វង់ទស្សនាចរណ៍ថ្មីនៅនាគព័ន្ធ អាចឱ្យទេសចរមើលធម្មជាតិ និងប្រាសាទបានពេញលេញ

23/11/2022 11:00 am សៀមរាប

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធ សម្រាប់សម្រួលដល់ការដើរទស្សនារបស់ទេសចរ។ វង់ទស្សនាចរណ៍ប្រាសាទនេះ អាចឱ្យទេសចរបានដើរឆ្លងកាត់ព្រៃ និងទឹកដែលនៅជុំវិញប្រាសាទនាគព័ន្ធបានយ៉ាងពេញលេញ។ ទេសចរចំណាយពេល ១ដងទៅទស្សនាប្រាសាទនាគព័ន្ធ នឹងបានមើលឃើញគ្រប់ជ្រុងជ្រោយនៃប្រាសាទនាគព័ន្ធ។
 


ប្រាសាទនាគព័ន្ធ ជាទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយក្នុងខេត្តសៀមរាប។ ប្រាសាទនាគព័ន្ធមានភាពទាក់ទាញយ៉ាងខ្លាំង ត្បិតត្រូវបានសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលមានទឹកជុំវិញ។ នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើស្ពានមួយ ដើម្បីឆ្លងបារាយណ៍ទៅកាន់ទីធ្លាប្រាសាទនាគព័ន្ធ។ អាជ្ញាធរជាតិអប្សរា ក៏គ្រោងបើកកំពង់ទឹកឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរអាចជិះទូកទៅទស្សនាប្រាសាទនាគព័ន្ធបានដែរ។ 

លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ក្រៅពីធ្វើស្ពានប្រវែង៤៥០ម៉ែត្រ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើផ្លូវទស្សនាចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរបានទស្សនា និងដើរកម្សាន្តនៅប្រាសាទនាគព័ន្ធបានពេញលេញ។ ភ្ញៀវទេសចរ អាចដើរទស្សនាវង់ខាងក្រៅប្រាសាទ ដែលមានព្រៃជុំវិញ បន្ទាប់មកទេសចរអាចដើរទស្សនាប្រាសាទនាគព័ន្ធ។ 

«វង់ទស្សនាចរណ៍ថ្មីនេះ ទេសចរអាចមើលព្រៃឈើ វល្លិ៍ប្លែកៗ និងស្អាតៗ ជាពិសេសក៏មានសត្វព្រៃ និងសត្វដែលនៅលើទឹក។ ទេសចរអាចថតរូបស្អាតៗបាន។ យើងបានធ្វើផ្លូវជាវង់រួចហើយ ដូច្នេះទេសចរពេលមកដល់អាចដើរឆ្វែលទាំងមូលបាន។ វង់ទស្សនាចរណ៍នេះ ក៏សម្រួលកុំឱ្យកកស្ទះភ្ញៀវនៅតែបរិវេណណាមួយ »។ នេះជាការរៀបរាប់របស់លោក ង៉ោ ពេជ្រ។

នៅតាមផ្លូវថ្មី នៃវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធក៏មានតុឈើ សម្រាប់ឱ្យភ្ញៀវទេសចរសម្រាក ពេលដើរកម្សាន្តហត់។ បន្ទាប់ពីទេសចរដើរទស្សនាវង់ខាងក្រៅហើយទេសចរ អាចដើរឆ្វែលមើលប្រាសាទនាគព័ន្ធដែលនៅខាងក្នុងបាន។ ប្រាសាទនាគព័ន្ធ ជាអតីតមន្ទីរពេទ្រជាសម័យបុរាណ។ នៅជាប់ប្រាសាទនាគព័ន្ធមានស្រះទឹកតូចៗចំនួន៤ ដែលទេសចរតែងយកទឹកនៅស្រះនោះដើម្បីលុបមុខ និងសុំសេចក្ដីសុខ៕


 

ព័ត៌មានទាក់ទង