ទោះគេនិយមប្រើកន្ទេលជ័រច្រើន តែអ្នកស្រី ឈិន សំនៀង នៅតែបន្តត្បាញកន្ទេលកក់លក់

30/10/2022 3:00 pm បាត់ដំបង

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អ្នកស្រី ឈិន សំនៀង ជាសិប្បករត្បាញកន្ទេល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ របរនេះបានចិញ្ចឹមគ្រួសារអ្នកស្រី សំនៀង ជាង៣ឆ្នាំហើយ។ តែបច្ចុប្បន្ន កន្ទេលកក់មិនសូវមានទីផ្សារប៉ុន្មានទេ ព្រោះគេងាកទៅប្រើកន្ទេលជ័រជំនួសវិញ។ យ៉ាងណាមិញ អ្នកស្រី ឈិន សំនៀង មិនបោះបង់របរនេះឡើយ ព្រោះចង់រក្សារបរដែលបានបន្សល់ពីម្ដាយ និងជីដូន។



អ្នកស្រី ឈិន សំនៀង កើតក្នុងគ្រួសារមួយ ដែលប្រកបរបរត្បាញកន្ទេលកក់លក់។ តាំងពីក្មេងអ្នកស្រីបានឃើញសកម្មភាពម្ដាយ និងជីដូន រកកក់ និងត្បាញកន្ទេលជារៀងរាលថ្ងៃ។ មិនខុសពីម្ដាយ និងជីដូន អ្នកស្រី សំនៀង និងគ្រួសារក៏បានប្រកបរបរត្បាញកន្ទេលកក់នេះដែរ។ បើធៀបនឹងជំនាន់ម្ដាយ និងជីដូន កន្ទេលកក់ពេញនិយមណាស់នាពេលនោះ ប៉ុន្តែបច្ចុប្បន្នប្រជាជនខ្មែរមួយចំនួនធំ បានប្រើកន្ទេលជ័រជំនួសកន្ទេលកក់វិញ។ 

បើទោះកន្ទេលកក់បច្ចុប្បន្នមិនមានទីផ្សារច្រើន តែសិប្បករវ័យ ៤១ឆ្នាំរូបនេះមិនបោះបង់ របរនេះឡើយ ព្រោះចង់បន្តរបរប្រចាំគ្រួសារមួយនេះ។ អ្នកស្រីលើកឡើងថា៖ «របរត្បាញកន្ទេលកក់នេះ ខ្ញុំប្រកបជិត៣ឆ្នាំហើយ ប៉ុន្តែកាលនៅក្មេងខ្ញុំក៏បានជួយត្បាញម្តាយរបស់ដែរ ទើបខ្ញុំសម្រេចចិត្តចាប់របរត្បាញកន្ទេលកក់ព្រោះមិនចង់ឱ្យមុខរបរនេះបាត់បង់ របរពីម្ដាយរបស់ខ្ញុំ ដែលគាត់បានប្រកបរបរ ជាង៣០ឆ្នាំ។ ទោះបីជាលក់កន្ទេលកក់នេះ បានតម្លៃថោកប៉ុន្តែខ្ញុំមិនបោះបង់របរនេះទេ ព្រោះមិនចង់ឱ្យបាត់បង់»។ 



ការត្បាញកន្ទេលកក់ជាការងារស្មុគស្មាញមួយ។ អ្នកស្រី ឈិន សំនៀង និងស្វាមីត្រូវចំណាយពេល ទៅរកកក់នៅបឹង ហាលកក់ ហែកកក់ មុននឹងអាចយកកក់ទាំងនោះមកត្បាញជាកន្ទេលបាន។ ការធ្វើកន្ទេលកក់នេះ ត្រូវយកចិត្តទុកដាក់ខ្លាំង ទាំងការត្បាញ ជាពិសេសការត្រាំកក់ និងហែកវល្លិ ព្រោះបើហែកវល្លិមិនស្មើគ្នា ពេលយកមកត្បាញកន្ទេលមិនស្អាត ហើយបើត្រាំកក់យូរពេកវាអាចផុយពិបាកត្បាញ។

ការត្បាញកន្ទេលជារឿងលំបាកមួយ តែការរកវត្ថុធាតុដើមក៏មិនមែនជារឿងងាយស្រួលឡើយ។ «នៅពេលខ្ញុំទៅរកកក់តាមបឹង ជើងរបស់ខ្ញុំត្រូវប្រឡាក់ភក់ ខ្លាចលង់ទឹក និងពេលខ្លះខ្ញុំរកកក់មិនសូវបានទេ។ ដោយឡែក មុននឹងចាប់ផ្ដើមត្បាញកន្ទេលកក់ ខ្ញុំត្រូវយកកក់ទៅហាលថ្ងៃចំនួន២ថ្ងៃ ទើបអាចយកមកត្បាញបាន ប៉ុន្តែជាធម្មតាទាំងច្រកកក់ទាំងរៀបចំប្រដាប់ត្បាញ ត្រូវចំណាយពេលជិតមួយសប្ដាហ៍ទើបត្បាញបាន»។ នេះជាការបញ្ជាក់របស់អ្នកស្រី សំនៀង។



ជារៀងរាល់ថ្ងៃ អ្នកស្រី សំនៀង និងស្វាមី អាចត្បាញកន្ទេលកក់បានពី ២ទៅ៣ក្នុងមួយថ្ងៃ ប៉ុន្តែថ្ងៃខ្លះអាចត្បាញបានរហូតដល់៥កន្ទេលបើសិនភ្ញៀវបញ្ជាទិញច្រើន។ ចំណែកថ្ងៃខ្លះប្ដីប្រពន្ធទាំងពីរក៏មិនបានត្បាញកន្ទេលនោះទេ ព្រោះមិនមានការបញ្ជាទិញ។ កន្ទេលកក់មួយអ្នកស្រី សំនៀង អាចលក់បានក្នុងតម្លៃ ១ម៉ឺន២ពាន់រៀល ពេលលក់ឱ្យឈ្មួញកណ្ដាល និងលក់បាន ១ម៉ឺន៦ពាន់រៀល ពេលភ្ញៀវទិញដោយផ្ទាល់។  បើតាមអ្នកស្រី ឈិន សំនៀង កន្ទេលកក់ជ្រុង មានតម្លៃថោកជាងកន្ទេលកក់មូល ដោយសារកន្ទេលកក់ជ្រុងងាយរកកក់តាមបឹង តាមព្រែក ហើយកន្ទេលកក់ជ្រុងនេះក៏អាចជ្រលក់ពណ៍បានផងដែរ។ 

ជាមួយគ្នានេះ អ្នកស្រី ឈិន សំនៀង ក៏បានអំពាវនាវដល់ប្រជាជនខ្មែរ ឱ្យជួយគាំទ្រកន្ទេលកក់ ដើម្បីជួយរក្សាស្នាដៃ និងមរតកដែលបន្សល់ទុកពីជីដូនជីតាមក។ ការគាំទ្រកន្ទេលកក់ ក៏ជួយលើកស្ទួយជីវភាពប្រជាជនដែលប្រកបរបរត្បាញកន្ទេល នៅតាមជនបទផងដែរ៕


 

ព័ត៌មានទាក់ទង