បាងកកប៉ុស្តិ៍៖ លោក ពូទីន យល់ព្រមចូលរួមកិច្ចប្រជុំកំពូល APEC នៅថៃ

12/10/2022 8:29 pm ភ្នំពេញ

ដោយ៖ ហ៊ួយ ស៊ីវលី 

ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន យល់ព្រមចូលរួមក្នុងកិច្ចប្រជុំប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)ឆ្នាំ២០២២។ កាសែតបាងកកប៉ុស្តិ៍ស្រង់សម្ដីមន្ត្រីសន្តិសុខថៃបែបនេះ ស្របពេលដែលមេដឹកនាំអាម៉េរិកនឹងបញ្ជូនតំណាងឱ្យចូលរួម រីឯចិនកំពុងរង់ចាំការបញ្ជាក់ពីវត្តមានរបស់ប្រធានាធិបតី ស៊ី ជិនភីង។



កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅថៃពីថ្ងៃទី១៨-១៩ ខែវិច្ឆិកាខាងមុខ។ 

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat នៅថ្ងៃទី១១ ខែតុលាបង្ហោះសារនៅក្នុងបណ្តាញសង្គម Line ថា មកទល់ពេលនេះមានសមាជិកAPEC ចំនួន៩ប្រទេសហើយបានឆ្លើយតបយល់ព្រមចូលរួមក្នុងកិច្ចប្រជុំនេះ។ ប៉ុន្តែ លោកបដិសេធបញ្ជាក់ឈ្មោះមេដឹកនាំប្រទេសទាំងនោះ។ លើសពីនេះ កិច្ចប្រជុំនេះនឹងមានមេដឹកនាំ២ទៅ៣ប្រទេសទៀតចូលរួមជាភ្ញៀវកិត្តិយសរបស់ថៃ។ 

ទាក់ទងនឹងការបញ្ជាក់វត្តមាននេះ អាម៉េរិកនឹងបញ្ជូនតំណាងចូលរួម ខណៈលោកប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នឹងអវត្តមានដោយសារជាប់ការចៅស្រីរបស់លោក។ ចំណែកវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង កំពុងរង់ចាំការបញ្ជាក់ចុងក្រោយពីក្រសួងការបរទេសចិន។ នេះបើតាមកាសែតបាងកកបុស្តិ៍។​

រីឯប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមនឹងការអញ្ចើញរបស់ថៃក្នុងការចូលរួមកិច្ចប្រជុំ APEC។ ប្រភពព័ត៌មានដដែលស្រង់មន្ត្រីសន្តិសុខថៃបែបនេះក្នុងការផ្សាយនៅថ្ងៃទី១២ ខែតុលា។ 

សូមបញ្ជាក់ថា វត្តមានចូលរួមកិច្ចប្រជុំAPECឆ្នាំ២០២២លើកនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី២ នៅថៃសម្រាប់លោក ពូទីន​ ដោយសារតែលោកបានទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះនៅថៃម្តងរួចទៅហើយកាលពីឆ្នាំ២០០៣។ រុស្សីចូលជាសមាជិកAPEC នៅឆ្នាំ១៩៩៨។

ជុំវិញរឿងសន្តិសុខចំពោះកិច្ចប្រជុំខាងមុខ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃលោកឧត្តមសេនីយ៍ Charlermpol Srisawasdi និយាយថា ស្ថានភាពសន្តិសុខស្ថិតក្រោមការគ្រប់គ្រង និងមិនមានសញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ។ កងកម្លាំងប្រដាប់អាវុធ និងប៉ូលិសថៃ នឹងរួមគ្នាធានាសន្តិសុខជាអតិបរមាសម្រាប់មេដឹកនាំបរទេស និងអ្នកចូលរួមក្នុងកិច្ចប្រជុំ APEC៕

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
 

ព័ត៌មានទាក់ទង