លោក វ៉ាត់ ចំរើន៖ រថយន្តដឹកអត្តពលិក និងប្រតិភូ មានអទិភាពដាច់គេ អំឡុងស៊ីហ្គេម

12/10/2022 10:59 pm ភ្នំពេញ


ដោយ៖ហៀក ឆក

រថយន្តដឹកជញ្ជូនអត្តពលិក និងគណៈប្រតិភូត្រូវមានអទិភាពជាងរថយន្តណាៗទាំងអស់អំឡុងនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣។ នេះជាការអះអាងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី១១ ខែតុលា នាពហុកីឡដ្ឋានជាតិមរតកតេជោ។ 


ដើម្បីពន្លឿន និងការធានាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC រួមជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសម្រេចសាងសង់ផ្លូវ២ខ្សែ។ ខ្សែទី១ ផ្លូវជាតិលេខ៦A គិតចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅចំពហុកីឡដ្ឋានជាតិមរតកតេជោ និងខ្សែទី២ ពីពហុកីឡដ្ឋានជាតិអូឡាំពិក កាត់ចំស្តាតចាស់ កីឡដ្ឋានព្រីនស៍ និងបន្តមកដល់ពហុកីឡដ្ឋានមរតកតេជោ។

ផ្លូវពីរខ្សែខាងលើនេះ ជាចំនុចពិសេសដែលជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅពេលប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ការដឹកជញ្ជូនគឺកម្ពុជាគិតគូរខ្ពស់ចំពោះសុវត្ថិភាពរបស់កីឡាករ-កីឡាការិនី គណៈប្រតិភូក្នុងការធ្វើដំណើរនៅពេលទៅចូលរួមការប្រកួតមិនឱ្យយឺតពេលឡើយ ជាពិសេសគេចពីគ្រោះថ្នាក់ចរាចរណាមួយកើតឡើងជាយថាហេតុ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«ក្នុងពេលស៊ីហ្គេមយើងមិនអាចឱ្យឡានរបស់ស៊ីហ្គេមរត់តែពាសគ្រប់កន្លែងគ្រប់ផ្លូវបានទេ គឺត្រូវបើកបរលើផ្លូវអទិភាព «Sea Games Land»។ «Sea Games Land» គឺផ្តល់អទិភាពសម្រាប់តែឡានដែលពាក់ស្លាកស៊ីហ្គេមដែលដឹកជញ្ជូនកីឡាករ-កីឡាការិនី និងគណៈប្រតិភូ តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ទីតាំងដែលត្រៀមសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងរាជធានីភ្នំពេញរួមមាន សណ្ឋាគារ សុខារ៉េស៊ីដង់ ភ្នំពេញ, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC) ,ស្តាតចាស់, ពហុកីឡដ្ឋានជាតិអូឡាំពិក, ពហុកីឡដ្ឋានជាតិមរតកតេជោ, កីឡដ្ឋានព្រីនស៍(ហ្គ្រែនភ្នំពេញ) និងសណ្ឋាគារណាហ្គាវើលដ៍៕

រូបភាព ៖ លោក វ៉ាត់ ចំរើន(ស្តាំ) ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នាពហុកីឡដ្ឋានមរតកតេជោ។ រូបពី ខៀវ ឆេន 






 

ព័ត៌មានទាក់ទង