កម្ពុជា មានទេសចរផ្ទៃក្នុងជាង១លាននាក់នាបុណ្យភ្ជុំបិណ្ឌ

28/09/2022 2:00 pm បាត់ដំបង

ដោយ៖ ហុង ស្រីណា 

រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជាទទួលបានទេសចរ ជាង១,២លាននាក់។ ក្នុងនោះ ខេត្តបាត់ដំបងទទួលបានទេសចរច្រើនជាងគេ ដែលមានរហូតដល់២១០ ១២២នាក់។



ឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរសរុប ១ ២៥៩ ១២១នាក់ បានដើរកម្សាន្តនៅរមណីយដ្ឋាននានាទូទៅប្រទេស ដោយនៅក្នុង ក៏មានភ្ញៀវអន្តរជាតិ១៤ ៤៧៩នាក់ ផងដែរ។ របាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា  ថ្ងៃទី២៤កញ្ញា ដែលជាថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជាទទួលបានទេសចរជិត៣៤ម៉ឺននាក់, ថ្ងៃទី២៥កញ្ញា ទទួលអ្នកទេសចរបានប្រមាណ៥១ម៉ឺននាក់ និងថ្ងៃទី២៦ ទទួលបានទេសចរជាង៤០ម៉ឺននាក់។ ចំនួនភ្ញៀវទេសចរដែលដើរលេងកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ គឺបានកើនរហូតដល់  ៨៩,៤៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។ 


ភ្ញៀវទេសចរនៅលេងកម្សាន្តនៅខេត្តបាត់ដំបងនាឱកាសបុណ្យភ្ជុំបិណ្ឌ។ រូបពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង 

ក្រសួងទេសចរ បានបញ្ជាក់ថា៖«ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់។ ប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១ ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩»។

ផ្អែកតាមស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងរបស់ក្រសួងទេសចរណ៍ មាន៥ខេត្ត ដែលស្រូបទាញទេសចរច្រើនជាងគេ។  ក្នុងនោះ ខេត្តបាត់ដំបង ឈរនៅលេខរៀងទីមួយ ដោយមានទេសចរជាង២១ម៉ឺននាក់ ខណៈខេត្តសៀមរាប ឈរនៅលេខរៀងទី២ ដែលមានទេសចរប្រមាណ១៤ម៉ឺននាក់។ 

ចំណែក ខេត្តកែប ឈរនៅលេខរៀងទី៣ ដោយទទួលបានទេសចរជាង១១ម៉ឺននាក់។ ខេត្តពោធិ៍សាត់ ដែលមានទេសចរទៅកម្សាន្តជាង៩ម៉ឺននាក់ ឈរនៅលេខរៀងទី៤  និងព្រះសីហនុ ឈរនៅលេខរៀងទី៥ ដែលមានទេសចរប្រមាណ ៨ម៉ឺននាក់៕ 

 

ព័ត៌មានទាក់ទង