ម្ចាស់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២២៖ ស្រ្តីត្រូវជឿជាក់លើខ្លួនឯង កុំបិទសក្កានុពលខ្លួនឯង

24/10/2022 11:00 am សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ ឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២២ ប្រចាំខេត្តសៀមរាប​ ត្រូវបានរកឃើញម្ចាស់ពានរង្វាន់ហើយ។ លោកស្រី ទីង ធារី ម្ចាស់អាជីវកម្ម អង្គរអ៊ិនធើហ្វីតណេស បានក្លាយជាជ័យលាភីលេខ១ ពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២២ប្រចាំខេត្តសៀមរាប។ ពិធីនេះរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប។

ជាមួយនឹងអារម្មណ៍រីករាយក្រោយទទួលបានពានរង្វាន់ លោកស្រី ទីង ធារី ប្រាប់សារព័ត៌មានថ្មីៗថា លោកស្រីមិននឹកស្មានថាខ្លួនមានឱកាសបានពានរង្វាន់លេខ១នៅពេលនេះទេ។ ក្នុងកម្មវិធីដែលរៀបចំនៅល្ងាចថ្ងៃទី២២ តុលា នាសណ្ឋាគារ មីរ៉ាខល ម្ចាស់អាជីវកម្មកន្លែងហាត់ប្រាណរូបនេះយល់ថា ទំនងគណៈកម្មការមើលឃើញពីទស្សនវិស័យ បេសកកម្មវែងឆ្ងាយ ក៏ដូចជាគុណតម្លៃរបស់ក្រុមហ៊ុនរបស់លោកស្រី ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋទូទៅ ដោយមិនសំដៅតែលើប្រាក់ចំណេញតែមួយមុខទេ។

ក្រោយទទួលបានបទពិសោធលើការប្រកួតប្រជែងនេះរួច លោកស្រី ទីង ធារី ប្រាប់ថា នឹងចូលរួមការប្រកួតសហគ្រិននៅថ្នាក់ជាតិនាពេលខាងមុខផងដែរ។ ម្ចាស់អាជីវកម្ម អង្គរអ៊ិនធើហ្វីតណេស រូបនេះយល់ថា ស្រ្តីត្រូវជឿជាក់លើខ្លួនឯង កុំបិទសក្កានុពលខ្លួនឯង ព្រោះយើងជាម្ចាស់លើជោគវាសនាខ្លួនឯង។ ស្រ្តីក៏អាចធ្វើដូចបុរសបានដែរ។

តំណាងគណៈកម្មការដាក់ពិន្ទុ លោកស្រី ធៀង កតិកា អគ្គនាយិកាផ្សារហេរីថេកវ៉ក លើកឡើងថា ចំណុចសំខាន់ៗដែលគណៈកម្មការផ្តល់ពិន្ទុ គឺផ្តោតលើសមត្ថភាពការធ្វើបទបង្ហាញ គំនិតផ្តួចផ្តើមអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ។ អាជីវកម្មបានផ្តល់ប្រយោជន៍អ្វីខ្លះដល់សង្គម ក៏ដូចជាទំនាក់ទំនងអាជីវកម្ម និងគ្រួសារជាដើម ដែលវាមានសារសំខាន់ណាស់សម្រាប់សហគ្រិនស្រ្តីក្នុងការបែងចែកពេលវេលា រួមនឹងការគាំទ្រពីក្រុមគ្រួសារ។

ក្រៅពីអបអរជាមួយបេក្ខភាពទទួលពានរង្វាន់ក្នុងកម្មវិធីប្រកួត លោកស្រី ធៀង កតិកា មើលឃើញចំណុចវិជ្ជមានជាច្រើននៃកម្មវិធីមួយនេះ។ វាជាពន្លឺនៃការចាប់ផ្តើមដ៏ល្អសម្រាប់សង្គមជាតិ តាមរយៈមានសហគ្រិនស្រ្ដីដ៏ឆ្នើម និងជាសញ្ញាដ៏ល្អសម្រាប់ជំរុញទឹកចិត្តដល់សហគ្រិនស្រ្តីដទៃទៀតឱ្យមានភាពក្លាហាន។

លោកស្រី ធៀង កតិកា បានប្រាប់ថ្មីៗដូច្នេះ៖ «ដោយសារពួកគាត់បានត្រៀមលក្ខណៈ ខ្លះអាចជាលើកដំបូងក្នុងការឡើងនិយាយជាសាធារណ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដ៏ល្អ សម្រាប់គាត់ក្នុងការអភិវឌ្ឍខ្លួនឯង រៀនសូត្រពីសហគ្រិនដទៃទៀត។ ជាមួយនេះដែរយើងមានជាគម្រូល្អៗដើម្បីឱ្យស្រ្តីជាច្រើនមិនបានឃើញថាមានឱកាសអ្វីខ្លះនៅក្នុងសង្គម ខ្លះមានគំនិតតែនៅមានភាពភ័យខ្លាចច្រើន»។

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី នុច គឹមលីន បានឱ្យដឹងថា កម្មវិធីប្រកួតពានរង្វាន់ទទួលបានការពេញចិត្ត រួមនិងមតិកែលម្អពីអ្នកចូលរួមច្រើន ក៏ដូចជាចង់ឱ្យសមាគមរៀបចំកម្មវិធីប្រកួតនេះទៀតនៅថ្ងៃក្រោយទៀត។ សម្រាប់លោកស្រី គឹមលីន សហគ្រិនស្រ្តីត្រូវរៀនសូត្រឱ្យបានច្រើន ប្រសិនគិតថា ចង់ក្លាយជាសហគ្រិនពិតប្រាកដ និងត្រូវដើរឱ្យទាន់សម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

លោកស្រី គឹមលីន បន្ថែមដូច្នេះ៖« សហគ្រិនពិតប្រាកដ ត្រូវដើរឱ្យទាន់សម័យកាល ដែលអាចរក្សាអាជីវកម្មរបស់ខ្លួនឱ្យបានយូរអង្វែងបាន គឺបន្តរៀនសូត្ររហូត។ ព្រោះសម័យបច្ចេកវិទ្យាវាមានការផ្លាស់ប្ដូរដែលនឹងអាចឱ្យអាជីវកម្មក្ស័យធន។ ហើយការរៀនសូត្រនេះអាចឱ្យយើងដើរតាមទំនោររបស់អតិថិជន ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់យើងឱ្យមាននិរន្តរភាព»។

គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២២ប្រចាំខេត្តសៀមរាប ជ័យលាភីលេខ១ គឺលោកស្រី ទីង ធារី ម្ចាស់អាជីវកម្ម អង្គរអ៊ិនធើហ្វីតណេស លេខ២បានទៅលើលោកស្រី សុខ ឃីម ម្ចាស់អាជីវកម្ម ប្រហិត ហេង ហ៊ត់ និងជ័យលាភីលេខ៣ បានទៅម្ចាស់អាជីវកម្ម ហ្វេមីលី កាកាវ គឺលោកស្រី ស៊ុំ សុរង្សី៕

ព័ត៌មានទាក់ទង