ផលិតផលគ្រឿងទេសខ្មែរ «គ្រឿងហ្លួង» នឹងត្រៀមនាំចេញទៅបរទេស​

27/09/2022 9:30 am ភ្នំពេញ


ដោយ: ហុង ស្រីណា
ភ្នំពេញ៖ គ្រឿងហ្លួង ជាឈ្មោះសិប្បកម្មកែច្នៃគ្រឿងទេសខ្មែរជាផលិតផលកញ្ចប់ សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ។ គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងប្រលាក់សាំបាល និងគ្រឿងប្រលាក់ទឹកឃ្មុំ ជាគ្រឿងទេសខ្មែរ ដែលត្រូវបានផ្សំពីវត្ថុធាតុដើមស្រស់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ចុងភៅគ្រប់រូបក្នុងការធ្វើម្ហូប។ ផលិតផលកញ្ចប់ទាំង៤មុខនេះ កំពុងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងត្រៀមនាំចេញទៅប្រទេសនូវែលសេឡង់នាពេលឆាប់ៗនេះ។



គ្រឿងហ្លួង ជាម៉ាកសញ្ញាសិប្បកម្មគ្រឿងផ្សំអាហារ របស់សណ្ឋាគារសាបារាក្នុងក្រុងសៀមរាប។ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសណ្ឋាគារសាបារាខ្សត់ភ្ញៀវ និងប្រឈមជាមួយបញ្ហាទីផ្សារ។ ដូច្នេះដើម្បីពង្រឹងសក្តានុពលក្នុងសណ្ឋាគារ និងបង្កើនការងារថ្មី រួមទាំងបង្កើតចំណូលសម្រាប់សណ្ឋាគារ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រងសិប្បកម្មគ្រឿងផ្សំអាហារសាបារា និងក្រុមការងារ បានសម្រេចចិត្តកែច្នៃរូបមន្តគ្រឿងទេសនៃម្ហូបប្រចាំសណ្ឋាគារទៅជាផលិតកញ្ចប់។ 
 
នៅឆ្នាំ២០២១ គ្រឿងទេសទាំងអស់ត្រូវបានដាក់ចូលក្នុងមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសិក្សាពីគុណភាព និងផលិតជាផលិតផលមានស្តង់ដា សម្រាប់ចរាចរណ៍ក្នុងទីផ្សារ។ ក្នុងខែមីនាឆ្នាំ២០២២ ផលិតផលនៃគ្រឿងហ្លួងទាំង៤ ត្រូវបានទទួលស្គាល់ពីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។



ក្រោយមានការទទួលស្គាល់ពីគុណភាព និងស្តង់ដាផលិតផល អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី សម្រេចដាក់ឈ្មោះសិប្បកម្មគ្រឿងទេសទាំង៤មុខថា «គ្រឿងហ្លួង» ក្នុងន័យលើកតម្កើងគ្រឿងទេសនៃម្ហូបប្រពៃណីខ្មែរ។ ម្យ៉ាង ឈ្មោះនេះក៏កើតចេញពីឈ្មោះសណ្ឋាគារសាបារា ដែលជាភាសាអង់គ្លេស គឺ Royal Spice restaurant និងបកមកជាភាសាខ្មែរ គឺគ្រឿងហ្លួង។ 
 
គ្រឿងទេសទាំង៤មុខ ផ្សំឡើងពីវត្ថុធាតុដើមខុសៗគ្នា ដោយគោរពតាមពាក្យស្លោក ឆ្ងាញ់ ស្រស់ ងាយស្រួល។ ឆ្ងាញ់ ផ្តោតលើរសជាតិ ដែលមានក្នុងសណ្ឋាគារយូរឆ្នាំមកហើយ​ និងទទួលបានការគាំទ្រជាច្រើនពីអតិថិជន។ ស្រស់ សំដៅលើគ្រឿងផ្សំ ដែលប្រើគ្រឿងស្រស់១០០ភាគរយ មិនលាយសារធាតុម្សៅ។ ចំណែក ងាយស្រួល គឺផ្តោតលើភាពរហ័សនៃការចម្អិនម្ហូបសម្រាប់ចុងភៅគ្រប់រូប ដោយមិនចាំបាច់ចំណាយពេលយូរក្នុងការបុកគ្រឿងទេសទៀតនោះឡើយ។ 
 
គ្រឿងហ្លួង បានចរាចរណ៍នៅទីផ្សារក្នុងស្រុកបានរយៈពេល៣ខែមកហើយ ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះ។ គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងប្រលាក់សាំបាល និងគ្រឿងប្រលាក់ទឹកឃ្មុំ មួយកញ្ចប់មានត​ម្លៃ ៦ពាន់រៀល។ បើតាមអ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី គ្រឿងទេសនីមួយៗអាចទុកបានរយៈពេល៦ខែ ដោយបច្ចុប្បន្នខាងសិប្បកម្មកំពុងសិក្សាបន្ថែម ដើម្បីមានលទ្ធភាពអាចរក្សាទុកបានយូរជាងនេះ សម្រាប់នាំចេញទៅក្រៅប្រទេស។ 


ថ្វីដ្បិតគ្រឿងហ្លួងឈានជើងចូលទីផ្សារក្នុងស្រុកបាន៣ខែ តែផលិតផលគ្រឿទេសទាំង៤មុខ បានដាក់លក់ក្នុងផ្សារទំនើបជាច្រើន និងបានចូលរួមក្នុងភូមិ១ផលិតផល១ ផងដែរ។ លើសពីនេះ គ្រឿងហ្លួងក៏ត្រៀមនាំចេញផលិតខ្លួនទៅប្រទេសនូវែលសេឡង់នាពេលខាងមុខ ។ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នា។ 
 
អំឡុងពេលនេះ គ្រឿងហ្លួងមិនទាន់អាចរកប្រាក់ចំណេញបាននៅឡើយ។ តែយ៉ាងណាមិញ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី មិនបានបោះបង់ការខំប្រឹងនេះទេ ។ អ្នកស្រី ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖« ដោយសារទឹកចិត្តស្រលាញ់ម្ហូបខ្មែរ ហើយដោយសារយើងមានរូបមន្តនៅក្នុងដៃស្រាប់ ហើយយើងសម្លឹងឃើញថា វានឹងស៊ីពេលយូរទៀតទម្រាំមានការទទួលស្គាល់ទូលំទូលាយ មានស្ថេរភាព អត់ខាត។ ឥឡូវនេះយើងនៅខាតរាល់ខែ»។ 
 
នាយិកាគ្រប់គ្រងសិប្បកម្មគ្រឿងផ្សំអាហារសាបារារូបនេះ រំពឹងយ៉ាងមុតមាំថា ទៅថ្ងៃមុខគ្រឿងហ្លួងនឹងមានទីផ្សារល្អ ដ្បិតវិស័យម្ហូបអាហារនៅកម្ពុជាមានភាពរីកចម្រើន។ អ្នកស្រីជឿជាក់លើការខំប្រឹងព្យាយាមធ្វើទីផ្សារ គួបផ្សំនឹងផលិតមានស្តង់ដា ដែលនឹងជំរុញឱ្យសិប្បកម្មគ្រឿងទេសខ្មែរមួយនេះ មានមុខមាត់នៅទីផ្សារក្រៅប្រទេសនាពេលខាងមុខ៕

ព័ត៌មានទាក់ទង