អាជីវករផ្សារអូឬស្សី លក់ ខោអាវប្រពៃណី បានតិច នៅឆ្នាំនេះ

26/09/2022 12:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖  សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ភាគច្រើនត្រូវបានពលរដ្ឋនិយមស្លៀកពាក់ ក្នុងកម្មវិធីមួយចំនួនដូចជា ចូលឆ្នាំ បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឬពិធីបុណ្យបែបសាសនាមួយចំនួនទៀត។ ប៉ុន្ដែឆ្នាំនេះ អាជីវករខ្លះ លក់សម្លៀកបំពាក់នេះ បានតិចតួចប៉ុណ្ណោះ។



ការស្លៀកសម្លៀកបំពាក់ប្រពៃណី បានក្លាយជាផ្នែកមួយ ជួយបង្ហាញនូវវប្បធម៌ខ្មែរ និងភាពទាក់ទាញបែបស្រគត់ស្រគំ ថ្លៃថ្នូរ ចរិយាសុភាពរាបសារជាស្ត្រីខ្មែរផង។

អាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅជាន់ទីមួយ ក្នុងផ្សារអូឬស្សី អ្នកស្រី អុយ ដានី បានប្រាប់សារព័ត៌មានThmeythmey25ថា នៅក្នុងឆ្នាំនេះ អ្នកលក់សម្លៀកបំពាក់បែបប្រពៃណី អាចលក់បានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ បើតាមអ្នកស្រី ដានី កន្លែងខ្លះលក់ដាច់បានគ្រាន់បើ ប៉ុន្ដែកន្លែងខ្លះទៀតលក់បានចំនួនតិចបំផុត ។

« ឆ្នាំនេះអាចលក់បានខ្លះមិនអត់ដូចឆ្នាំមុនទេ។ ប៉ុន្ដែការលក់នោះក៏បានមិនច្រើនដែរ បើគិតទៅចាប់ពីមុនបិណ្ឌមួយ រហូតដល់បិណ្ឌទី៨។ ខ្ញុំអាចលក់សម្លៀកបំពាក់បែបប្រពៃណីជាង៥០ឈុតប៉ុណ្ណោះ។ បើឆ្នាំមុនកូវីដ អាចលក់បានរាប់រយឈុតឯណោះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ដានី។ 

អាជីវករវ័យ៤០ឆ្នាំរូបនេះ បាននិយាយថា មិនមែនតែតូបអ្នកស្រីទេ ដែលលក់បានតិច សូម្បីតែអ្នកលក់នៅតូបជាប់គ្នានេះ ក៏មិនខុសគ្នាដែរ។ មាត់កំពុងសន្ទនា ឯដៃនិងភ្នែករវល់ដេរសម្លៀកបំពាក់ប្រពៃណីយ៉ាងសកម្ម ស្រ្តីរូបនេះបានបញ្ជាក់ដូច្នេះ៖ « គេមិនសូវមានលុយទេឥឡូវ។ អ្នកខ្លះស្លៀកពាក់ខោអាវចាស់ៗដែលទិញពីឆ្នាំមុនៗ។ ការទិញរបស់របរថ្មីៗ វាក៏អាស្រ័យលើជីវភាពដែរ ទាំងគេទាំងយើង»។ 

ជាមួយគ្នានោះ អ្នកស្រីយឹម ស៊ីលៀប ជាអាជីវករលក់ខោអាវប្រពៃណីម្នាក់ទៀត នៅផ្សារអូឬស្សី លើកឡើងថា បច្ចុប្បន្នអាជីវករលក់សម្លៀកបំពាក់បែបប្រពៃណីនេះ ដូចជាមិនកាក់កប និងពិបាកលក់ណាស់។ ទន្ទឹមនោះ ស្រ្តីរូបនេះបានពោលថា មានហេតុផលពីរយ៉ាង ដែលធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីលក់មិនសូវដាច់។ ទី១ ដោយសារអ្នកមកទិញមានតិចតួច ហើយឱ្យតម្លៃថោក និងទី២ ដោយសារមានគេលក់តាមអនឡាញច្រើន។ 

អ្នកស្រី ស៊ីលៀបបញ្ជាក់ដូច្នេះ៖ « ភ្ញៀវភាគច្រើនដើរទៅហួសមកហួស។ បើមានអ្នកចូលមកចរចាក៏ភាគច្រើនឱ្យថោកៗ មិនដល់តម្លៃថ្លៃដើមក៏មាន មិនមែនមិនចង់លក់ទេតែលក់វាមិនបាន។ ជួនឱ្យតម្លៃមួយឈុត មិនបានថ្លៃសំពត់មួយផង។ មួយវិញទៀត រឿងនេះអាចមកពីមានអ្នកលក់លើទីផ្សារអនឡាញច្រើន ហើយតម្លៃក៏ថោកជាងទីផ្សារ»។

តាមការសង្កេតរបស់អ្នកស្រី ស៊ីលៀប អតិថិជនស្ទើ ៨០ភាគរយ ចូលផ្សារមករើសសម្លៀកបំពាក់ ហើយចរចាតម្លៃ ដូចក្នុងទីផ្សារអនឡាញ ។ នេះជាហេតុផលមួយ ដែលអ្នកលក់នៅលើទីផ្សារធម្មតា ភាគច្រើនលក់មិនបាន។  

ស្រ្តីវ័យ៤២ឆ្នាំរូបនេះ បានលើកឡើងថា អ្នកស្រីបានលក់សម្លៀកបំពាក់ប្រពៃណីនេះជាង១០ឆ្នាំហើយ ទោះលក់មិនសូវដាច់ ក៏អ្នកស្រីនៅបន្ត ព្រោះមិនដឹងថា អាចធ្វើអ្វីបានលើសពីរបរនេះ។ ណាមួយអ្នកស្រីគិតថា ស្ថានភាពនេះ អាចពិបាកត្រឹមពីរឬបីឆ្នាំប៉ុណ្ណោះ ហើយវានឹងអាចប្រសើរឡើងវិញ នៅពេលណាមួយ។ 

« ពេលលក់មិនដាច់ខ្ញុំមិនចង់ឈប់ដែរ ប៉ុន្ដែគិតៗទៅ មិនដឹងថា ពេលឈប់លក់ហើយហ្នឹងទៅធ្វើអ្វីវិញទេ។ បើជាង១០ឆ្នាំហើយរកតែរបរនេះ។ មានតែតាមដំណើរហើយ ពេលនេះ»។ នេះជាសម្តីរបស់ស្រ្តីវ័យ៤២ឆ្នាំ ពោលដោយទឹកមុខក្រៀមក្រំ។ 

ជាមួយគ្នានេះ អាជីវករនៅផ្សារអូឬស្សីមួយរូបទៀត សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ឆ្នាំនេះដូចជាមិនសូវមានអ្នកមកទិញប៉ុន្មានឡើយ ដែលអាចបណ្ដាលមកពីជីវភាពរបស់ពលរដ្ឋ។ ផ្សារសម្បូរអ្នកលក់ប៉ុន្ដែខ្សត់អ្នកទិញ។ អ្នកស្រីរម្លឹកថា ពីរបីឆ្នាំមុន មុនពេលមានជំងឺកូវីដ១៩ ពេលដល់រដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ អាជីវកម្មលក់សម្លៀកបំពាក់ប្រពៃណី ពិតជាកាក់កបណាស់ ខុសដាច់ពីឆ្នាំនេះ។ 

អ្នកស្រីបានបញ្ជាក់ថា៖ « ឆ្នាំមុនយើងលក់អត់បានទេដោយសារកូវីដ ប៉ុន្ដែឆ្នាំនេះលក់បានខ្លះតែមិនច្រើនទេ។ បើគិតទៅ ត្រលប់ទៅកាលពីរឬបីថ្ងៃមុន នៅរដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ (មុនកូវីដ-១៩) អ្នកលក់គ្រប់តូបសប្បាយលក់ណាស់ គ្មានពេលទំនេរអង្គុយលេងទូរសព្ទដូចឆ្នាំនេះឡើយ៕

 

ព័ត៌មានទាក់ទង