ការសិក្សា៖ កុមារនៅខេត្តកណ្ដាលពីអាយុ១០ទៅ១៩ខែ បរិភោគអាហារ-ភេសជ្ជៈមិនល្អដល់សុខភាព មានអត្រាខ្ពស់

28/10/2022 9:00 am ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

កុមារ​តូចៗនៅខេត្តកណ្តាលជាទូទៅ គឺបរិភោគ​អាហារ​​និង​ភេសជ្ជៈ​មិន​ល្អ​ចំពោះ​សុខ​ភាព ដោយភាគច្រើនក្មេងទាំងនោះ បរិភោគទឹកដោះគោផ្អែម  និង នំដែលមានរសជាតិផ្អែម និង ប្រៃ។ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការហេឡែន ខេលល័រអន្តរជាតិ(HELEN KELLER) ក្នុងចំណោមកុមារអាយុពី១០ទៅ១៤ខែ​​ ការបរិភោគមិនល្អចំពោះសុខភាព មានក្នុងអត្រា៤៥,៥ភាគរយ ដែលអត្រានេះ​កើនដល់៧៩ភាគរយ ក្នុងចំណោមកុមារមានអាយុ១៥ទៅ១៩ខែ។



អា​ហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព គឺ​សំដៅ​ទៅលើ​អាហារ​ និង​ភេសជ្ជៈ​ទាំង​ឡាយ​ណា​ដែល​វេច​ខ្ចប់​លក់​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម ឬ​ម៉ាក​ផលិត​ផល​សម្រាប់​ប្រើប្រាស់​ទូទៅ។ ​ ការ​សិក្សា​របស់​អង្គការ​ហេ​ទ្បែ​ន ខេល​ល័​រ បាន​បង្ហាញថា មានអាហារ-ភេសជ្ជៈ៩ក្រុម ​ដែល​កុមារ​នៅ​​ខេត្ត​កណ្តាល ​បាន​បរិភោគ​មិនល្អចំពោះសុខភាព ព្រោះ​អាហារ និង​ភេស​ជ្ជៈ​ទូទៅ​ទាំង​នេះ ​មាន​កម្រិត​ជាតិ​ស្ករ និង​អំបិល​បន្ថែម​ខ្ពស់ ជា​ពិសេស​គឺ​សារ​ធាតុ​ខ្លាញ់មិន​ល្អ​ចំពោះ​សុខ​ភាព។ ការសិក្សានេះ គឺ​ផ្អែក​តាម​សូច​នាករ​ស្តីពី​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​តូច​របស់​អង្គការ​ពិភពលោក(WHO)។ 
 
អាហារ-ភេសជ្ជទាំង៩ក្រុមដែលមិនល្អចំពោះសុខភាពកុមារនោះ មាន នំស្រួយរសជាតិផ្អែម, នំស្រួលរសជាតិប្រៃ, នំបុ័ង(នំខេក នំដូណាត់ និងពងទា), ស្ករគ្រាប់ឬនំផ្អែម(ស្ករគ្រាប់ បង្អែម សូកូឡា), ភេសជ្ជៈ, ទឹកដោះគោផ្អែម, ទឹកផ្លែឈើ, ភេសជ្ជៈរសជាតិសូកូឡា ឬស្រូសាលី និងមីកញ្ចប់។​ នេះជាលទ្ធផលស្រាវជ្រាវរបស់អង្គការ​ហេ​ទ្បែ​ន ខេល​ល័​រ ដែល​ប្រើ​ប្រាស់​ទិន្ន​ន័យ​ពី​ការ​ស្ទង់​មតិ​និងតាម​ដាន​ជាប់​លាប់​តាម​ដំណាក់​កាល​ដែល​​ធ្វើ​ឡើង​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្ដាល​ នៃ​ប្រទេស​ដែល​ជា​តំបន់​ជន​បទ​ និង​ពាក់​កណ្តាល​ទីប្រជុំ​ជន។ 
 
ការស្រាវជ្រាវរបស់អង្គការ​ហេ​ទ្បែ​ន ខេល​ល័​រ ដែលផ្សាយនៅថ្ងៃទី២៥តុលា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅក្នុងនោះ​អ្នក​ថែទាំ​កុមារ​អាយុ​ពី​១០​ខែ-១៤​ខែ​ មានចំនួន​៥៦៧​នាក់ ត្រូវបាន​ជ្រើស​រើស និង​​សម្ភាស ចាប់ពី​ដំណាក់​កាល​ទី១ ដល់​ដំណាក់​កាល​ទី៦ នៅ​ពេល​កុមារ​ទាំង​នោះ មាន​អា​យុ​ដល់​១៩ខែ។ 
 
ការស្រាវជ្រាវបន្តបង្ហាញយ៉ាងដូច្នេះ៖ «កុមារ​តូចៗនៅ​ខេត្ត​កណ្តាល​ជា​ទូទៅ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អត្រា​កើន​ឡើង​ពី ៤៥,៥​ ភាគ​រយ ​ក្នុង​ចំណោម​កុមារ​អាយុ ១០-១៤ ខែ ដល់​ ៧៩​ ភាគរយ ក្នុង​ចំណោម​កុមារ​​អាយុ​ ១៥-១៩ ខែ។ អាហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ដែល​ត្រូវ​បាន​បរិភោគ​ច្រើន​ជាង​គេគឺ​មាន​ទឹក​ដោះ​គោ​ផ្អែម និង​នំ​ដែល​មាន​រស​ជាតិ​ផ្អែម និង​ប្រៃ។ ពាក់​កណ្តាល​នៃ​កុមារ​អាយុ ​១៥-១៩ ​ខែ កំពុង​បរិភោគ​ទឹកដោះ​គោ​ផ្អែម ហើយ​ជាង ​១ ​ភាគ​ ៣ ​នៃ​កុមារ​​អាយុ​នេះ កំពុង​បរិ​ភោគ​នំ​ដែល​មាន​រស​ជាតិ​ផ្អែម​ និង​ប្រៃ»។
 
យ៉ាង​ណា​ក្ដី ការ​ស្រាវ​ជ្រាវ​នេះក៏​ណែនាំ​ដល់​អាណា​ព្យា​បាល​ឱ្យ​ចៀស​វាង​នូវ​អាហារ​មួយ​ចំនួន ដែល​ជា​អាហារ និង​ភេស​ជ្ជៈ​ផ្អែម រួមទាំងអាហារ​មិនល្អ​ដល់​សុខ​ភាព​កុមារ​ចន្លោះ​ពី​អាយុ​ ៦ ទៅ ២៣ ខែ ដែល​អាច​​បង្ក​ឱ្យមាន​ជំងឺ​ដល់​កុមារ​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​អនា​គត។ ​ការ​ស្រាវ​ជ្រាវ​ពីអ្នកជំនាញទារក​និងកុមារ បាន​ណែនាំ​ឱ្យ​កុមារ​ក្នុង​ចន្លោះ​អាយុ​នេះ គួរ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ៕ 
 

ព័ត៌មានទាក់ទង