ដើម្បីជួយកូនៗឱ្យលូតលាស់មានប្រសិទ្ធភាព តើអាណាព្យាបាលគួរធ្វើដូចម្តេច?

26/10/2022 2:00 pm ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ការលូតលាស់នៃសរីរាង្គកាយរបស់កុមារគ្រប់រូប ត្រូវឆ្លងកាត់ពីមួយជំហាន ទៅមួយជំហាន ដូចជា ការដេក ដើរ ឈរ អង្គុយជាដើម។ ដំណាក់កាលទាំងនោះ ក៏រាប់បញ្ជូលទាំងការលូតលាស់ចំនួន ៤ចំណុចរបស់កុមារបន្ថែមទៀតដូចជា ការលូតលាស់ផ្នែកសរីរាង្គកាយ ផ្នែកភាសា ផ្នែកប្រាជ្ញា និងផ្នែកទំនាក់ទំនង។ 

ទោះការលូតលាស់របស់កុមារ បានចាត់ទុកជារឿងសាមញ្ញយ៉ាងណាក្តី តែសម្រាប់អ្នកម្តាយសម័យថ្មីមួយចំនួន ក៏ដូចជាអ្នកដែលចង់សិក្សាពីការលូតលាស់កុមារ ក៏អាចស្វែងយល់បន្ថែមពីការលូតលាស់របស់កុមារផងដែរ។ ការជួយអភិវឌ្ឍកុមារទំាង ៤ចំណុចនោះរួមមាន៖

ការលូតលាស់ផ្នែករាងកាយ

ការលូតលាស់ផ្នែករាងកាយរបស់កុមារមានដូចជា ការអង្គុយ វារ ដើរ រត់ លូន និងឡើងដើមឈើជាដើម។ ឪពុកម្តាយអាចជួយជំរុញការលូតលាស់នេះ តាមរយៈសកម្មភាព ឱប ថើប និងថ្នាក់ថ្នមឱ្យបានដិតដល់ ព្រោះការប៉ះពាល់រាងកាយរបស់កុមារ អាចជួយឱ្យខួរក្បាលគេបញ្ចេញអ័រម៉ូន ដែលគេត្រូវការដើម្បីលូតលាស់។ 
ជាមួយគ្នានោះ អាណាព្យាបាល ក៏អាចបង្រៀនកុមារឱ្យធ្វើដៃចាប់ចាប វារចាប់បាល់ លើកទឹកចិត្តឱ្យកូនគូររូប និងផាត់ពណ៌ជាដើម។ ករណី កូនអាយុបីខួបហើយនៅតែមិនទាន់ចេះលាដៃ ឬក្តាប់ដៃ មិនចេះកាន់វត្ថុស្រាលៗ មិនចេះទប់ក្បាលឬទ្រូង ម្តាយឪពុកត្រូវនាំកូនទៅពេទ្យជំនាញដើម្បីពិនិត្យ។

ការលូតលាស់ផ្នែកភាសា

កុមាររៀនទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនតាមរយៈការនិយាយ និង ស្ដាប់។ ម្ដាយឪពុកត្រូវជួយកូនឱ្យចេះនិយាយបានត្រឹមត្រូវ និងច្បាស់តាមរយៈការឆ្លើយតបទៅនឹងសញ្ញាផ្សេងៗ ដូចជា សម្លឹងភ្នែក ឬបញ្ចេញសំឡេង ហើយត្រូវច្រៀង និទានរឿង អានរឿង និយាយជាមួយ និងលើកទឹកចិត្តឱ្យកូននិយាយ។ ការអភិវឌ្ឍភាសាដល់កូនៗមានដូចជា ម្ដាយបំបៅដោះកូនបណ្ដើរ និយាយជាមួយកូនបណ្ដើរ ធ្វើត្រាប់តាមទារកបញ្ចេញសំឡេងកកែកករពេលរីករាយ បង្ហាញរូបភាពសត្វ និងប្រាប់ឈ្មោះសត្វ។ 

ឪពុកម្តាយ ត្រូវឧស្សាហ៍និទានរឿងឱ្យកុមារស្ដាប់ លើកទឹកចិត្តឱ្យកុមារសួរម្តាយពេលកំពុងធ្វើអ្វីមួយ ផ្ដល់ឱកាសឱ្យកុមារនិទានរឿងដោយប្រើតុក្កតា។ អាណាព្យាបាល មិនគួរនិយាយភាសាដែលខ្លួននិយាយមិនច្បាស់ទៅកូនឡើយ ព្រោះវាធ្វើឱ្យកូនទទួលបានភាសារដឺន។

ការលូតលាស់ផ្នែកប្រាជ្ញា

ប្រាជ្ញារបស់កុមារកើតចេញពីការរៀនគិត ស្រមើស្រមៃ ដោះស្រាយបញ្ហា និងវិភាគស្ថានការណ៍ និងបទពិសោធន៍ដែលជួបប្រទះ។ ម្ដាយឪពុក ជួយឱ្យកូនក្លាយជាមនុស្សចង់ចេះដឹងពេញមួយជីវិតតាមរយៈការផ្ដល់ឱកាសឱ្យកូនបានលេងក្នុងកន្លែង ដែលសម្បូរកត្តាជំរុញការចង់ដឹងដូចជា រូបភាព របស់លេង សៀវភៅ និងចូលរួមលេងសប្បាយជាមួយគេ ព្រមទាំងលើកទឹកចិត្ត និងសរសើរគេឱ្យបានច្រើន។ 

ទន្ទឹមនឹងនោះ ឪពុកម្តាយក៏ត្រូវជួយបង្កើនសកម្មភាព និងល្បែងមួយចំនួនដូចជា យកវត្ថុលាក់ខាងក្រោយ និងឱ្យកុមារជាអ្នករក បង្ហាញរូបភាពពណ៌នៅក្នុងសៀវភៅ និងប្រាប់ឈ្មោះពណ៌នីមួយៗ លើកទឹកចិត្តឱ្យកុមារលេងល្បែងផ្គុំរូប និងបង្ហាត់ឱ្យកុមារស្លៀកពាក់ខ្លួនឯងជាដើម។ ការផ្តល់វត្ថុលេងច្រើន ពណ៌ ច្រើនសណ្ឋាន ព្រមទាំងផ្តល់ពេលវេលាឱ្យកុមារលេងបានគ្រប់គ្រាន់ ដែលអាចជួយឱ្យកុមារឆាប់ចេះ គិតបានល្អ។
ការលូតលាស់ផ្នែកទំនាក់ទំនង

ម្តាយឪពុកត្រូវជួយកូនឱ្យរៀនយល់ដឹងអារម្មណ៍ រីករាយ ខឹង ទុក្ខព្រួយ ខ្លាច ភ្ញាក់ផ្អើល និងរបៀបបង្ហាញអារម្មណ៍។ សកម្មភាព និងការលេងល្បែងមួយចំនួន ជាកត្តាជួយឱ្យកុមារអភិវឌ្ឍមនោសញ្ចេតនា ឬទំនាក់ទំនងដូចជា បង្ហាញទឹកមុខញញឹម ថើប ឱបកុមារ   លួងលោមពេលកុមារមិនសប្បាយចិត្ត ឬឈឺ ផ្តល់ឱកាសឱ្យកុមារចេះសម្រេចចិត្ត៕

(ដកស្រង់ពីសៀវភៅបំណិនជីវិត មានចំណងជើងថា«វិធីចិញ្ចឹមកូនឱ្យបានល្អពី០ ដល់៦ឆ្នាំ របស់អង្គការស៊ីប៉ា)។
 

ព័ត៌មានទាក់ទង