សម្តេច ហ៊ុន សែន ទុកពេល២អាទិត្យឲ្យចៅហ្វាយខេត្ត​បាត់ដំបង និងប៉ៃលិន ដោះស្រាយបញ្ហាដែនរដ្ឋបាល​មួយកន្លែង​

17/10/2022 11:20 am បាត់ដំបង

ដោយ៖ រួបរួម 

សម្តេច ហ៊ុន សែន នា​ព្រឹកថ្ងៃចន្ទ ទី​១៧ ខែ​តុលា នេះ បាន​បញ្ជាទៅលោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង និង​លោកស្រី បាន​ ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន ដោះស្រាយ​ឲ្យ​ចប់​នូវ​បញ្ហា​ព្រំប្រទល់​រដ្ឋបាល​មួយកន្លែង​រវាងខេត្តទាំងពីរ។ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​នៅ​មជ្ឈមណ្ឌល​ជ្រោយ​ចង្វារ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចនឹង​ចុះ​ដោះស្រាយ​ដោយផ្ទាល់​បើអភិបាល​ខេត្តទាំងពីរ និង​អាជ្ញាធរពាក់ព័ន្ធ​ដោះស្រាយ បញ្ហា​ជាង​៣០​ឆ្នាំនេះ មិន​បានក្នុងរយៈពេល​២សប្តាហ៍។


«បើពីរអាទិត្យទៀតធ្វើ​មិន​ចេញ ខ្ញុំចុះទៅ​តែម្តង ព្រោះ​វាមិន​មែន​កាត់ដីឲ្យ​បរទេសឯណា»។ សម្តេច​បានបញ្ជាក់យ៉ាងដូច្នេះ បើមិន​បានលម្អិតពីទី​តាំងភូមិ​សាស្ត្រច្បាស់ឡើយ ដោយគ្រាន់​តែអះអាងជា​តំបន់​រស់នៅ​របស់ពលរដ្ឋធ្វើ​សមាហរណកម្មតាំងពី​ឆ្នាំ១៩៩៦។

ក្រៅពីនិយាយ​តាមទូរសព្ទជាមួយ​លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង សម្តេច ហ៊ុន សែន ក៏​បានលើកឡើង​ពី​បញ្ហានេះ ប្រាប់​សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង កាលពី​ជំនួបនៅ​រដ្ឋសភា ផងដែរ ដើម្បីធ្វើឲ្យ​ករណីនេះ ឆាប់​ចប់ ហើយ​ប្រជាពលរដ្ឋបានបណ្ណ​កម្មសិទ្ធិត្រឹមត្រូវ។

បើតាម​ប្រមុខ​រដ្ឋាភិបាល ការដោះស្រាយមិន​ច្បាស់​លាស់លើ​បញ្ហាព្រំប្រទល់ បាន​ធ្វើ​ឲ្យពលរដ្ឋដែលនៅទីនោះ មាន​ការពិបាក​ ជាពិសេស​ការចុះឈ្មោះ​បោះឆ្នោត និង​ការ​ប្រើ​ប្រាស់​សេវាកម្មផ្សេងៗ ដូចជាមីក្រូ​ហិរញ្ញ​វត្ថុ ធនាគារជាដើម។ «ធ្វើ​ប៉ុន្មាន​ជំនាន់ហើយធ្វើ​អត់ចេញ»។ សម្តេចបានសម្គាល់​បែបនេះ ដោយលើកឡើង​ថា ដីប៉ុន្មាន​ពាន់ហិកតានៅ​តំបន់នោះ គួរ​តែកាត់ទៅឲ្យ​ខាងប៉ៃលិន ព្រោះជិត រីឯ​បាត់ដំបង ធំ​ស្រាប់ ហើយ​​ឆ្ងាយ​ពី​រដ្ឋបាលខេត្ត។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ទៅ​លោក សុខ លូ និងលោកស្រី បាន ស្រីមុំថា៖ «ពីរនាក់​បើ​ធ្វើ​អត់​ទាន់​បាន​ទេ គឺខ្ញុំនឹងចុះ​នៅពីរអាទិត្យទៀត ឲ្យពេល​វេលា​តែប៉ុណ្ណឹង»។ 

ជាមួយគ្នានេះ សម្តេច​បានលើកឡើងពីមូលដ្ឋាន​ដែលអភិបាលខេត្តច្រើន​ជំនាន់​ដោះស្រាយព្រំប្រទល់​រដ្ឋ​នោះមិនចេញ។ «ចៅហ្វាយ​ខេត្តប៉ុន្មានហើយ​ធ្វើ​មិន​ចេញ បើតាម​ខ្ញុំស៊ើប វាមានអ្នក​ធំមួយចំនួន​វាទៅ​ចាប់ដីនៅទីនោះ ដោយ​ទៅ​ដាំស្វាយ​លើ​ហ្នឹង អ៊ីចឹងវា​ទៅ​រារាំងរដ្ឋបាល​ខេត្តបាត់ដំបងកុំឲ្យ​កាត់ដីចូលទៅ​ប៉ៃលិន»។

ពាក់ព័ន្ធ​បញ្ហាអ្នកធំ​រារាំងនោះ សម្តេចបានបញ្ជាក់ថា ដីស្វាយរបស់ពួក​គេមិន​បាត់ទៅណាឡើយ ព្រោះ​ដី​បាត់ដំបង ឬដីប៉ៃលិន នៅ​តែជាដី​ខ្មែរ ហើយពួក​គេ​អាច​បន្តទទួល​បាន​ដដែល។ សម្តេច​បាន​បន្ថែមថា៖ «កុំចាំបាច់ទៅរារាំងគេអ៊ីចឹង ខ្ញុំស៊ើប​ខ្ញុំដឹង​តើ​ ថាមូល​ហេតុ​អ្វី​បានជារាប់ឆ្នាំ ដោះ​វាមិនចេញ សម្តេចក្រឡាហោម ក៏បាននិយាយដែរ ថា វាមិនមែនជាការកាត់ដីឲ្យជន​បរទេសឯណា ជាការកាត់តម្រឹមព្រំ​ប្រទល់​រដ្ឋបាល​ដើម្បីឲ្យ​ងាយគ្រប់គ្រង ព្រោះខាងប៉ៃលិន លូកមក​វាជិត ពី​បាត់ដំបង​លូកទៅ​វាឆ្ងាយ»៕ 

 

ព័ត៌មានទាក់ទង