ព្យុះណូរុ ៖ ទឹកទន្លេមេគង្គ នឹងហក់ឡើងខ្ពស់ជាងមុន

29/09/2022 11:00 am ក្រចេះ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ កញ្ញានេះ បានឱ្យដឹងថា ឥទ្ធិពលព្យុះទី១៦ ណូរុ បានបក់កាត់លើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា អាចនឹងធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេមេគង្គឡើងខ្ពស់ខុសធម្មតា។

 

ឥទ្ធិព្យុះទី១៦ ណូរុ បោកបក់លើអាងទន្លេមេគង្គអាចបណ្ដាលឱ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ ក្នុងរយៈពេលល៣ ទៅ៥ថ្ងៃខាងមុខ។ ជាពិសេស នៅភាគខាងលើប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែង ស្ថានភាពទឹកអាចកើនដល់កម្ពស់១០,០០ម៉ែត្រ ,ខេត្តក្រចេះ ទឹកឡើងដល់ ២១,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកកើនដល់កម្ពស់ ១៤,៣០ម៉ែត្រ។ រីឯស្ថានីជលសាស្រ្តភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់៩,៤០ម៉ែត្រ។ 

ស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើង នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ ប៉ុន្ដែស្ថានភាពទឹកទាំងនោះ អាចនឹងហូរលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ នឹងបន្តហូរចូលតាមបណ្ដាព្រែកបន្ថែមទៀត។ 

បច្ចុប្បន្ន តំបន់ភាគឦសានវិញ ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់។ 
តាមរយៈការជូនដំណឹងពីការប្រែប្រួលនៃស្ថានភាពកម្ពស់ទឹកនេះ ក្រសួង ក៏អំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ និងតាមតំបន់ទំនាប យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុវត្ថិភាព និងអាយុជីវិត ក្នុងអំឡុងពេលនេះ៕ 

 

ព័ត៌មានទាក់ទង