ម៉ិកស៊ិក ហាមអ្នកគាំទ្រខ្លួនយករបាំងមុខ «​Lucha libre» ទៅ World Cup ២០២២

13/10/2022 8:29 am ភ្នំពេញ


ដោយ៖ជា យូគៀង 

រដ្ឋាភិបាលម៉ិកស៊ិកថ្ងៃទី១១ ខែតុលា បានណែនាំមិនឱ្យអ្នកគាំទ្រខ្លួនយករបាំងមុខ «​Lucha libre» ដែលប្រើសម្រាប់ការប្រកួតកីឡាចំបាប់ ទៅកាន់ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅកាតា។



លោក Alfonzo Zegbe រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកបានស្នើអ្នកគាំទ្រប្រទេសខ្លួនកុំឱ្យពាក់របាំងមុខ ដែលជានិមិត្តសញ្ញាកីឡាចំបាប់របស់់ម៉ិកស៊ិក ទៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ដើម្បីឱ្យស្របតាមការណែនាំពីគណៈកម្មធិការរៀបចំការប្រកួតរបស់កាតា។  



របាំងមុខដែលត្រូវបានគេស្គាល់ឈ្មោះថា «Lucha Libre» តែងត្រូវបាននិយមប្រើប្រាស់ក្នុងវិស័យកីឡាចំបាប់ បែបបុរាណរបស់ម៉ិកស៊ិក។ របាំងមុខនេះដែរ ក៏ត្រូវបានឃើញអ្នកកីឡាកាសប្រើក្នុងពេលសម្តែងផងដែ។ របាំងមុខ Lucha នេះបានក្លាយជាទីពេញនិយមរបស់អ្នកគាំទ្រម៉ិកស៊ិក ដែលពួកគេតែងតែពាក់ក្នុងការប្រកួតកីឡាបាល់ទាត់នានា រួមទាំងកីឡាអូឡាំពិកផង។

«តាមការសម្រេចចុងក្រោយពីសំណាក់គណៈកម្មាធិការរៀបចំការប្រកួតបញ្ជាក់ថា របាំងមុខកីឡាចំបាប់នឹងមិនអនុញ្ញាតឱ្យប្រើក្នុងការប្រកួត World Cup ឡើយ។ វាសំខាន់ខ្លាំងណាស់ក្នុងការសម្របសម្រួលជាមួយពួកគេ ប្រាប់ពួកគេថាវាគឺជាវប្បធម៍របស់ប្រជាជនម៉ិកស៊ិក ហើយវានឹងអាចទៅរួចដែលថាពួកគេមិននិយាយអ្វីចំពោះរឿងនេះ ឬក៏ពួកគេនិយាយថា​ សូមមេត្តាដោះរបាំងមុខចេញទៅ ដូច្នេះហើយទើបមានការណែនាំកុំឱ្យប្រើរបាំងមុខនេះ។»។ លោក Zegbe បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ ESPN បែបនេះ។

យ៉ាងណាមិញអ្នករៀបចំកម្មវិធី ​World Cup កាតា បានអះអាងប្រាប់ Reuters ថាគ្មាគោលការណ៍ដែលហាមមិនឱ្យពាក់របាំងមុខនៅក្នុងការប្រកួត World Cup ឡើយ ការតម្រូវឱ្យដោះរបាំងមុខគឺគ្រាន់តែធ្វើឡើងនៅពេលត្រូវត្រួតពិនិត្យមុនពេលចូលក្នុងកីឡដ្ឋានប្រកួតប៉ុណ្ណោះ។

បើយោងតាមស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA ម៉ិកស៊ិកនឹងក្លាយជាប្រទេសមួយដែលមានអ្នកគាំទ្រដ៏ច្រើនបំផុតមួយនៅឯការប្រកួត World Cup។ ម៉ិកស៊ិកជាក្រុមស្ថិតនៅក្នុងពូល C ដែលនឹងត្រូវជួបតទល់ជាមួយប៉ូឡូញ, អាហ្សង់ទីន និង អារ៉ាប៊ីសាអូឌីត ដែលការប្រកួតដំបូងត្រូវប៉ះប៉ូឡូញនៅថ្ងៃទី២២ ខែវិច្ឋិកា៕

 

ព័ត៌មានទាក់ទង