សមាជិកសភាកម្ពុជានិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅរវ៉ាន់ដា

12/10/2022 10:29 pm ភ្នំពេញ


ដោយ៖ ថ្មីៗ 

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោក សួស យ៉ារ៉ា និងគណៈប្រតិភូសភាអ៊ុយក្រែន ដែលដឹកនាំដោយលោក អូលេកសាន ក័រនីយ៉េនកូ (Oleksandr Korniyenko) បានជួបពិភាក្សាការងារជាមួយគ្នា ក្នុងប្រទេសរវ៉ាន់ដា (Rwanda) ជាប្រទេស១ ស្ថិតក្នុងទ្វីបអាហ្រ្វិកកណ្តាល។
ជំនួបនេះ កើតឡើង ក្នុងឱកាសដែលភាគីទាំង២ ទៅចូលរួមកិច្ចប្រជុំសហភាពអន្តរជាតិលើកទី១៤៥ នៅប្រទេសរវ៉ាន់ដា។



លោក អូលេកសាន ក័រនីយ៉េនកូ ដែលជាអនុប្រធានទី១នៃសភាអ៊ុយក្រែន បានបង្ហោះព័ត៌មានអំពីជំនួបនេះលើបណ្តាញធ្វីតធឺ (Twitter) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។​​ តាមរយៈសារលើបណ្តាញធ្វីតធឺ លោក អូលេកសាន ក័រនីយ៉េនកូ បានថ្លែងអំណរគុណដល់កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ ចំពោះការអញ្ជើញអ៊ុយក្រែន ឲ្យចូលរួមធ្វើការជាមួយអង្គការអន្តរសភា​អាស៊ាន (AIPA)។ 

អនុប្រធានទី១នៃសភាអ៊ុយក្រែនរូបនេះ សរសេរដូច្នេះថា៖«បច្ចុប្បន្ន យើង កំពុងធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទាំងកិច្ចសហប្រតិបត្តិការនៃអន្តរសភា ទាំងកិច្ចចរចានយោបាយ។ បញ្ហាសុវត្ថិភាពចំណីអាហារ និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកទៅពិភាក្សាជាមួយគណៈប្រតិរដ្ឋសភាកម្ពុជាផងដែរ ព្រោះគណៈប្រតិរដ្ឋសភាកម្ពុជា នឹងអាចជួយឲ្យពាណិជ្ជកម្មអ៊ុយក្រែន ចូលទៅទីផ្សារកម្ពុជា»។ 

គួររម្លឹកថា កម្ពុជា ជាប្រទេស១ ដែលចូលរួមជាមួយប្រទេសជាច្រើនដទៃទៀត ក្នុងការបោះឆ្នោតនៅអង្គការសងហប្រជាជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ 

រាប់ពីស្តាំដៃទៅ៖ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភាកម្ពុជា និងលោក អូលេកសាន ក័រនីយ៉េនកូ អនុប្រធានទី១នៃសភាអ៊ុយក្រែន ឈរនៅស្តាំដៃលោក សួស យ៉ារ៉ា រួមទាំងគណៈប្រតិភូសភាប្រទេសទាំង២ បានថតជាមួយគ្នា ពេលជួបពិភាក្សាគ្នា ក្នុងប្រទេសរវ៉ាន់ដា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ រូបពីធ្វីតធឺរបស់លោក អូលេកសាន ក័រនីយ៉េនកូ

 

ព័ត៌មានទាក់ទង