លោក ស៊ុន ចាន់ថុល រំឭកជាថ្មី៖ ក្រសួងមិនចង់ឮពាក្យ «ចាក់ក្រាស់ ស៊ីស្ដើង, ចាក់ស្ដើង ស៊ីក្រាស់»

27/10/2022 11:00 am តាកែវ

ដោយ៖ សែម វណ្ណា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងបានខិតខំពិនិត្យគុណភាពផ្លូវជាតិនីមួយៗ ពេលស្ថាបនា ដើម្បីធានាបានគុណភាពខ្ពស់។ រដ្ឋមន្រ្តីរូបនេះ មិនចង់ឮពាក្យពលរដ្ឋ និយាយថា ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវជាប់រហូត ដែលមានន័យថា ធ្វើខាងមុខ ខូចខាងក្រោយ។

 
ថ្លែងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន» លោក ស៊ុន ចាន់ថុល មិនសប្បាយចិត្តឡើយចំពោះការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលក្រុមហ៊ុនហាន់ស៊ីនរបស់កូរ៉េ បានបន្តពន្យាពេលសាងសង់ និងធ្វើផ្លូវគ្មានគុណភាព។ 

លោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ដូច្នេះ៖ «យើងមិនចង់ឮ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវជាប់រហូត ធ្វើមុខ ខូចក្រោយ ធ្វើក្រោយខូចមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ ស៊ីស្ដើង»។ 

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ មិនពេញចិត្តចំពោះគុណភាពស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ របស់ក្រុមហ៊ុន កូរ៉េ នោះឡើង។ ដោយហេតុនេះ ក្រសួងតែងតែពិនិត្យគុណភាពផ្លូវជាតិលេខ២ យ៉ាងយកចិត្តទុកដាក់។ 

«យើងបានយកម៉ាស៊ីនរបស់យើងទៅខួងតេស្តផ្លូវជាតិលេខ២ និងលេខ២២ ហើយបានបង្ហាញថា មិនត្រឹមត្រូវតាមបច្ចេកទេស។ ដូច្នេះយើងមិនយកផ្លូវនេះទេ លុះត្រាតែគាត់កែត្រឹមត្រូវតាមបច្ចេកទេស»។ លោក ស៊ុន ចាន់ថុល ថ្លែងធ្ងន់ៗដូច្នេះ។ 

បើតាមរដ្ឋមន្រ្តីរូបនេះ ក្រុមហ៊ុនហាន់ស៊ីនរបស់កូរ៉េ ត្រូវពន្យាពេលស្ថាបនាម្តងទៀត ខណៈក្រុមហ៊ុនស្នើសុំបញ្ចប់រហូតដល់ខែ ៥ ឆ្នាំ២០២៣។ ផ្លូវជាតិលេខ២ និងលេខ២២ នេះ ទើបបញ្ចប់ការសាងសង់បាន ៨៨ភាគរយប៉ុណ្ណោះ៕ 
 


 

ព័ត៌មានទាក់ទង