ស្រុក៨ក្នុងខេត្តសៀមរាបកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង

22/09/2022 5:00 pm សៀមរាប

ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ ស្រុកចំនួន៨ ក្នុងខេត្តសៀមរាប កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។



ស្រុកអង្គរជុំ ស្រីស្នំ ក្រឡាញ់ ជីក្រែង វ៉ារិន ពួក សូទ្រនិគម និងប្រាសាទបាគង កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។ ក្នុងនោះសរុបមានចំនួន ១៥០ភូមិ។ នេះបើតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលស្រង់របាយការណ៍ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។
 
ក្នុងស្រុកចំនួន៨ គឺមានពលរដ្ឋរងគ្រោះជិត៣ពាន់គ្រួសារ ដែលភាគច្រើនរងគ្រោះក្នុងកម្រិតស្រាល។ របាយការណ៍ដដែលបានបង្ហាញថា ការជន់លិចនេះប៉ះពាល់ដល់ស្រូវជាង៦ពាន់ហិកតា ចម្ការដំឡូងជាង១ពាន់ហិកតា សាលារៀន៣៣កន្លែង មណ្ឌលសុខភាព៤ អាគារដ្ឋបាលឃុំ ប៉ុស្ដិ៍រដ្ឋបាល៧ វត្ត ផ្លូវជាច្រើនកន្លែង។ល។
 
ចំពោះក្រុងសៀមរាបវិញ ចាប់ពីមានភ្លៀងធ្លាក់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ កញ្ញា សង្កាត់ចំនួន១១ ក្នុងចំណោមទាំង១២ លើកលែងសង្កាត់ចុងឃ្នៀសដែលជាប់ទន្លេសាបស្រាប់ ដែលលិចផ្ទះពលរដ្ឋមួយចំនួនដោយសារជំនន់ទឹកភ្លៀង។ របាយការណ៍បញ្ជាក់ថា អាជ្ញាធរកំពុងខ្នះខ្នែងរំដោះទឹកចេញពីតំបន់លិចទាំងនោះហើយ។
 
អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈដែលកម្ពុជាកំពុងរងឥទ្ធិពលសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ កញ្ញា។ តាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប ភ្លៀងនឹងបន្តធ្លាក់គ្របដណ្ដប់ទូទៅប្រទេស ហើយខេត្តសៀមរាបក៏រងឥទ្ធិពលនេះដែរ។ មន្ទីរឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ត្រៀមបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចឡើងហួសកម្រិត ដើម្បីចៀសវាគ្រោះថ្នាក់ជាយថាហេតុ៕

ព័ត៌មានទាក់ទង