បក្សកុម្មុយនីស្តចិន៖ ផលប្រយោជន៍ជាតិ និងនយោបាយផ្ទៃក្នុង ជារឿងអាទិភាពទីមួយ

13/10/2022 11:29 am ភ្នំពេញ


ដោយ៖ ជា ពេជ្រដាឡែន 

បក្សកុម្មុយនីស្តចិន នៅថ្ងៃទី១២ ខែតុលា លើកឡើងថា​ បក្សរបស់ខ្លួនតែងតែចាត់ទុកផលប្រយោជន៍​ជាតិជារឿងសំខាន់ទីមួយ ហើយសមាជិកតែងតែបង្ហាញស្មារតីប្រយុទ្ធក្នុងរយៈពេល៥ឆ្នាំមកនេះ។ បក្សកុម្មុយនីស្តចិនក៏អះអាងថា នយោបាយផ្ទៃក្នុងជាកត្តាអាទិភាព ទីមួយក្នុងការដោះស្រាយ​បញ្ហា​ជាមួយប្រទេសដទៃផងដែរ។



គណៈមជ្ឈិមបក្សក្មុយនីស្តចិន បានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទីប្រាំពីររបស់ខ្លួនដោយ​បាន​លើក​ឡើងអំពីស្នាដៃក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំពេញអង្គបួនថ្ងៃ ជាកិច្ចប្រជុំចុងក្រោយរបស់គណៈមជ្ឈិមបក្សមុនសមាជបក្សឈានចូលមកដល់នៅថ្ងៃទី១៦ ខែតុលា។

«គណបក្សនេះ ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងដាក់នយោបាយផ្ទៃក្នុងជាដំបូង ហើយរក្សា​ភាពអត់ធ្មត់ជាយុទ្ធសាស្ត្រ បង្ហាញស្មារតីប្រយុទ្ធ និងតស៊ូដើម្បីការពារសេចក្តីថ្លៃថ្នូរ និងផល​ប្រយោជន៍​ជាតិ»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍បែបនេះដោយស្រង់សេចក្ដីប្រកាសរបស់កិច្ច។

ក្នុងសេចក្ដីប្រកាសដដែល បក្សកុម្មុយនីស្តចិនក៏រៀបរាប់ពីសមិទ្ធិផលរបស់ខ្លួនក្នុងការគ្រប់គ្រង​យ៉ាង​ល្អ​លើការកាត់បន្ថយហានិភ័យ និងបញ្ហាកើតឡើងពីវិបត្តិនៅអ៊ុយក្រែន ការតស៊ូប្រ​ឆាំងនឹង​កា​រ​បំបែក​ខ្លួន និងការជ្រៀតជ្រែកពីបរទេស និងព្រមទាំងការចាត់វិធានការដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 

ស្របពេលជាមួយគ្នានេះ ចិនក៏បានរិះគន់អ្វីដែលខ្លួនមើលឃើញ​ជាការជ្រៀតជ្រែករបស់​លោក​ខាង​លិចនៅក្នុងកិច្ចការទីក្រុងហុងកុង និងបញ្ហាជាមួយតៃវ៉ាន់ដែលចិនទាមទារការគ្រប់គ្រងផងដែរ។

នាសមាជបក្សដែលរៀបចំ៥ឆ្នាំម្ដង បក្សកុម្មុយនីស្តចិន នឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួន តែលោក ស៊ី ជិនភីង រំពឹងថា នឹងបន្តកាន់អំណាចអគ្គលេខាធិការគណៈមជ្ឈិមបក្សនៅអាណត្តិទី៣ ដែលមានរយៈពេល៥ឆ្នាំទៀត។ បក្សកុម្មុយនីស្តចិន ក៏នឹងកែធម្មនុញ្ញបក្សដើម្បីលើកអំណាចឱ្យលោក ស៊ី ថែមទៀត៕

រូបភាព៖​ កិច្ចប្រជុំគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ រូបថត Xinhua

ព័ត៌មានទាក់ទង