ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់អង់គ្លេស ព្រមានពីឥទ្ធិពលបច្ចេកវិទ្យាចិន តែចិនច្រានចោល

12/10/2022 9:29 pm ភ្នំពេញ


ដោយ ឈួន ឈីវអ៊ីង

ឥទ្ធិពលផ្នែកបច្ចេកវិទ្យារបស់ចិនដែលកំពុងរីកលូតលាស់យ៉ាងលឿន ក្លាយជាបញ្ហាបន្ទាន់កាន់តែខ្លាំង សម្រាប់បណ្តាប្រទេសលោកខាងលិច ដែលត្រូវតែធ្វើសកម្មភាពដើម្បីការពារតម្លៃ និងឥទ្ធិពលខ្លួន។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (GCHQ) របស់អង់គ្លេសបានព្រមានបែបនេះនៅថ្ងៃទី១១ ខែតុលា។



នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកវិភាគផ្នែកការពារជាតិ RUSI នៅក្រុងឡុងដ៍ លោក Jeremy Fleming ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស បានសង្កត់ធ្ងន់លើសន្ទុះរីកចម្រើនយ៉ាងលឿននៃវិស័យបច្ចេកវិទ្យារបស់ចិន ដែលកំពុងក្លាយជាបញ្ហាបន្ទាន់គួរគិតពិចារណារ។ លោក Fleming អះអាងថា វិស័យបច្ចេកវិទ្យាចិននឹងគំរាមកំហែងដល់តម្លៃ ក៏ដូចជាឥទ្ធិពលរបស់បណ្ដាប្រទេសលោកខាងលិច។

«បច្ចេកវិទ្យាមិនគ្រាន់តែសម្រាប់ផ្ដល់ឱកាស សម្រាប់ការប្រកួតប្រជែង និងកិច្ចសហការប៉ុណ្ណោះទេ វាបានក្លាយជាសមរភូមិសម្រាប់ការគ្រប់គ្រង តម្លៃ និងឥទ្ធិពលផងដែរ»។ លោក Fleming លើកឡើងបែបនេះ។ ប្រធានទីភ្នាក់ងារស៊ើបការណ៍របស់អង់គ្លេសបន្ថែមថា ចិនព្យាយាមស្វែងរកភាពលេចធ្លោនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជាការរុករកតាមផ្កាយរណប ជាមួយនឹងប្រព័ន្ធ BeiDou របស់ខ្លួន និងការបង្កើតរូបិយប័ណ្ណឌីជីថល «ប្រាក់យ័នឌីជីថល» ថែមទៀត។

លោក Fleming និយាយ​ថា ថ្នាក់​ដឹក​នាំ​ចិន ​មើល​ឃើញ​ការ​រីក​ចម្រើនផ្នែកបច្ចេកវិទ្យាជា​ឧបករណ៍ផ្ដល់​អត្ថប្រយោជន៍​តាម​រយៈ​ការជួយ​គ្រប់​គ្រង​ទីផ្សារ​របស់​ពួក​គេ និង​ប្រជា​ជន​របស់​ពួក​គេ ហើយចិន​មើល​ឃើញ​ប្រទេស​នានា​ជា​សត្រូវ ឬជា​អតិថិជន​ដ៏​មាន​សក្តានុពល ដែល​អាចគំរាម បង្ខិតបង្ខំ ឬបញ្ចុះបញ្ចូលទៀតផង។

ហេតុនេះ ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតរូបនេះបានបានជំរុញឱ្យបណ្ដាប្រទេសលោកខាងលិចធ្វើសកម្មភាព និងវិនិយោគលើវិស័យបច្ចេកវិទ្យាជំនាន់ក្រោយឱ្យបានខ្លាំងក្លាដែរ។

បើតាមទីភ្នាក់ងាព័ត៌មាន AFP លោក Fleming ព្រមានបណ្ដាប្រទេសលោកខាងលិចថា នៅពេលដែលចិនពង្រីកឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗ និងដាក់បច្ចេកវិទ្យារបស់ខ្លួនឱ្យប្រើជាសាកល ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍនោះ បណ្តាប្រទេសលោកខាងលិចត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ដំណោះស្រាយដែលអាចអនុវត្តប្រកបដោយប្រសិទ្ធភាព មានតម្លៃសមរម្យ និងដំណោះស្រាយដែលគាំទ្រដោយមូលនិធិអន្តរជាតិ ឬការវិនិយោគ។

យ៉ាងណាមិញ ទីក្រុងប៉េកាំងបានប្រតិកម្ម និងច្រានចោលដាច់អហង្ការចំពោះការលើកឡើងរបស់លោក Fleming។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោកស្រី Mao Ning បាន​និយាយ​ថា​ ការ​អះអាង​របស់លោក Fleming គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​ទេ ព្រោះចិនអភិវឌ្ឍហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីជួយប្រជាជនចិនឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ លោកស្រី Mao បន្ថែមថាចិន​មិន​កំណត់​គោលដៅ​ចំពោះអ្នកណា​ម្នាក់​ឡើយ ហើយ​​មិន​បង្កើត​ជា​ការ​គំរាម​កំហែងទេ៕ 

លោក Jeremy Fleming នាយកទីភ្នាក់ងារស៊ើបការណ៍អង់គ្លេស។ រូបថត AFP
 

ព័ត៌មានទាក់ទង