ប្រាសាទខ្នារផ្ទោល ទីទេសចរកម្រទៅដល់ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ

18/05/2023 12:00 pm សៀមរាប

ប្រាសាទខ្នារផ្ទោល ជាសំណង់បុរាណមួយដែលនៅឆ្ងាយពីក្រុងសៀមរាបប្រមាណ ៧០គីឡូម៉ែត្រ និងមិនសូវមានទេសចរស្គាល់ឡើយ។ បច្ចុប្បន្ន រចនាសម្ព័ន្ធរបស់ប្រាសាទដូចជា ប៉មថ្ម និងប៉មឥដ្ឋបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ រចនាសម្ព័ន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ និងសសរពេជ្រ ក៏បានរលុះចេញពីទីតាំងដែរ។ស្រទាប់ឥដ្ឋ ដែលសេសសល់ស្ថិតនៅខាងលើផ្តែរ កំពុងប្រឈមនឹងបន្តការលុះ។ បើតាមអាជ្ញាធរជាតិអប្សរា ការខូចខាតនៃរចនាសម្ព័ន្ធទាំងនេះ បណ្តាលមកពីរុក្ខជាតិតូចធំជាច្រើនដុះចាក់ស្រេះ និងបង្កឱ្យមានទឹកជ្រាប។ 

ក្រោយសង្កេតឃើញបញ្ហានេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសិក្សា និងចាប់ផ្តើមជួសជុលជាបន្ទាន់ ដ្បិតប្រាសាទបាត់ទ្រង់ទ្រាយដើម។ ក្រុមអ្នកជំនាញនឹងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។ 


ឫសឈើដុះលើប្រាសាទខ្នារផ្ទោល ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយប្រាសាទ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកឡើងថា៖«បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២ បន្ទាប់ពីទល់ទ្របឋមរួចរាល់កន្លងមក»។ 

អ្នកជំនាញ នឹងជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ទន្ទឹមនោះ ការសិក្សាលម្អិតពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕ 

ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 

ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 

ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទខ្នារផ្ទោល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

ព័ត៌មានទាក់ទង