ភ្នំពេញ ក្លាយជារាជធានី អស់មីន

25/09/2022 9:00 am ភ្នំពេញ


ដោយ: ញឹក ស្រីល័ក្ខ (Nhek Sreyleak)

ភ្នំពេញ៖ រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីអស់មីន កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២២។ បើតាមអាជ្ញាធរមីន នៅភ្នំពេញ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានជាង ៣១៨ហិកតា ត្រូវបានបោសសម្អាត ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២២១គ្រាប់, មីនប្រឆាំងរថក្រោះ ១៧៥គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ២៨ ៦១១គ្រាប់។


កាលពីថ្ងៃទី២២ កញ្ញា អាជ្ញាធរមីន និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរប្រកាសរាជធានីភ្នំពេញអស់មីន ដែលមានការចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អះអាងថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមក្នុងតំបន់ និងជម្លោះផ្ទៃក្នុង បានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់នៅគ្រប់ទិសទី។
 
«ភូមិអស់មីន ឬ ខេត្ត រាជធានីអស់មីន មិនមែនជាភូមិ ឬជាខេត្ត រាជធានី អស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ មានន័យថា រាជធានីភ្នំពេញ មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅរាជធានីភ្នំពេញ ក្នុងខែមីនា ឆ្នាំ២០២២ ភ្នំពេញនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ៣១៥ ហិកតា ស្មើនឹង ៣៦ចម្ការគ្រាប់ទៀត ស្ថិតក្នុងខណ្ឌព្រែកព្នៅ ពោធិ៍សែនជ័យ សែនសុខ និងខណ្ឌជ្រោយចង្វារ»។ នេះជាការបញ្ជាក់របស់លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន. រូបភាពពីអាជ្ញាធរមីន
នៅឆ្នាំ១៩៩២ កម្ពុជា បានចាប់ផ្ដើមបោសសម្អាតមីនទ្រង់ទ្រាយធំ ដោយបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។ អាជ្ញាធរមីន បញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៤៥៤ គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានេះ បានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.១៤៤.៨៧៧គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ២៦.០៦៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមដទៃទៀត ៣.៣៦៤.៣៨៧ គ្រាប់។
 
ចំណែករាជធានីភ្នំពេញ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានជាង ៣១៨ហិកតា ស្មើនឹង ៩០ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាត ដោយរកឃើញ និងកំម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២២១គ្រាប់, មីនប្រឆាំងរថក្រោះ ១៧៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ២៨.៦១១គ្រាប់។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការនានា កម្ពុជា នៅសល់ផ្ទៃដីមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជា ២ពាន់គីឡូម៉ែត្រក្រឡា ដែលត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥៕ 

ព័ត៌មានទាក់ទង