ទីភ្នាក់ងារសន្តិសុខរុស្ស៊ី ឃុំខ្លួនជនជាតិអ៊ុយក្រែននិងអាមេនី៣នាក់ ហើយរុស្ស៊ី៥នាក់ជុំវិញការបំផ្ទុះស្ពានភ្ជាប់គ្រីមេ

12/10/2022 6:40 pm ភ្នំពេញ

ដោយ៖ឡាយ ស្រីពេជ្រ 

សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) ប្រកាសនៅថ្ងៃទី១២​ ខែតុលាថាខ្លួនបានឃុំខ្លួនអ្នកនៅពីក្រោយការបំផ្ទុះលើស្ពានភ្ជាប់ពីរុស្ស៊ីទៅតំបន់គ្រីមេ៨នាក់រួមមានពលរដ្ឋរុស្ស៊ី៥នាក់ ព្រមទាំងអ៊ុយក្រែន និងអាមេនី៣នាក់ទៀត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax។



កាលពីចុងសប្តាហ៍មុន ផ្នែកខ្លះនៃស្ពាន Kerch ដែលភ្ជាប់តំបន់គ្រីមេទៅរុស្ស៊ីត្រូវបានបាក់ដោយសារការបំផ្ទុះចេញពីឡានដឹកទំនិញមួយ។ សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី(FSB)អះអាងថា ការបំផ្ទុះនេះត្រូវបានរៀបចំដោយនាយកដ្ឋានចារកិច្ចសំខាន់របស់ក្រសួងការពារជាតិអ៊ុយក្រែន និងប្រធានស្ថាប័ននេះលោក Kyrylo Budanov ។

លើសពីនេះ FSB លើកឡើងថា ឧបករណ៍បំផ្ទុះនោះផ្លាស់ទីពីអ៊ុយក្រែនទៅរុស្ស៊ីតាមរយៈប៊ុលហ្គារី ហ្សកហ្ស៊ី និងអាមេនី។ FSB ខ្លួនព្រមទាំងបានការពារក្រុងមូស្គូ និងក្រុង Bryansk ដែលនៅប៉ែកខាងលិចរុស្ស៊ីពីការវាយប្រហាររបស់អ៊ុយក្រែនទៀតផង។


បើទោះសប្បាយចិត្តនឹងការខូចខាតរបស់ស្ពាន Kerch ដែលបង្អាក់ដល់ការផ្គត់ផ្គង់ដល់យោធារុស្ស៊ីប្រយុទ្ធនៅអ៊ុយក្រែនក៏ដោយ ក្រុងកៀវមិនបានបញ្ជាក់ជាផ្លូវការថាពាក់ព័ន្ធក្នុងការបំផ្ទុះនេះទេ។ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបានច្រានចោលលទ្ធផលស៊ើបអង្កេតរបស់រុស្ស៊ីដោយអះអាងថា វាជារឿងមិនសមហេតុផល។ 

«សកម្មភាពទាំងស្រុងរបស់ FSB និងគណៈកម្មាធិការស៊ើបអង្កេតគឺគ្មានន័យ»។ ទូរទស្សន៍អ៊ុយក្រែន Suspilne ស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Andriy Yusov បែបនេះ។ បើតាមលោក Yusov FSB និងគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីគឺជារចនាសម្ព័ន្ធក្លែងក្លាយដែលបម្រើរបបលោកពូទីន៕ 

ព័ត៌មានទាក់ទង