កម្ពុជា​ បោះឆ្នោតប្រឆាំងរុស្ស៊ីលេបយកទឹកដីអ៊ុយក្រែន

13/10/2022 9:20 am ភ្នំពេញ


ដោយ៖ តន ចាន់រិទ្ធារ៉ា 

តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែតុលា បានបោះឆ្នោតគាំទ្រសេចក្ដីស្នើដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលថ្កោលទោសការលេបយកទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ មហាសន្និបាត ក៏អំពាវនាវឱ្យប្រទេសទាំងអស់កុំទទួលស្គាល់តំបន់ទាំង៤ ដែលរុស្ស៊ីបញ្ចូលជាទឹកដីរបស់ខ្លួនដែរ។


កម្ពុជាស្ថិតក្នុងចំណោមប្រទេស១៤៣ ដែលបោះឆ្នោតគាំទ្រសេចក្ដីស្នើដំណោះស្រាយរបស់មហាសន្និបាតដែលមានចំណងជើងថា ការការពារគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសដែលបោះឆ្នោតប្រឆាំងមានរុស្ស៊ី ស៊ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស។ ចិន និងឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលបោះឆ្នោតអនុបវាទ។



សម្រាប់តំបន់អាស៊ាន ក្រៅពីកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ ក៏បោះឆ្នោតគាំទ្រដែរ។ ថៃ វៀតណាម និងឡាវ បោះឆ្នោតអនុបវាទ។

ដំណោះស្រាយដែលត្រូវបានអនុម័តនេះ មិនមានការចាប់បង្ខំឱ្យអនុវត្តឡើយ។ ដំណោះស្រាយចាត់អះអាងថា តំបន់​ Donetsk, Kherson, Luhansk និង Zaporizhzhia ត្រូវបានគ្រប់គ្រងបណ្ដោះអាសន្នដោយរុស្ស៊ី ដែលជាការបំពានបូរណភាពទឹកដី ឯករាជ្យ និងអធិបតេយ្យអ៊ុយក្រែន។

ការបោះឆ្នោតនៅមហាសន្និបាត ធ្វើឡើងក្រោយការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខជាប់គាំងដោយសាររុស្ស៊ីវ៉េតូ។ ការសម្រេចរបស់ប្រឹក្សាសន្តិសុខ មានអំណាចចាប់បង្ខំឱ្យអនុវត្តបាន៕

រូបភាព៖ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
 

ព័ត៌មានទាក់ទង