Club Bruges ឡើងវគ្គ១៦ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Champions League

13/10/2022 10:29 am ភ្នំពេញ


ដោយ៖ ទេព ពិទូរ្យ 
Club Bruges, Napoli និង Bayern Munich ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយរកបានពិន្ទុនាំមុខដាច់ក្នុងពូលរៀងខ្លួន។ នេះជាលើកដំបូងរបស់ Club Bruges នៃលីគកំពូលបែលហ្ស៊ិកដែលអាចឡើងទៅវគ្គខ្វែងលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Inter Milan និង Barcelona ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ត្រូវបន្តប្រជែងពិន្ទុគ្នាដើម្បីតំណែងលេខ២ ដើម្បីឡើងទៅវគ្គបន្ត។



គិតមកដល់ពេលនេះ គេរកឃើញ៤ក្រុមហើយរួមមាន Manchester City, Club Bruges, Napoli និង Bayern Munich បានកក់កៅអីទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ការប្រកួត៤លើករៀងខ្លួនក្នុងវគ្គសន្សំពិន្ទុតាមពូល។ 

Club Bruges របស់បែលហ្ស៊ិក បានកៅអី១៦ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្របខណ្ឌអឺរ៉ុប បន្ទាប់ពីស្មើ AT-Madrid ០-០។ Club Bruges មាន១០ពិន្ទុឈរកំពូលតារាងពូល B នាំមុខក្រុមលេខ២ FC Porto ដែលយកឈ្នះ Bayern Leverkusen ៣-០ ចំនួន៤ពិន្ទុ និងដាច់ពិន្ទុ AT-Madrid ដែលឈរលេខ៣ ដល់ទៅ៦ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៤លើក។

ក្នុងពូល B នេះទាំង AT-Madrid ដែលមាន៤ពិន្ទុ និង Leverkusen នៅបាតតារាងមាន៣ពិន្ទុ សុទ្ធតែនៅមានឱកាសប្រជែងកៅអីទៅវគ្គខ្វែង ដ្បិតនៅសល់២ប្រកួតទៀត។

ក្រុមអ៊ីតាលី Napoli បានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយរកបានជ័យជម្នះទាំង៤ប្រកួត ដើម្បីឈរកំពូលតារាងពូល A មាន១២ពិន្ទុ នាំមុខ Liverpool ៣ពិន្ទុ និងនាំមុខក្រុមលេខ៣ Ajax ដាច់៩ពិន្ទុ ខណៈការប្រកួតសល់២លើកប៉ុណ្ណោះ។ ក្នុងពូល A នេះដែរ Liverpool ដែលមាន៩ពិន្ទុក្រោយឈ្នះក្រុមបាតតារាង Rrangers ៧-១ ក៏មានភាគរយខ្ពស់ឡើងទៅវគ្គខ្វែងផងដែរដ្បិតនាំមុខ Ajax ចំនួន៦ពិន្ទុ។

Bayern Munich នៅតែខ្លាំងក្នុងពូល C ដែលពោពេញដោយក្រុមកំពូលៗដូចជា Inter Milan និង Barcelona។ ក្រុមយក្សអាល្លឺម៉ង់នេះ ទទួលបាន១២ពិន្ទុពេញពីការប្រកួត៤លើក នាំមុខដាច់ក្នុងពូលតែម្តង។ ដោយឡែក Inter Milan ស្ថិតនៅចំណាត់ថ្នាក់ទី២មាន៧ពិន្ទុ ក្រោយប្រកួតស្មើ Barcelona ក្នុងលទ្ធផល ៣-៣ នាជំនួបទី៤របស់ពួកគេ។ Barcelona ឈរលេខ៣ មាន៤ពិន្ទុ ប្រឈមមិនអាចឡើងទៅវគ្គបន្ត ដូចរដូវកាលមុន។

សម្រាប់៤ក្រុមនៅពូល D វិញ មានការប្រជែងគ្នាខ្លាំង ក្រោយមានពិន្ទុប្រដេញគ្នា។ Tottenham Hotspure ឡើងទៅឈរកំពូតារាងវិញ ក្រោយឈ្នះ Frankfurt ៣-២ នៅជំនួបទី៤វគ្គចែកពូល ស្របពេល Marseille ក៏បានឡើងទៅលេខ២ បន្ទាប់ឈ្នះ Sporting ២-០។

Spurs មាន៧ពិន្ទុ តាមពីក្រោយដោយ Marseille និង Sporting ដែលមាន៦ពិន្ទុដូចគ្នា ខណៈ Frankfurt នៅបាតតារាងមាន៤ពិន្ទុផងដែរ៕
    
 

ព័ត៌មានទាក់ទង