ក្រសួងសាធារណការ ផាកពិន័យរថយន្ត ២ ៤៧០គ្រឿងដែលដឹកលើសទម្ងន់កំណត់

19/10/2022 10:30 am ភ្នំពេញ

ដោយ៖ ហេង ម៉ាលីន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យរថយន្តចំនួន ២ ៥៧៩ ២៦០គ្រឿង រយៈពេល៩ខែ ឆ្នាំ២០២២។ ក្រសួងបានផាកពិន័យរថយន្ត ២ ៤៧០គ្រឿងដែលដឹកលើសទម្ងន់កំណត់។



យោងតាមរបាយការណ៍នៃការអនុវត្តការងារ រថយន្តជាង ២លានគ្រឿង ត្រូវបានត្រួតពិនិត្យ ដោយរថយន្តលើសទម្ងន់កំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង៣២.៧៤ភាគរយ។  ជាមួយគ្នានេះ គណៈកម្មាធិការដឹកនាំ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានផ្សព្វផ្សាយអំពីបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់។ ជាពិសេសម្ចាស់ដេប៉ូមានរថយន្តធុនធ្ងន់ឱ្យយល់ដឹងពីបទដ្ឋានបច្ចេកទេស ដើម្បីបញ្ចៀសនូវការដឹកលើសទម្ងន់នាំឱ្យខូចផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងនោះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង់ ការអនុវត្តការងារដូចជា ការកសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ ព្រមទាំងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង។ 

គួរបញ្ជាក់ថា ក្នុងឆមាសទី១ របាយការណ៍គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យលើរថយន្តចំនួន ១ ៨៣១ ៣៧៤ គ្រឿង។  ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿង ។ ចំណែករថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង និងរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង។ ចំពោះប្រាក់បានពិន័យនេះ សរុប ២,៨ ពាន់លានរៀល៕

ព័ត៌មានទាក់ទង