ឡានម៉ាក CITROËN អាយុជាង៩០ឆ្នាំ១គ្រឿង ត្រូវបានដាក់តាំងក្នុងភូមិគ្រឹះមួយ នៅខណ្ឌជ្រោយចង្វារ

25/02/2023 11:00 am ភ្នំពេញ


ដោយ៖ យ៉ាន 

ភ្នំពេញ៖ រថយន្ដម៉ាក CITROËN ១គ្រឿង ប្រភេទ C ម៉ូឌែល Torpédo ស៊េរី 3-2 ពណ៌លឿងទុំ និងខ្មៅ ផលិតឆ្នាំ១៩២៥ ឬ១៩២៦ ត្រូវបានដាក់តាំងនៅក្នុងភូមិគ្រឹះសសរ១០០ ដែលជាផ្ទះឈើរចនាបថខ្មែរបុរាណ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅភូមិគ្រិះនេះ ក៏មានរថយន្តបុរាណប្រភេទផ្សេងៗគ្នា ចំនយន ៤គ្រឿងទៀតដែរ ក្នុងនោះមាន៣គ្រឿង ជាម៉ាកបារាំង RENAULT និង ២គ្រឿង ជាម៉ាកអាល្លឺម៉ង់ គឺVOLKSWAGEN និង MERCEDES-BENZ ។

-

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 


អំពីរថយន្ដម៉ាក CITROËN ១គ្រឿងខាងលើ គឺត្រូវបាននាំចូលមកកម្ពុជាប្រហែលជាបួនដប់ឆ្នាំមុន។ វាមានទ្វារតែ១ប៉ុណ្ណោះ ស្ថិតនៅខាងស្ដាំ។ ខាងមុខ មានកៅអី២។ ដើម្បីអង្គុយកៅអីដែលលមានតែ១ខាងក្រោយ ត្រូវកន្លងកៅអីខាងមុខ ! ពីដើមមានដំបូលក្រណាត់កៅស៊ូ ដែលអាចដាក់ ឬបត់វិញក៏បាន ក៏ប៉ុន្តែត្រូវបានដកវាចេញ។ គូទកូនឡាននេះ មានរាងដូចទូក។ ដើម្បីបញ្ឆេះម៉ាស៊ីន ត្រូវបង្វិលម៉ានីវែល ដែលស្ថិតនៅខាងក្រៅ នៅក្រោមប៉ាណា។ ផ្លាកលេខនៃរថយន្ដនេះ នៅរក្សាតាមលេខស្តង់ដារបារាំងមិនសូវចាស់ប៉ុន្មាន ប៉ុន្តែនៅរក្សាតាមផ្លាកស្តង់ដារបារាំងសម័យនៃឡាន។ នៅសហភាពអឺរ៉ុប ច្បាប់ចរាចរអនុញ្ញាតឱ្យធ្វើបែបនេះ សម្រាប់ឡានដែលមានអយុកាល ៣០ឆ្នាំឡើងទៅ។ ក្រៅពីផ្លាកលេខ ក៏មានផ្លាកដែកខ្នាតតូចមួយដែរ។ វាបញ្ជាក់ថា ឡាននេះ ត្រូវបានផលិតក្នុងរោងចក្រ CHAUSSON នៅទីក្រុង ASNIÈRES ។

រថយន្ដ CITROËN ប្រភេទដំបូងៗ គេដាក់ឈ្មោះតាមលំដាប់អក្សរឡាតាំង A B C ។ ល។ ដូច្នេះ CITROËN C គឺជាប្រភេទទី៣ បង្កើតដោយ CITROËN ។ ប៉ុន្តែតាមធម្មតា គេហៅវាថា CITROËN 5CV (៥សេស) ឬ 5HP វិញ។ មានម៉ូឌែល ៣ : VL (voiture de livraison) ដើម្បីដឹកទំនិញ, TL ដែលជាម៉ូឌែលប្រណីតប្រណម និង Torpédo ។ Torpédo មកពីពាក្យអេស្ប៉ាញ torpedo ដែលមានន័យថា ខ្យល់ព្យុះ។ ក៏ប៉ុន្តែខាងវិស័យរថយន្ដគឺជាឡាន ដែលមានដំបូលក្រណាត់កៅស៊ូអាចបត់បាន ដែលមានទ្វារខាងមុខប៉ុណ្ណោះ និងដែលមានកញ្ចក់ខាងមុខ។ CITROËN C Torpédo មានស៊េរី៣ : T2 ដែលមានកៅអី២, T3-1 ដែលមានកៅអី៣ កៅអីខាងក្រោយស្ថិតនៅខាងស្ដាំ និង T3-2 ដែលមានកៅអី៣ដែរ តែកៅអីខាងក្រោយស្ថិតនៅខាងកណ្ដាល។

CITROËN C Torpédo 3-2 ត្រូវបានផលិតពីខែតុលា ឆ្នាំ១៩២៤ ដល់ខែមិថុនា ឆ្នាំ១៩២៦។ CITROEN C ត្រូវបានផលិតអស់ ៨០ ៧៥៩ គ្រឿង ពីខែឧសភា ឆ្នាំ១៩២២ រហូតដល់ខែមិថុនា ឆ្នាំ១៩២៦ ក្នុងរោងចក្រតែមួយ ស្ថិតនៅក្បែរទីក្រុងប៉ារី ប្រទេសបារាំង។

ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André ។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធបារាំង PSA ដែលស្ថិតនៅក្នុងកម្មវិធីសម្ព័ន្ធភាពបារាំងអ៊ីតាលីអាម៉េរិក STELLANTIS ៕

Relate :  105425, 109443, 110823, 105665
 

 

ព័ត៌មានទាក់ទង