UCL ៖ Barca និង Atletico ត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងពិន្ទុទៅវគ្គ១៦ក្រុម

12/10/2022 5:40 pm ភ្នំពេញ

ដោយ៖ជា យូគៀង

ក្រុមអេស្ប៉ាញ Barcelona និង Atletico Madrid ត្រូវការឈ្នះរៀងខ្លួនក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល UEFA Champions League ដើម្បីរក្សាឱកាសប្រជែងពិន្ទុឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ Barcelona ត្រូវទទួល ​Inter Milan វេលាម៉ោង ២យប់ ចំណែក ​Atletico Madrid ស្វាគមន៍ ​Club Brugge វេលាម៉ោង ១១:៤៥យប់ ថ្ងៃទី១២ ខែតុលា។


 
ក្រុម Barcelona ស្ថិតនៅលេខ៣ ពូល C ខណៈ Atletico Madrid លេខ៤ ពូល B ជាក្រុមធ្លាក់ក្នុងសម្ពាធខ្លាំងក្រោយឆ្លងកាត់៣ប្រកួតកន្លងមកនេះនៃពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League វគ្គសន្សំពិន្ទុ។ ​រាត្រីថ្ងៃទី១២ ខែតុលា Barcelona ត្រូវទទួល ​Inter Milan វេលាម៉ោង ២យប់ ចំណែក ​Atletico Madrid ស្វាគមន៍ ​Club Brugge វេលាម៉ោង ១១:៤៥យប់។

ឈរនៅលំដាប់លេខ៣ ពូល C មានត្រឹម៣ពិន្ទុក្នុងដៃ Barca រងសម្ពាធខ្លាំងដែលមិនអាចឆ្លងផុតវគ្គចែកពូលសាជាថ្មី។ ក្រុមយក្សអេស្ប៉ាញ ដែលធ្លាក់ទៅលេង Europa League រដូវកាលមុន ត្រូវបើកទ្វារកីឡដ្ឋាន Spotify Camp Nou ទទួល Inter Milan ក្រុមខ្លាំងមកពីអ៊ីតាលីសម្រាប់ជំនួបលើកទី៤។ កាលពីជំនួបលើកទី៣ ក្នុងពូល C នេះ Inter បានយកឈ្នះ Barca នៅកីឡដ្ឋាន San Siro  ក្នុងលទ្ធផល ១-០។ 

ដោយសារប្រកួតទី៤  នេះ Inter ត្រូវធ្វើដំណើរទៅទឹកដីអេស្ប៉ាញរបស់ ដូច្នេះ Barca ដែលជាក្រុមខ្លាំងនៅតំបន់ Catalonia មានប្រៀបជាង ក្នុងការដណ្តើមយក៣ពិន្ទុ។ Barca បរាជ័យត្រឹមតែ៣លើកប៉ុណ្ណោះ ពីការប្រកួតចំនួន ៤៤លើកក្នុងទឹកដីរបស់ពួកគេក្នុង Champions League ចំណែក Inter Milan ៧ប្រកួតដែលធ្វើដំណើរទៅទឹកដីអេស្ប៉ាញចាប់តាំងពីឆ្នាំ ២០០៤មក គឺមិនដែលយកបានជ័យជម្នះឡើយ ហើយក្នុងនោះក៏ចាញ់ Barca ឆ្នាំ ២០១៨-១៩ និង ២០១៩-២០។

ក្រុមដែលមកពីអេស្ប៉ាញមួយទៀត Atletico Madrid ក៏ជាក្រុមស្ថិតក្នុងសម្ពាធដូចគ្នា ដែលបច្ចុប្បន្នក្រុមដឹកនាំដោយលោក Diego Simeone មួយនេះកំពុងស្ថិតនៅចំណាត់ថ្នាក់បាតតារាងនៃពូល B ខណៈការប្រកួតប្រជែងជាមួយក្រុមស្ថិតក្នុងពូលនេះដូចជា Club Brugge កំពុងមានទម្រង់លេងល្អខ្លាំង FC Porto ក្រុមខ្លាំងប្រចាំព័រទុយហ្គាល់ និង Bayer Leverkusen ក្រុមខ្លាំងមកពីអាល្លឺម៉ង់។

ឆ្លងកាត់៣ប្រកួត Atletico Madrid ឈ្នះត្រឹម១ប្រកួតប៉ុណ្ណោះ ដោយឈ្នះលើ FC Porto លទ្ធផល ២-១ ប៉ុន្តែ Atletico បែរជាប្រកួតចាញ់ជាបន្តបន្ទាប់ទៅវិញ ដោយចាញ់ Leverkusen ២-០ និងចាញ់ Club Brugge ២-០។ ក្រុមលោក Diego Simeone កំពុងត្រូវការពិន្ទុខ្លាំងបំផុតដើម្បីប្រជែងតំណែងល្អក្នុងពូល បើទោះបីជា FC Porto និង Leverkusen ជាក្រុមមានពិន្ទុដូចគ្នាក្តី។ 

ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃនៃជំនួបពានរង្វាន់ Champions League៖
SSC Napoli ទទួល Ajax Amsterdam និង Rangers ទទួល Liverpool ជំនួបពូល A
Bayer Leverkusen ទទួល FC Porto ពូល B
Bayern Munich ទទួល Viktoria Plzen ពូល C 
Sporting CP ទទួល Marseille និង Tottenham hotspur ទទួល Eintracht Frankfurt ពូល D៕





 

ព័ត៌មានទាក់ទង