ទំនេរពីការនេសាទត្រី លោក ប៊ូ សុផាត ឆ្លៀតដឹកទេសចរកម្សាន្តនៅរមណីយដ្ឋានទំនប់ម្លិច

19/10/2022 5:00 pm កំពត

ដោយ៖ ហុង ស្រីណា 

ភ្នំពេញ៖ លោក ប៊ូ សុផាត ជាអ្នកបើកទូកទេសចរណ៍នៅរមណីយដ្ឋានទំនប់ម្លិច ក្នុងស្រុកជុំគិរី ខេត្តកំពត។ លោក សុផាត បានប្រកបរបរនេះប្រមាណ៥ឆ្នាំមកហើយ ដើម្បីបំពេញជីវភាពឱ្យកាន់តែមានភាពល្អប្រសើរ។ លោក សុផាត ចាប់ផ្តើមការងាររៀងរាល់ព្រឹកម៉ោង៧ ដោយទេសចរម្នាក់ត្រូវចំណាយ ៥ពាន់រៀល ក្នុងការជិះទូកកម្សាន្តមួយជុំ។

 

របរនេះ ពឹងផ្អែកច្រើនលើចំនួនភ្ញៀវទេសចរ ដែលទៅកម្សាន្ត។ ជាក់ស្តែង នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ បុរសសម្បុរស្រអែមរូបនេះ អាចរកចំណូលបានចន្លោះពី ១០ទៅ ២០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ប៉ុន្តែថ្ងៃខ្លះ អ្នកបើកទូករូបនេះរកចំណូលបានប្រហែល ២ម៉ឺនប៉ុណ្ណោះ។ 

ជាមេគ្រួសារ ដែលមានកូនស្រីតូចៗ២នាក់ បុរសវ័យ៣០ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា៖«របររត់ទូកនេះ ខ្ញុំមកធ្វើតែពេលទំនេរប៉ុណ្ណោះ ព្រោះខ្ញុំក៏ជាអ្នកនេសាទដែរ។ ខ្ញុំទំនេរពីការនេសាទ ទើបខ្ញុំមករត់ទូក។ ខ្ញុំនេសាទមួយថ្ងៃបាន ៤ទៅ៧គីឡូក្រាម ហើយបោះឱ្យគេមួយគីឡូក្រាម ៨ពាន់រៀល តែបើលក់ខ្លួនឯងបាន១ម៉ឺនរៀល»។ 

រមណីយដ្ឋានទំនប់ម្លិច ជាទីកម្សាន្តមួយកន្លែង ដែលទេសចរទៅកម្សាន្តខេត្តកំពត មិនងាយរំលងទីនេះឡើយ។ ទំនប់ម្លិច ជាកន្លែងដែលអាចសម្រាកអារម្មណ៍ជាមួយទេសភាពពណ៌បៃតង និងខ្យល់បរិសុទ្ធ។ លើសពីនេះ ទេសចរ ក៏អាចជិះទូកកម្សាន្ត និងគយគន់ទេសភាពព្រៃភ្នំផងដែរ៕ 

ព័ត៌មានទាក់ទង