EPL ៖ Arsenal​, Chelsea និង Spurs បន្តជ័យជម្នះ ឯ Liverpool បញ្ចប់ភាពមិនចាញ់ Man City 

17/10/2022 9:19 am ភ្នំពេញ


ដោយ៖​ ជា យូគៀង 
Arsenal បន្តនាំមុខកំពូលតារាងក្រោយរកបានជ័យជម្នះរបស់ខ្លួនលើម្ចាស់ផ្ទះ Leeds United ១-០ ស្របពេល Chelsea ឈ្នះ Aston Villa ២-០ និង Tottenham Hotspur ឈ្នះលើ Everton លទ្ធផល ២-០ បន្តប្រជែងពិន្ទុតំបន់កំពូលទាំងបួន។ Wolverhampton Wanderers ឈ្នះ Nottingham Forest ១-០ ឡើងឈរផុតតំបន់គ្រោះថ្នាក់ ចំណែក Manchester City រងបរាជ័យលើកដំបូងរដូវកាលថ្មីក្រោមថ្វីជើង Liverpool ១-០ ខណៈលោក Jurgen Klopp ទទួលបានកាតក្រហម។



កាំភ្លើងធំ Arsenal បន្តនាំមុខនៅកំពូលតារាងនៃក្របខណ្ឌ Premier League ក្រោយប្រកួតឈ្នះលើម្ចាស់ផ្ទះ Leeds United យ៉ាងលំបាក។ ជ័យជម្នះលើ Leeds United ជួយឱ្យក្រុមដែលដឹកនាំដោយលោក Mikel Arteta បន្តរួចផុតពីការតាមប្រម៉ាញ់របស់ Manchester City នៃការប្រជែងតំណែងកំពូលតារាង អរគុណគ្រាប់បាល់រកបានដោយ Bukayo Saka នៅនាទី៣៥ ដែលបញ្ជូនដោយកីឡាករ Martin Odegaard។ Arsenal ឈរកំពូលតារាងគិតត្រឹមសប្តាហ៍ទី១០ មាន២៧ពិន្ទុ ប្រដេញតាមពីក្រោយដោយ Man City មាន២៦ ពិន្ទុ។

Chelsea ដឹកនាំដោយលោក Graham Potter មានក្តីសង្ឃឹមជាថ្មីប្រជែងតំណែងល្អស្ថិតនៅតំបន់កំពូលទាំងបួន ក្រោយឈ្នះសារជាថ្មីលើម្ចាស់ផ្ទះ Aston Villa ជាក្រុមដឹកនាំដោយ Steven Gerard លទ្ធផល ២-០។ ២គ្រាប់ជ័យជម្នះរបស់តោខៀវជាការសម្រេចទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Mason Mount តាំងពីនាទី៨ នៃវគ្គទីមួយ​ និងនៅនាទី៦៥។ Chelsea បច្ចុប្បន្នឈរលេខ៤ នៃតារាង Premier League មាន ១៩ពិន្ទុ។

កូនក្រុមរបស់លោក Antonio Conte នៅតែបន្តធ្វើបានល្អសម្រាប់ការប្រកួតក្នុង Premier League និងពានរង្វាន់អឺរ៉ុប ក្រោយយកឈ្នះលើ Eintracht Frankfurt ៣-២ ហើយយកឈ្នះលើ Everton ២-0។ Spurs ឈរលេខ៣ មាន ២៣ពិន្ទុ ក្រោយជ័យជម្នះដែល ២គ្រាប់លើក្រុមដឹកនាំដោយលោក Frank Lampard ស៊ុតដោយខ្សែប្រយុទ្ធ Harry Kane នៅនាទី៥៨ និង Pierre Hojbjerg នាទី៨៦។

កញ្ច្រោងទឹកក្រូច Wolver បានយកឈ្នះលើក្រុម Nottingham Forest ទើបឡើងពីក្របខណ្ឌ Championship លទ្ធផល ១-០ យ៉ាងលំបាកដើម្បីដណ្តើមបាន៣ពិន្ទុ ឈរផុតតំបន់គ្រោះថ្នាក់គិតត្រឹមការប្រកួតសប្តាហ៍ទី១០ នេះ។ ១គ្រាប់ស៊ុតដោយ Ruben Neves នៅនាទី៥៦ នៃវគ្គទីពីរសមល្មមជួយឱ្យ Wolver ដឹកនាំដោយលោក Steve Davis នាកីឡដ្ឋាន Molineux រកបានជ័យជម្នះទី២ របស់ខ្លួនក្នុង Premier League រដូវកាល ២០២២-២៣ នេះ។

Man City រងបរាជ័យលើកដំបូងនៃ Premier League រដូវកាលថ្មី ក្រោយចាញ់ ​Liverpool លទ្ធផលដ៏តានតឹង ១-០។ ក្រុមហង្សក្រហមដែលកំពុងជួបវិបត្តិកីឡាកររបួសឆកយក៣ពិន្ទុពីដៃក្រុមការពារតំណែងជើងឯក Man City យ៉ាងលំបាកក្នុងដឹកដី Anfield របស់ខ្លួន ហើយជួយឱ្យ Arsenal មានគម្លាតពិន្ទុពីការតាមប្រដេញពីក្រោយរបស់ Man City ដល់ទៅ៤ពិន្ទុ។ ១គ្រាប់ស៊ុតដោយ Mohamed Salah នៅនាទី៧៦ គ្រប់គ្រាន់បន្តក្តីសង្ឃឹមឱ្យ Liverpool រកបានពិន្ទុស្រោចស្រង់មុខមាត់ និងក្តីសង្ឃឹមតំណែងកំពូលទាំង៤ ជាថ្មី ខណៈបច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ៨។ Erling Haaland និង Kevin de Bruye ខកខានឱកាសសហការគ្នាក្នុងការរកគ្រាប់បាល់។

ការប្រកួតប្រជែងដ៏ខ្លាំងនៃក្រុមទាំងពីរបានបង្កនូវភាពប៉ះទង្គិចគ្នាច្រើននៅលើទីលាន ខណៈធ្វើឱ្យលោក Klopp ជាគ្រូ Liverpool រកពិន័យកាតក្រហមព្រោះមិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលកាត់សេចក្តី និងអាជ្ញាកណ្តាលខ្សែបន្ទាត់ពេលដែល Bernardo Silver ប្រជែងបាល់ប៉ះទង្គិចជាមួយ Salah ប៉ុន្តែគ្មានការពិន័យពីលោក Anthony Taylor ដែលជាអ្នកកាត់សេចក្តីការប្រកួត៕
 

ព័ត៌មានទាក់ទង