Thmey Thmey 25
កម្ពុជាបានប្រាក់ជាង ១៤លានដុល្លារ ពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលលើកដំបូងរបស់ខ្លួន
12/10/2022 8:59 pm ភ្នំពេញ ដោយ៖ អ៊ូ សុខមាន

កម្ពុជា ទទួលបានប្រាក់ប្រមាណ១៤លានដុល្លារអាម៉េរិក ពីការលក់ប្រេង​ឆៅទាំងជិត៣០ម៉ឺនបារ៉ែលរបស់ខ្លួន ដែល​កប៉ាល់​ផ្ទុក​ប្រេង MT Strovolos បាន​លួច​ដឹក​ចេញពី​កម្ពុជា​កាលពី​ឆ្នាំ២០២១។ លោក ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ​ និងថាមពល បានបញ្ជាក់ថា ចំនួនថវិកានេះ​គឺស្មើនឹង៧០ភាគរយនៃចំណូលពីការលក់ប្រេងក្រោយទូទាត់ចំណាយរួច។

 
ប្រេងឆៅ​របស់​កម្ពុជា​ដែល​ផលិត​បាន​ចំនួន ២៩០ ២៥៤ប៉ារ៉ែលកន្លងមក គឺ​មិនមាន​ការបាត់បង់​ទេ​។ លោក ម៉េង ស័ក្តធារ៉ា បានអះអាងបែបនេះ​នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលថ្ងៃទី១១តុលា ឆ្នាំ២០២២​ ក្រោយមានការប្តឹងទាមទារតាមផ្លូវច្បាប់អស់រយៈពេលជាងមួយឆ្នាំ។  លោក បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « ការតស៊ូ​តាមផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ រួមទាំង​ការចរចា​ពាណិជ្ជកម្ម​ដ៏​ស្វិតស្វាញ គឺ​​រក្សា​​បាន​នូវ​កម្មសិទ្ធិ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​យ៉ាង​ពេញលេញ​ក្នុង​នាម​ជា​ម្ចាស់​ធនធាន​នេះ​»​។
 
បើតាមលោក ម៉េង ស័ក្តធារ៉ា ក្នុងចំណោមប្រេងឆៅសរុបរបស់កម្ពុជាដែលនាវឹកកប៉ាល់ MT Strovolos បានលួចដឹកចេញពីដែនទឹកកម្ពុជាកន្លងមក គឺមានចំនួន២៨០ ៦៥៦ប៉ារែល ដែលមានគុណភាពតាមលក្ខណៈបចច្ចេកទេសត្រឹមត្រូវ។ ប្រេងទាំងនេះ ត្រូវបានប្រគល់មកឲ្យកម្ពុជាវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមកិច្ចព្រមព្រៀងជាសះនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្របតាមគោលការណ៍នៃច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ លោក បានបញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២។​
 
ប្រេងឆៅទាំងនោះ កម្ពុជា​លក់បានក្នុងទំហំទឹកប្រាក់​ជាង២៥លានដុល្លារ​។ ប្រាក់បានពី​លក់ប្រេងនេះ ​ត្រូវ​បានយកទៅកាត់កង​ថ្លៃឈ្នួល​ទីផ្សារ និង​ការបញ្ចុះ​ថ្លៃ​តាម​គុណភាព​ប្រេង១១,៤៥ដុល្លារ​ក្នុងមួយបារ៉ែល ស្មើនឹង​ជាង៣លាន​ដុល្លារ​ រួមទាំងកាត់ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង១,៧លានដុល្លារ ផងដែរ។​ នេះយោងតាមលោក ម៉េង ស័ក្តធារ៉ា។​

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលរូបនេះ​​បានបញ្ជាក់បន្ថែមថា៖ «ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធ មានជិត២០,៣លានដុល្លារ។ ចំណែកភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០ភាគរយនៃចំណូលលក់នៅសល់នេះ គឺស្មើនឹង ១៤ ២០៥ ៦១៦.២៦ដុល្លារ»។​
 
ក្រៅពីចំណែកសាច់ប្រាក់ពីការលក់ប្រេងឆៅខាងលើនេះ  ភាគីកម្ពុជាក៏ទទួលបានចំណូល៥លានដុល្លារទៀត ពីការរឹបអូសប្រាក់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ មុនពេលប្រកាសក្ស័យធន ផងដែរ។
 
ជាមួយគ្នានេះ លោក ម៉េង ស័ក្តធារ៉ា បានអះអាងថា ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ លោកបានបន្តរៀបរាប់យ៉ាងដូច្នេះ៖ « ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេងដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ដែលមានជាង១០ម៉ឺនបារ៉ែលទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វមA [ប្លុកA] នេះបន្តទៀត»។​
 
សូមរំឭកថា ប្រេងឆៅរបស់កម្ពុជាជិត៣០ម៉ឺនបារ៉ែលនេះ ត្រូវបានក្រុមហ៊ុនMT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីយប់ថ្ងៃទី៤មិថុនា ឆ្នាំ២០២១។ ការលួចដឹកប្រេងរបស់កម្ពុជានេះ ភាគីក្រុមហ៊ុននាវាដឹកប្រេង បានអះអាងថា ដោយសារតែKrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកA របស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន់៕ 
 

រូបភាព៖ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាមួយនឹងស្ថានណីយ៍បូមប្រេងឆៅនៅប្លុកA ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy កន្លងមក។
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com