លោក ហេង សួរ៖ ត្រីមាសទី៤ ការនាំចេញកាបូប ស្បែកជើង និងសម្លៀកបំពាក់ មានការថយចុះ

12/10/2022 9:59 pm ភ្នំពេញ

ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងត្រីមាសទី៤នេះ ការនាំចេញកាបូប ស្បែកជើង និងសម្លៀកបំពាក់ នៅក្នុងវិស័យកាត់ដេរបានថយចុះ ១០ភាគរយ ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។



បើតាមលោក ហេង សួរ បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឱ្យអតិផរណានៅអឺរ៉ុបកើនឡើងខ្លាំង។ អ្នកនាំពាក្យរូបនេះ បន្ថែមថា អតិផរណានៅអឺរ៉ុបកើនឡើងខ្លាំង ដែលនាំឲ្យការចំណាយរបស់ប្រជាពលរដ្ឋកាន់តែច្រើន ហើយកាត់បន្ថយការប្រើប្រាស់សម្លៀកបំពាក់ និងការបញ្ជាទិញពីម្ចាស់ម៉ាកនានា ។ 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅព្រឹកថ្ងៃទី១២តុលា លោក ហេង សួរ បន្ថែមថា៖« មិនដឹងវិបត្តសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន វាបញ្ចប់នៅថ្ងៃណា។ នេះជាកង្វល់មួយក្នុងការយកចិត្តទុកដាក់ តាមដានទាំងអស់គ្នា​ តើស្ថានភាពនៃវិស័យកាត់ដេរវានឹងទៅជាយ៉ាងម៉េចយើងមិនដឹងនោះទេ។ តែអ្វីដែលយើងបានជួបម្ចាស់ម៉ាកបញ្ជាទិញនៅកម្ពុជា បានប្ដេជ្ញាបន្តបញ្ជាទិញទំនិញពីកម្ពុជាឱ្យបានច្រើនផងដែរ»។

យ៉ាងណាមិញលោក ហេង សួរ ក៏បានអះអាងថា វិស័យកាត់ដេររួមចំណែកច្រើនជាមួយសេដ្ឋកិច្ចកម្ពុជា ដែលបានជួយបង្កើតការងារឱ្យប្រជាពលរដ្ឋប្រមាណ ៨៣ម៉ឺននាក់។ ជាពិសេសបង្កើតការងារដោយប្រយោលដល់អ្នកលក់ដូរ និងការផ្ដល់សេវាដឹកជញ្ជូនផងដែរ។ បើតាមលោក ហេង សួរ មនុស្សជិត ២លាននាក់ បានទទួលផលពីវិស័យកាត់ដេរនេះ។ 

បច្ចុប្បន្នពលករដែលកំពុងធ្វើការងារតាមបណ្ដាប្រទេសផ្សេងៗ ជាង១លាន ៣សែននាក់ ។ បើតាមការព្យាករ ពួកគេបានផ្ទេរប្រាក់ឱ្យក្រុមគ្រួសារមានចំនួន ២៧០០លានដុល្លារ ។ នេះបើតាមលោក ហេង សួរ៕


រូបភាព៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

ព័ត៌មានទាក់ទង