អ្នកស្រី ខឿន សម្ភស្ស ប្តូរពីលក់បន្លែមកលក់សាច់ក្រពើ ក្រោយមានការគាំទ្រច្រើន

27/09/2022 11:30 am ភ្នំពេញ

ដោយ៖ ហុង ស្រីណា, ហេង ស្រីលីន, សែម ប្រាក់ដាវ

ភ្នំពេញ៖​ ក្រោយលក់បន្លែជាង១០ឆ្នាំ អ្នកស្រី ខឿន សម្ភស្ស បានប្តូរមកលក់សាច់ក្រពើវិញ ដោយសារសុខភាពមិនអំណោយផល។ បញ្ហាសុខភាពនេះ បានធ្វើឱ្យអ្នកស្រីមិនអាចទៅលក់បន្លែបានរាល់ថ្ងៃ និងបណ្តាលឱ្យបាត់បង់អតិថិជន ដែលតែងមកទិញជាប្រចាំ។ ដូច្នេះ ដើម្បីសុខភាព និងជីវភាពល្អប្រសើរ អ្នកស្រី សម្ភស្ស បានសម្រេចចិត្តប្តូរមកលក់សាច់ក្រពើនៅឆ្នាំ២០២២ ដោយមួយថ្ងៃអាចលក់បានចន្លោះពី៤០០ ទៅ៥០០គីឡូក្រាម។

 

ក្រពើជាសត្វកាចសាហាវ ប៉ុន្តែវាក៏ក្លាយជាអាហារពេញនិយមសម្រាប់មនុស្សវិញដែរ។ ពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិ២ ឆ្លងកាត់តំ​បន់ព្រែកកំពឹស នឹងឃើញតូបលក់សាច់ក្រពើជាហូរហែ។ សាច់ក្រពើទាំងនេះ ត្រូវបានលក់ក្នុងតម្លៃ១ម៉ឺនរៀល ក្នុង១គីឡូក្រាម។ ក្រៅពីសាច់ក្រពើ អាជីវករទាំងនោះ ក៏មានលក់ងៀតក្រពើ និងខ្លាញ់ក្រពើផងដែរ ដោយងៀតក្រពើមានតម្លៃ២៥០០០រៀល ក្នុង១គីឡូក្រាម រីឯខ្លាញ់ក្រពើមានតម្លៃចាប់ពី៥ពាន់រៀល ដល់១ម៉ឺនរៀល។ 

តូបលក់សាច់ក្រពើមុខផ្ទះអ្នកស្រី ខឿន សម្ភស្ស នៅសង្កាត់ព្រែកកំពឹស។

ម្ចាស់តូបលក់សាច់ក្រពើទាំងនេះ ទទួលលក់បន្តពីអ្នកស្រី ខឿន សម្ភស្ស ដែលជាអ្នកចែកចាយធំ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។ អ្នកស្រី សម្ភស្ស បាន​ប្រាប់សារព័ត៌មានThmeyThmey25 ឱ្យដឹងថា សាច់ក្រពើទាំងនេះ នាំចូលពីស្រុកពួក ខេត្តសៀមរាប។ 

មុនពេលក្លាយជាអ្នកលក់សាច់ក្រពើ អ្នកស្រី សម្ភស្ស ជាអាជីវករលក់បន្លែម្នាក់នៅផ្សារដេប៉ូ ជាង១០ឆ្នាំមកហើយ។ កត្តាសុខភាព បានបង្ខំឱ្យអ្នកស្រីសម្រាកព្យាបាលជំងឺ និងមិនអាចទៅលក់ដូរបានជាប់លាប់។ ការណ៍​នេះ បានធ្វើឱ្យអ្នកស្រីខ្សត់ភ្ញៀវ និងបាត់បង់អតិថិជន ដែលតែងមកទិញជាប្រចាំ។ 

ស្របពេលជាមួយគ្នានោះ កសិដ្ឋានចិញ្ចឹមក្រពើជាប់ផ្ទះអ្នកស្រីបានកាប់សាច់ក្រពើលក់ ដែលជាឱកាសល្អសម្រាប់អ្នកស្រីក្នុងការទិញយកមកលក់បន្ត។ អ្នកស្រី ខឿន សម្ភស្ស បានលើកឡើងពីប្រវត្តិនៃការចាប់ផ្តើមលក់ក្រពើដូច្នេះថា៖ «នៅក្រោយផ្ទះគេកាប់លក់ ក្រោយពីកាប់លក់ គេលក់ទាំងមូលក្នុងតម្លៃថោកៗ ដោយសារមានគេទិញស្បែកយកទៅក្រៅប្រទេស។ ស្បែកវាថ្លៃ សាច់វាមិនសូវមានទីផ្សារប៉ុន្មានទេ តែពេលប្លែកមាត់ គេចេះតែជួយគាំទ្រ ខ្ញុំក៏លក់រហូតអ៊ីចឹងទៅ»។ 

ការផ្លាស់ប្តូរមុខរបរពិតជាមិនងាយស្រួលឡើយសម្រាប់អាជីវករគ្រប់រូប ដែលត្រូវចាប់យករបរថ្មី និងបង្កើតអតិថិជនថ្មី។ យ៉ាងណាមិញ អាជីវករវ័យ៣៧ឆ្នាំរូបនេះ មិនព្រួយបារម្ភចំពោះការចាប់ផ្តើមមុខរបរថ្មីនេះឡើយ ដ្បិតខ្លួនទទួលបានការគាំទ្រពីអតិថិជន។

«ដំបូង ដូចជាអត់មានបារម្ភថាខ្លាចអត់មានអ្នកបរិភោគទេ ព្រោះមនុស្សមកច្រើន ផ្អើលបាក់ទឹកបាក់ដីមកជួយទិញគ្រប់គ្នា។ អ្នកខ្លះកុំថាឡើយហូបសាច់ក្រពើ តែក្រពើរស់មិនដែលបានឃើញផង។ ផ្ទះលក់ក្រពើគេបិទរបងជិតៗ ហើយសុខៗមកកាប់លក់ច្រើនហូរហែ ក៏គេចាប់អារម្មណ៍គ្រប់គ្នា ខ្លះដាក់តាមខេត្ត ត្បូងឃ្មុំ កំពង់ចាម។ គេគាំទ្រច្រើន ខ្លះគេទិញផ្ញើបងប្អូនមួយកេះពីរកេះអ៊ីចឹងទៅ»។ នេះជាលើករបស់អ្នកស្រី ខឿន សម្ភស្ស អំពីការចាប់ផ្តើមរបរលក់ក្រពើជំហានដំបូង។ 

សព្វថ្ងៃអ្នកស្រី សម្ភស្ស ជាអ្នកលក់សាច់ក្រពើនៅផ្ទះផង និងជាអ្នកចែកចាយបន្តផង។ បច្ចុប្បន្ន អ្នកស្រីនាំចូលសាច់ក្រពើពីខេត្តសៀមរាប ដ្បិតកសិដ្ឋានជាប់ផ្ទះមិនបន្តចិញ្ចឹមក្រពើទៀត។ ក្នុងមួយថ្ងៃអ្នកស្រីអាចលក់សាច់ក្រពើអស់១ ទៅ២ក្បាល ដោយ១ក្បាលមានទម្ងន់៤០គីឡូក្រាម។ ហើយថ្ងៃខ្លះ អ្នកស្រីអាចលក់បានដល់៥ក្បាល។ សម្រាប់ការចែកចាយបន្ត អ្នកស្រីអាចលក់បានចន្លោះ ៤០០ ទៅ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ។ 

ជាការពិតណាស់ ស្បែកក្រពើមានតម្លៃថ្លៃជាងសាច់ក្រពើ ព្រោះស្បែកអាចយកទៅកែច្នៃជាកាបូប ស្បែកជើង និងសម្លៀកបំពាក់ ដែលមានតម្លៃថ្លៃ។ ទោះសាច់ក្រពើធំៗមានតម្លៃទាប ប៉ុន្តែសម្រាប់ក្រពើតូចៗ ដែលមានទម្ងន់ពី១៣ ទៅ១៦គីឡូក្រាម មានតម្លៃថ្លៃ។ បើតាមអាជីវករសម្បុរស្រអែមខាងលើ ក្រពើកាន់តែតូច កាន់តែមានតម្លៃថ្លៃ ដ្បិតវាមានរសជាតិពិសេសជាងសាច់ក្រពើធំៗ។ 

« អាតូចៗថ្លៃ ព្រោះវាឆ្ងាញ់ អ្នកលក់ធ្លាប់ហូប។ ឆ្ងាញ់ស្បែក ស្បែកវាស្លម្ជូរគ្រឿងទន់ បើប្រឡាក់អាំងវារៀងឆុបៗ។ រសជាតិវានិយាយទៅឆ្ងាញ់»។ នេះជាការលើកឡើងរបស់អ្នកស្រី ខឿន សម្ភស្ស ដោយបន្ថែមថា កម្រមានអ្នកទិញទៅបរិភោគទាំងមូលណាស់ ព្រោះក្រពើខ្លះមានតម្លៃជាង១០ម៉ឺនរៀល ខ្លះ១៣ម៉ឺន និង១៥ម៉ឺនរៀលក៏មាន​។ ប៉ុន្តែអតិថិជនភាគច្រើនបរិភោគសាច់ ដោយសារវាមានតម្លៃថោក។ 

ក្រោយទទួលការគាំទ្រច្រើនពីអតិថិជន អ្នកស្រី សម្ភស្ស មានបំណងធ្វើជាអ្នកចែកចាយសាច់ក្រពើផ្តាច់មុខពីខេត្តសៀមរាបមកខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រីគ្រោងរៀបចំទីតាំងលក់សាច់ក្រពើ ឱ្យគុណភាពនិងអនាម័យទៀតផង។ 

អ្នកស្រីបានលើកឡើងពីការលំបាកដូច្នេះ៖« ខ្ញុំលក់ជាប់ផ្លូវគេដឹកដី អ៊ីចឹងទម្រាំតែបានគេមកលាងផ្លូវឱ្យយើង វាប្រើពេលយូរដែរ។ អ្នកខ្លះឃើញអត់សូវមានអនាម័យ គេអត់ចង់ទិញទេ។ ប៉ុន្តែខ្ញុំគ្របកន្សែង គ្របកៅស៊ូអ៊ីចឹងទៅ ពេលមានភ្ញៀវមកបានបើកលក់»។

ក្រោយលក់សាច់ក្រពើបានរយៈពេល២ខែ អ្នកស្រីមើលឃើញថា មុខរបរថ្មីនេះ បានជួយសម្រួលជីវភាពប្រចាំថ្ងៃអ្នកស្រីយ៉ាងច្រើន ជាពិសេសអ្នកស្រីមិនចាំបាច់ងើបពីព្រលប់ ដូចការលក់បន្លែឡើយ។ អ្នកស្រីបានថ្លែងពីភាពខុសគ្នានៃមុខរបរទាំងពីរបែបនេះ៖« ផ្សារដេប៉ូតាំងពីកូវីដមករៀងស្ងាត់ មនុស្សមួយៗ ហើយខ្ញុំរកអត់សូវបានចំណេញ ទប់អត់ជាប់ជាមួយកូនរៀន និងហូបចុកប្រចាំថ្ងៃ។ នៅពេលខ្ញុំលក់សាច់ក្រពើ វារៀងធូរ ទប់ទល់ការហូបចុកបាន ហើយឆ្លៀតបានបង់ថ្លៃសាលាកូនខ្លះ»។ 

អ្នកស្រីក៏បានលើកឡើងពីភាពងាយស្រួលនៃមុខរបរថ្មីនេះផងដែរថា៖«វាងាយស្រួល មុនយើងត្រូវចំណាយពេលទៅទិញបន្លែ ងើបពីយប់ម៉ោង៤ ម៉ោង៣ ហើយជួនកាលម៉ោង៥ភ្លឺ ដើម្បីយកទៅលក់នៅភ្នំពេញ។ ទម្រាំទៅដល់ត្រូវ រៀបចំអីវ៉ាន់ ហើយមកវិញអ៊ីចឹង។ គ្រាន់តែថា តាំងពីលក់ក្រពើមកខ្ញុំស្រកគីឡូ ខ្ញុំហត់ពេក ខ្ញុំលក់ខ្លួនឯងផង ខ្ញុំរៀបអីវ៉ាន់ឱ្យម៉ូយតាមខេត្តផង ហើយដើរយកលុយភ្ញៀវដែលកម្មង់លក់តាមផ្លូវផង»។ 

ដ្បិតមុខរបរថ្មីមានភាពងាយស្រួល និងបានផលចំណេញច្រើន ប៉ុន្តែអ្នកស្រី សម្ភស្ស ក៏ស្រលាញ់របរចាស់ខ្លួនដែរ។ អ្នកស្រីមិនរើសអើងមុខរបរឡើយ ដ្បិតអ្នកស្រីមិនមានចំណេះ ជំនាញ ក្រៅពីការរកស៊ីឡើយ។ អ្នកស្រីពេញចិត្តចំពោះមុខរបរខ្លួនទាំងពីរ៕

ព័ត៌មានទាក់ទង