អ្នកបើកបរលើផ្លូវល្បឿនលឿន មិនអាចឈប់រថយន្ត ឱ្យលើសពី ៣០នាទីឡើយ 

16/10/2022 5:00 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អ្នកបើកបររថយន្តនៅផ្លូវល្បឿនលឿន មិនអាចឈប់ ឬចតដើម្បីពិនិត្យ ឬជួសជុលរថយន្ត លើសពី ៣០នាទីនោះទេ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ និងកុំឱ្យមានការរំខានចរាចរណ៍ដល់យានយន្តដទៃទៀត។ នៅពេលរថយន្តខូច អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿន តាមរយៈលេខទូរសព្ទបន្ទាន់ ១៣៩៩។

 

 

ផ្លូវល្បឿនលឿន មានប្រវែង ១៨៧.០៥ គីឡូម៉ែត្រ។ ក្នុងករណីរថយន្តអ្នកខូច អ្នកត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព និងត្រូវបើកភ្លើងសញ្ញាអាសន្នហើយដាក់ចំណាំងផ្លាតពណ៍ក្រហម ចម្ងាយយ៉ាងតិច ១០០ម៉ែត្រ ពីក្រោយរថយន្តរបស់អ្នក មិនឱ្យលើសពី ៣០នាទីឡើយ។ នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរ នៅពេលយប់ងងឹត ឬមានភ្លៀង ហើយរថយន្តខូច អ្នកត្រូវ បើកភ្លើងសញ្ញាអាសន្ន និងត្រូវចំណាំងផ្លាតពណ៍ក្រហម ចម្ងាយយ៉ាងតិច ២០០ម៉ែត្រ ពីក្រោយរថយន្តរបស់អ្នក។ ចំណែកឯ មានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្វ ដីហុយ  ដែលមិនអាចមើលឃើញច្បាស់ ក្នុងចម្ងាយប្រហែល ៥០ម៉ែត្រ អ្នកបើកបរមិនត្រូវប្រើល្បឿនលើសពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ និងមិនឃើញច្បាស់ ប្រហែល ចម្ងាយ៣០ម៉ែត្រ អ្នកបើកបរមិនត្រូវប្រើល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

 

យ៉ាងណាមិញ ពេលរថយន្តរបស់អ្នកជួសជុលរួចរាល់ អ្នកត្រូវបើកបរបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ ដោយមិនរំខានដល់ការធ្វើដំណើរអ្នកដទៃ។

 

សូមបញ្ជាក់ថា ការប្រើប្រាស់ផ្លូវល្បឿនលឿន មានការហាមឃាត់ រួមមាន ហាមឈប់ ហាមចត ហាមបត់ត្រឡប់ក្រោយ ហាមឈប់ដាក់មនុស្ស ឬទំនិញឡើងចុះនៅលើគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ លើកលែងតែយានយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ  និងមិនឱ្យឈប់លើសពី៣០នាទីឡើយ៕

 



 

ព័ត៌មានទាក់ទង