តុលាការមីយ៉ាន់ម៉ាកាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់គុកថែម៣ឆ្នាំទៀតពីបទអំពើពុករលួយ

12/10/2022 6:18 pm ភ្នំពេញ


ដោយ ឈួន ឈីវអ៊ីង 

តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែតុលា បានកាត់ទោសអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំបន្ថែមទៀតបន្ទាប់ពីលោកស្រីត្រូវបានរកឃើញថា មានពិរុទ្ធពីបទទទួលសំណូកពីអ្នកជំនួញក្នុងស្រុកម្នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Reuters ដែលស្រង់សម្ដីប្រភពដឹងពីសវនាការនេះ។


ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៧ឆ្នាំ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​កាត់ទោសនៅថ្ងៃទី១២ ខែតុលា ដោយ​តុលាការ​ក្នុង​ក្រុង​ណៃពិដោពី​បទ​ប្រព្រឹត្តអំពើ​ពុក​រលួយដោយទទួលសំណូកពីអ្នកជំនួញក្នុងស្រុក។ លោកស្រី​ ស៊ូជី ត្រូវ​បាន​កាត់ទោសចំនួន​ពីរករណី ​ដោយ​ត្រូវដាក់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំបន្ថែមទៀត។

តុលាការមីយ៉ាន់ម៉ាបានសម្រេចថា អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះបានទទួលសំណូកចំនួន៥៥ម៉ឺនដុល្លារពីមហាសេដ្ឋីសំណង់ លោក Maung Waik។ ប្រភពដដែលប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ
លោកស្រី ស៊ូជី បាន​ប្រតិកម្មចំពោះការ​ចោទ​ប្រកាន់​លើ​ខ្លួន​ថាជារឿង​មិន​សម​ហេតុផលឡើយ ហើយ​បាន​បដិសេធ​រាល់សកម្មភាពដែលតុលាការចោទប្រកាន់។
ក្រុម​មេធាវី​របស់លោកស្រី ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​នេះ។ 
បច្ចុប្បន្ន លោកស្រី ស៊ូជី ​កំពុង​​ឃុំ​ខ្លួនដាច់ពីគេនៅ​ក្នុង​ពន្ធនាគារក្រុងណៃពិដោ ហើយ​ការ​កាត់​ទោស​របស់​លោកស្រី ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​អសាធារណៈ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

កន្លងមកលោកស្រី ស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់១៨បទល្មើសរួចទៅហើយដែលមានទាំងបទចោទបន្លំសន្លឹកឆ្នោត បទចោទ៥ករណីជុំវិញការទិញ និងជួលឧទ្ធម្ភាគចក្រ ក៏ដូចជាការនាំចូលខុសច្បាប់ ការកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងបំពានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ជាដើម។ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី បើគិតជារយៈពេលអតិបរមារួមបញ្ចូលគ្នាមានជិត ១៩០ឆ្នាំឯណោះ។ 

ក្រុមអ្នកប្រឆាំងរបបយោធាបាននិយាយថា ការចោទប្រកាន់នេះ មានគោលបំណងរារាំងលោកស្រីមិនឲ្យត្រឡប់មកធ្វើនយោបាយម្តងទៀត ឬមិនឱ្យមានឱកាសប្រឆាំងនឹងការកាន់កាប់អំណាចរបស់យោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០២១។ អ្នក​នាំ​ពាក្យ​របប​យោធារបស់​លោក មីន អ៊ុងឡាំង មិន​បាន​ផ្ដល់​ការ​អត្ថាធិប្បាយ​ទេ​ជុំវិញរឿងនេះ។ យ៉ាងណាមិញ របប​យោធាអះអាងថា តុលាការ​មី​យ៉ាន់​ម៉ា​មាន​ឯករាជ្យភាព ហើយ​អ្នក​ទោស​កំពុង​ទទួល​បាន​ដំណើរការកាត់ក្ដីដ៏​ត្រឹមត្រូវ​៕
 

ព័ត៌មានទាក់ទង