អ្នកគាំទ្រជិត៦ម៉ឺននាក់ នឹងចូលរួមពិធីបើក-បិទកីឡាជាតិលើកទី៣

12/10/2022 7:00 pm ភ្នំពេញ

ដោយ៖ ហៀក ឆក

កម្មពិធីបើក-បិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានអ្នកចូលរួមជិត៦ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីលោក ហឹម យ៉ាន ប្រធានគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី១១ ខែតុលា នាពហុកីឡដ្ឋានជាតិមរតកតេជោ។



ក្នុងចំណោមអ្នកចូលរួមពិធីបើក-បិទកីឡាជាតិលើកទី៣ ទាំងជិត៦ម៉ឺននាក់នោះ រួមមានសមាជិករាជរដ្ឋាភិបាល ១៨០នាក់,​ សមាជិករដ្ឋសភា ១២០នាក់, សមាជិកព្រឹទ្ធសភា ៦៥នាក់, ភ្ញៀវស្ថានទូត ៣២នាក់, ក្រសួងមហាផ្ទៃ ៣០០០នាក់, ក្រសួងការពារជាតិ ៣០០០នាក់, បណ្តាក្រសួងស្ថាប័ន ១១២០នាក់, គណៈអភិបាលក្រុមប្រឹក្សាថ្នាក់រាជធានី-ខេត្ត ២៥០នាក់, ថ្នាក់មន្រ្តីរាជការ ១២៥នាក់, កងកម្លាំង និងមហាជនតាមខណ្ឌក្នុងក្រុងភ្នំពេញ ១៥០០០នាក់។

សម្រាប់គ្រឹះស្ថានឧត្តមសិក្សាមានសិស្ស-និស្សិតចូលរួម ៦៧០០នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា ៣៥០០នាក់, កាយឬទ្ធស្ម័គ្រចិត្ត ៥០០នាក់, យុវជនកាកបាទក្រហម ៥០០។ សរុបរួម ៣៤០៩២នាក់ ប៉ុន្តែបើតាមការគ្រោងចំនួនចូលរួមគឺមានរហូតដល់ទៅ ៥៨០០០នាក់។

ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នឹងប្រារព្ធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន៣៨ ប្រភេទកីឡា បូករួមទាំងប៉ារ៉ាឡាំពិក៧ប្រភេទកីឡាដែលជាប្រភេទកីឡាគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣។
 
ប្រភេទកីឡាចំនួន៣៨ រួមមាន៖ អត្តពលកម្ម ,ហែលទឹក, វាយសី, បាល់បោះ, ប្រដាល់សកល, ប្រដាល់គុនខ្មែរ, បាល់ទាត់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ ITF, វាយកូនបាល់, បាល់ទះ, ប៉េតង់, ល្បុក្កតោ, កាយសម្ព័ន្ធ, វ៉ូវីណាម, យូដូ, ការ៉ាតេ,ទោចក្រយាន្ត, ទ្រីយ៉ាត្លុង, ប៊ីយ៉ា និងស្នូកឃ័រ, សូហ្វតិនីស, សីដក់, ម៉ូតូទឹក, អុកចត្រង្គ, រាំ, វូស៊ូ, ឃីកបុកស៊ីង, កាយវប្បកម្ម, ហុកគី, គុនដាវ, ជឺជីតស៊ូ, ទូកប្រពៃណី, វាយកូនគោល, ទូកក្តោង, លើកទម្ងន់, គ្រិកឃីក។

ការប្រកួតនឹងធ្វើនៅតាម៥ រាជធានី-ខេត្តរួមមាន​ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប, ខេត្តសៀមរាប និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-៣១ ខែវិច្ឆិកា ឆ្នាំ២០២២៕

រូបភាព៖ លោក ហឹម យ៉ាន ប្រធានគណៈកម្មាធិការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងការរៀបចំពិធីបើក-បិទកីឡាជាតិលើកទី៣។ រូបពី ខៀវ ឆេន

ព័ត៌មានទាក់ទង