
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះមានការប្រែប្រួលរាងកាយច្រើន ដូច្នេះអ្នកម្តាយត្រូវសម្រាកឱ្យបានគ្រប់គ្រាន់តាមដែលអាចធ្វើបាន និងគួរជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ។ លើសពីនេះ អ្នកម្តាយគួរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព និងកូនក្នុងផ្ទៃ ដោយការធ្វើលំហាត់ប្រាណ។
ដើម្បីថែរក្សាកូនក្នុងផ្ទៃឱ្យមានសុខភាពល្អ និងរឹងមាំ អ្នកម្តាយគួរជៀសវាងកត្តាមួយចំនួន។ ស្រី្តមានផ្ទៃពោះ មិនត្រូវពិសារគ្រឿងស្រវឹងនោះទេ ព្រោះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។ គ្រឿងស្រវឹង អាចនឹងធ្វើឱ្យទារកក្នុងផ្ទៃលូតលាស់យឺត និងរាងកាយមិនគ្រប់លក្ខណៈ។ លើសពីនេះ វាអាចបណ្តាលឱ្យទារកស្លាប់បានផងដែរ។ ទន្ទឹមនោះ អំឡុងពេលពពោះ អ្នកម្តាយ មិនត្រូវជក់បារី ឬហឹតផ្សែងបារីឡើយ ព្រោះអាចនឹងបណ្តាលឱ្យទារកមានបញ្ហាផ្លូវដង្ហើម កើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ។
ស្រី្តមានផ្ទៃពោះ ក៏មិនត្រូវប្រើថ្នាំពេទ្យ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យឡើយ សូម្បីតែថ្នាំអាស្ពីរីន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំងងុយដេក ក៏ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ជាមួយគ្នានេះដែរ ស្រី្តមានផ្ទៃពោះ ត្រូវជៀសវាងប្រើផលិតផលដែលមានជាតិគីមី ឬជាតិពុល ដូចជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិត ឬថ្នាំរំលាយផ្សេងៗផងដែរ។
ក្រៅពីការជៀសវាងចំណុចមួយចំនួន ស្រ្តីមានផ្ទៃពោះ ក៏ត្រូវតាមដានការប្រែប្រួល ក៏ដូចជាអាការៈនៃរាងកាយផងដែរ។ ជាពិសេស នៅពេលក្ដៅខ្លួន ឬមានគ្រុនក្ដៅ អ្នកម្តាយត្រូវប្រាប់ពេទ្យ ឬទៅពិគ្រោះជាមួយពេទ្យជាបន្ទាន់ ដោយសារវាអាចជាសញ្ញានៃការបង្ករោគអ្វីមួយ និងត្រូវព្យាបាលឱ្យបានរហ័ស។ ការក្ដៅខ្លួនខ្លាំង អាចបណ្តាលឱ្យសម្រាលកូនមុនកាលកំណត់ ឬអាចរលូតក៏ថាបាន។
លើសពីនេះ ស្រ្តីមានផ្ទៃពោះ ក៏ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញា រួមមាន ឈាមហូរច្រើនតាមទ្វារមាស ប្រកាច់ ឈឺក្បាលខ្លាំង ហើយស្រវាំងភ្នែក និងមានគ្រុនក្ដៅ។ ជាមួយគ្នានេះដែរ ឈឺចុកចាប់ខ្លាំងនៅត្រង់ពោះ ដកដង្ហើមញាប់ ឬពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសសុខភាពណា ដែលនៅក្បែរផ្ទះអ្នក បើអ្នកមានសញ្ញាគ្រោះថ្នាក់ណាមួយខាងលើ៕
(ដកស្រង់ពីសៀវភៅបំណិនជីវិត មានចំណងជើងថា«ការថែទាំផ្ទៃពោះ» របស់អង្គការស៊ីប៉ា)
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

