រុស្ស៊ីបើកចំហរសម្រាប់ការចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន តែអាម៉េរិកថារុស្ស៊ីគ្រាន់តែសម្តែងប៉ុណ្ណោះ

12/10/2022 7:30 pm ភ្នំពេញ


ដោយ៖ឡាយ ស្រីពេជ្រ 

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី១១ ខែតុលា បញ្ជាក់ថា ក្រុងមូស្គូបើកចំហរង់ចាំកិច្ចចរចាជាមួយលោកខាងលិចដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតបថា នោះគ្រាន់តែជាពាក្យសម្តីសម្តែងរបស់ក្រុងមូស្គូប៉ុណ្ណោះ ពីព្រោះកងទ័ពរុស្ស៊ីបន្តវាយប្រហារទីក្រុងរបស់អ៊ុយក្រែនជាច្រើន។



កិច្ចចរចាបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីជាប់គាំងតាំងពីចុងខែមីនាមកម្ល៉េះដែលគ្មានអ្វីជាផ្លែផ្កាឡើយ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថែមទាំងច្រានចោលកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្រោយការលេបទឹកដីអ៊ុយក្រែនជាង១៥ភាគរយកាលពីចុងខែកញ្ញា។ 

ថ្លែងក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍រដ្ឋថ្ងៃទី១១​ ខែតុលា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ និយាយថា រុស្ស៊ីមានឆន្ទៈចូលរួមជាមួយអាម៉េរិក ឬតួកគីពិភាក្សាលើមធ្យោបាយបញ្ចប់សង្រ្គាម។ បើតាមលោក ឡាវរ៉ូវ ការណ៍ដែលអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby ថា ក្រុងមូស្គូច្រានចោលកិច្ចពិភាក្សាបើកចំហរបស់ក្រុងវ៉ាស៊ីនតោន ជារឿងកុហក ពីព្រោះខ្លួនមិនទាន់ទទួលបានសំណើច្បាស់លាស់ណាមួយនោះទេ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price ថ្លែងអំឡុងសន្និសីទព័ត៌មានថ្ងៃដដែលថា ក្រុងវ៉ាស៊ីនតោនមានទំនុកចិត្តតិចណាស់ដែលសំណើចរចារបស់រុស្ស៊ីអាចយកជាការបាន ពីព្រោះត្រូវបានលើកឡើងតែប៉ុន្មានម៉ោងក្រោយមីស៊ីលរុស្ស៊ីប្រហារលើក្រុងអ៊ុយក្រែនប៉ុណ្ណោះ។ នៅដើមសប្តាហ៍នេះ ក្រុងមូស្គូបន្តបាញ់មីស៊ីលវាយប្រហារក្រុងអ៊ុយក្រែនជាថ្មីដែលបណ្តាលឱ្យជនស៊ីវិលយ៉ាងតិច១២នាក់បាត់បង់ជីវិត និងជាង១០០នាក់រងរបួស។

« យើងឃើញថានេះជាការសម្តែង។ យើងមិនឃើញថានេះជាសំណើយកជាការបាន និងក្នុងន័យស្ថាបនាដើម្បីចូលរួមក្នុងកិច្ចសន្ទនា និងការទូតដែលចាំបាច់ជាដាច់ខាតសម្រាប់បញ្ចប់សង្រ្គាមឈ្លានពានដ៏ឃោរឃៅនេះទេ»។ លោក Price លើកឡើងបែបនេះដោយបន្ថែមថា ការបញ្ចប់សង្រ្គាមនេះត្រូវតែជាការពិភាក្សារវាងក្រុងកៀវ និងក្រុងមូស្គូ។ 

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកដដែល ប្រសិនបើរុស្ស៊ីចង់បញ្ជាក់ថាពិតជាប្រាកដអំពីកិច្ចសន្ទនា និងការទូត ជំហានដំបូងដ៏ល្អគួរតែបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅជាជាងសម្តីទទេគ្មានន័យ។ 
លើសពីនេះ ប្រមុខការទូតរុស្ស៊ីអះអាងទៀតថា រុស្ស៊ីនឹងមិនច្រានចោលជំនួបរវាងប្រធានាធិបតីអាម៉េរិក ចូ​ បៃដិន និងសមភាគី វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅឥណ្ឌូណេស៊ីនោះទេ។ ក្រុងមូស្គូនឹងពិចារណាលើសំណើ ប្រសិនបើខ្លួនទទួលបាន។ 

ពាក់ព័ន្ធនឹងលទ្ធភាពដែលតួកគីអាចធ្វើជាម្ចាស់ផ្ទះបើកកិច្ចពិភាក្សារវាងរុស្ស៊ី និងអាម៉េរិកវិញ លោក ឡាវរ៉ូវ លើកឡើងថាក្រុងមូស្គូនឹងស្តាប់រាល់យោបល់ ប៉ុន្តែមិនអាចធានាមុនថា វានឹងចេញជាលទ្ធផលទេ៕






 
 

ព័ត៌មានទាក់ទង