៃការបង្កើតវីដេអូខាងលើ ហាក់បីដូចជា កំពុងដើរបញ្ច្រាសជាមួយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងសាធារណជន ដែលកំពុងរួមគ្នាក្នុងការការពារ និងអភិរក្សសត្វទាំងនោះ។

លោក កឹម សុវណ្ណា ជាអ្នកថតរូបឯករាជ្យ បានប្រាប់សារព័ត៌មានThmeyThmey25ថា ក្នុងនាមជាអ្នកស្រឡាញ់សត្វមួយរូប លោកពិតជាសោកស្ដាយនៅពេលបានឃើញអ្នកបង្កើតវីដេអូមួយចំនួនធ្វើបែបនេះ។ លោកបានបញ្ជាក់ច្បាស់ៗថា លោកមិនគាំទ្រ នូវការផលិតវីដេអូបែបនេះនោះទេ ព្រោះវាអាចនឹងធ្វើឱ្យហិនហោចដល់វត្តមានសត្វព្រៃនៅក្នុងព្រៃធម្មជាតិ។

អ្នកជំនាញថតរូប និងចូលចិត្តដើរព្រៃរូបនេះ បានសង្កត់ធ្ងន់ដូច្នេះ៖ «ខ្ញុំជឿរថា អ្នកថតវីដេអូទាំងនោះពិតជាបានដឹងថាជារឿងខុសច្បាប់។ ប៉ុន្ដែនៅតែមានអ្នកធ្វើបែបនេះព្រោះពួកគេគិតថា នៅពេលដែលធ្វើហើយបានល្បី។ ពេលមានគេប្រតិកម្ម គ្រាន់តែចេញមកសុំទោសបន្ដិតទៅក៏អស់រឿងហើយ។ ខ្ញុំមិនត្រឹមមិនគាំទ្រការបរិភោគសត្វព្រៃទេ សូម្បីការចិញ្ចឹមសត្វព្រៃនៅក្នុងស្រុកក៏ខ្ញុំមិនគាំទ្រដែរ»។  

សព្វថ្ងៃក្រុមរបស់លោកប្រឹងប្រែងដើរថតសត្វដើម្បីជំរុញដល់ការផ្សព្វផ្សាយ ឱ្យសាធារណជនបានស្គាល់ ដើម្បីអាចរួមគ្នាអភិរក្សសត្វស្លាប  និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ លោក សុវណ្ណា យល់ថា ប្រសិនបើនៅកម្ពុជាមានច្បាប់ ដែលអាចកំណត់ពីកម្រិតនៃការទទួលពិន័យសម្រាប់អ្នកប្រព្រឹត្តបែបនេះអាចមានប្រសិទ្ធភាពខ្ពស់ជាងពេលបច្ចុប្បន្ន។ 

ជាបុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកចូលចិត្តថតរូបសត្វព្រៃ លោក លឹម សុភ័ក្ត្រ បានលើកឡើងថា លោកពិតជាអន់ចិត្តខ្លាំងណាស់ដែលបានឃើញវីដេអូនោះ។ មនុស្សមួយចំនួនធំកំពុងព្យាយាមការពារ និងអភិរក្សសត្វព្រៃដោយលំបាក ប៉ុន្ដែបែរជាមនុស្សមួយចំនួនតូចគិតតែប្រយោជន៍ និងប្រជាប្រីយភាព តែឯង ដោយមិនគិតពីផលប៉ះពាល់សម្រាប់សម្បត្តិជាតិឡើយ។ 

«ខ្ញុំពិតជាមិនចង់ឃើញត្រឹមតែយកអ្នកនោះទៅអប់រំទេ គួរតែមានអ្វីលើសពីនេះ។ អ្នកក្រោយអាចហ្នឹងបានចិត្តដោយសារ នៅគេឃើញគំរូអ្នកមុន ពេលធ្វើខុសគ្រាន់យកមកអប់រំ ហើយសុំទោសចប់។ បើមានការដាក់ពិន័យធ្ងន់ធ្ងរណាមួយ ដល់បុគ្គលនោះ ថ្ងៃក្រោយអ្នកផ្សេង ចង់ធ្វើតាមក៏រអារដែរ»។ លោក សុភ័ក្ត្រ ស្នើសុំដូច្នេះ។ 

ជាមួយគ្នានេះ លោក ទ្រី ស៊ីថេង ជាប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានលើកឡើងថា អ្នកផលិតវីដេអូបង្ហាញពីការបរិភោគសាច់សត្វព្រៃ ជារូបភាពដែលអាក្រក់បំផុត។ លោកថា រូបភាពនៃសកម្មភាពទាំងនោះ  ប្រៀបដូចជាការញុះញង់ឱ្យចលនានៃការដាក់អន្ទាក់ បរបាញ់សត្វព្រៃកាន់តែច្រើននៅកម្ពុជា។ 

លោក ទ្រី ស៊ីថេង បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍លើអ្នកបង្កើតវីដេអូទាំងនោះឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យនៅតែបន្តកើតមានឡើងដដែលបែបនេះ។ 

ប្រធាននាយកដ្ឋានបច្ចេកទេសអគ្គនាយកដ្ឋានបញ្ជីជាតិក្រសួងព័ត៌មាន និងជាអ្នកបង្កើតវីដេអូក្នុងការចែករំលែកចំណេះដឹងតាមរយៈបណ្ដាញសង្គមមួយរូប លោក ឆុន វាសនា បានបញ្ជាក់ថា លោកក៏មិនគាំទ្រលើការបង្កើតមាតិការដែលចែករំលែកពីការបរិភោគសាច់សត្វព្រៃដែរ។ ការធ្វើបែបនេះហាក់បីដូចជាចង់បានត្រឹមតែចំនួនអ្នកទស្សនា រួមជាមួយប្រជាប្រីយភាព។ ប៉ុន្ដែមិនគិតពីការបំផ្លាញនូវសម្បត្តិធម្មជាតិ ដែលជាទ្រព្យដ៏មានតម្លៃរបស់រដ្ឋទាល់តែសោះ។ លើសពីនេះការបង្កើតវីដេអូបែបនោះ ក៏មិនគួរឱ្យអ្នកផ្សេងៗយកគំរូតាមឡើយ។ 

«ខ្ញុំគិតថា អ្នកធ្វើវីដេអូបរិភោគសាច់សត្វព្រៃគាត់ដឹងថា ជារឿងខុស។  ប៉ុន្ដែគាត់នៅតែមើលរំលង ព្រោះគិតពីចំណូលរកបានសំខាន់ជាង។  ខ្ញុំមានគម្រោងហើយថា នឹងចេញវីដេអូពីបញ្ហានេះ ទាំងនៅលើបណ្ដាញសង្គម និងនៅលើYouTubeរបស់ខ្ញុំដើម្បីដាស់ស្មារតីដល់អ្នករកចំណូលពីការធ្វើវីដេអូថា តើក្នុងនាមជាអ្នកបង្កើតមាតិការបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយ គួរធ្វើអ្វី និងមិនគួរធ្វើអ្វី»។ នេះជាការលើកឡើងរបស់ លោក វាសនា។ 

ក្នុងនាមលោកជាអ្នកបង្កើតវីដេអូអប់រំ និងលើកទឹកចិត្តសម្រាប់អ្នកធ្វើYouTube នៅកម្ពុជា លោក វាសនាដាច់ខាតមិនគាំទ្រ ឱ្យអ្នកបង្កើតមាតិការលើប្រព័ន្ធផ្សព្វផ្សាយបង្ហាញវីដេអូទាក់ទងការបរិភោគសាច់សត្វព្រៃឡើយ។ ក្រៅពីនេះអ្នកផលិតវីដេអូទាក់ទងប្រវត្តិសាស្ត្រ ដែលមិនមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ រួមជាមួយការធ្វើវីដេអូលក្ខណៈលេងសើច ដែលគេតែនិយាយថា ( Prank ) ជ្រុលហួសហេតុ ក៏លោកមិនលើកទឹកចិត្តដូចគ្នា៕ 

 

ព័ត៌មានទាក់ទង