រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានកុំដំឡើងថ្លៃក្នុងពិធីអុំទូកខាងមុខ

27/10/2022 4:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

 មុនពិធីបុណ្យអុំទូក ឈានចូលមកដល់នៅថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល អាហារដ្ឋាន កុំដំឡើងថ្លៃលក់។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តខេត្តរបស់ខ្លួនកាន់តែច្រើនថែមទៀត។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦តុលា បានលើកឡើងថា ក្នុងឱកាសបុណ្យអុំទូក ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់សក្ដានុពលទេសចរណ៍ជាច្រើនទៀតក្នុងខេត្តកោះកុង។ ដូច្នេះ រដ្ឋបាលខេត្តកោះកុង បានស្នើដល់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវពង្រីកវិធានការអនាម័យ និងបរិស្ថានឱ្យបានល្អ ជាពិសេសមិនត្រូវឆ្លៀតឱកាសលក់ដំឡើងថ្លៃនោះទេ។  

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា រដ្ឋាភិបាល បានសម្រេចផ្អាកពិធីអុំទូកថ្នាក់ជាតិ ប៉ុន្តែ តាមបណ្ដាខេត្តអនុញ្ញាតឱ្យរៀបចំតាមទម្លាប់ និងឱ្យពលរដ្ឋ ឈប់សម្រាក់ពីការងារធម្មតា៕ 




 

ព័ត៌មានទាក់ទង