បេក្ខជនរដ្ឋមន្រ្តីកសិកម្ម លោក ឌិត ទីណា ឆ្លងផុតអចិន្ត្រៃយ៍សភាហើយ

13/10/2022 10:00 am ភ្នំពេញ


ដោយ៖ សារព័ត៌មានថ្មីៗ 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមរយៈកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានអនុម័តយល់ព្រមទទួលយកលោក ឌិត ទីណា ធ្វើជារដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ត្រូវរង់ចាំដំណាក់កាលសំខាន់១ទៀត គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ឲ្យលោកធ្វើជារដ្ឋមន្រ្តីកសិកម្ម។  


សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា រដ្ឋសភា នឹងបើកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១៤ ខែតុលា (ស្អែក)។ ជានីតិវិធី ក្រោយកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោករួច ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យតែងតាំងលោកជារដ្ឋមន្រ្តីកសិកម្ម ហើយលោក នឹងចាប់ផ្តើមចូលកាន់តំណែងជាផ្លូវការ។  


លោក ឌិត ទីណា ជាបេក្ខជនរដ្ឋមន្រ្តីកសិកម្ម (រូបពីគណនីហ្វេសប៊ុករបស់លោក)។ 

ស្ថិតក្នុងវ័យជាង៤០ឆ្នាំស្តើង លោក ឌិត ទីណា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅរដ្ឋសភាសុំឲ្យតែងតាំងលោកជារដ្ឋមន្រ្តីកសិកម្មជំនួសលោក វេង សាខុន ដែលត្រូវបានដកចេញ។ តាមរយៈសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

លោក ឌិត ទីណា គឺជាកូនរបស់លោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល។ បច្ចុប្បន្ន លោក ឌិត ទីណា ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ ក្នុងគណបក្សប្រជាជនកម្ពុជា លោក ឌិត ទីណា ជាសមាជិកគណៈកម្មាធិការកណ្តាល ឯឪពុករបស់លោក ជាសមាជិកម្នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍។ គណៈកម្មាធិការអចិន្ត្រៃយ៍ ជាស្ថាប័នកំពូលរបស់គណបក្សប្រជាជនកម្ពុជា ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ មានសមាជិកត្រឹម៣៥នាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន៕ 

រូបភាព៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យបេក្ខភាពរដ្ឋមន្រ្តីកសិកម្មរបស់លោក ឌិត ទីណា។ រូបពីរដ្ឋសភា

 

ព័ត៌មានទាក់ទង