ទេសចរណ៍បែបកែច្នៃ និងភ្នំ ជាសក្តានុពលទាក់ទាញនៅខេត្តបាត់ដំបង នាបុណ្យភ្ជុំ 

22/09/2022 12:00 pm បាត់ដំបង

ដោយ៖​ ជឿន ស្រីណយ

ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ជាច្រើនបែបកែច្នៃ ធម្មជាតិ និងកសិទេសចរណ៍ជាដើម។  ដើម្បីត្រៀមទទួលទេសចរ ថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ តាមរមណីយដ្ឋាននានា និងរមណីយារាមនានាក្នុងខេត្តបាត់ដំបងបានរៀបចំតុបតែង និងពង្រឹងសេវាកម្មទេសចរណ៍របស់ខ្លួ​ន។

នាឆ្នាំ២០២២នេះ ខេត្តបាត់ដំបងមានសន្ទុះទេសចរណ៍យ៉ាងខ្លាំង ដោយភ្ញៀវទេសចរបានស្គាល់ពីសក្តានុពលនៃខេត្តមួយនេះ។ ទេសចរទៅកម្សាន្តនៅខេត្តបាត់ដំបងជាហូរហែ ជាពិសេសពេលចុងសប្តាហ៍ និងថ្ងៃបុណ្យទាននានា។ ជាមួយគ្នានេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ។

លោក ហម អរុណ ប្រធានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់សារព័ត៌មានThmeyThmey25ថា ទោះពិធីបុណ្យភ្ជុំបិណ្ឌស្ថិតក្នុងរដូវវស្សា ប៉ុន្តែខេត្តបាត់ដំបងនៅតែរំពឹងថាមានទេសចរទៅកម្សាន្តច្រើន។ ការណ៍នេះ ព្រោះក្រៅពីផលិតផលទេសចរណ៍តាមដងស្ទឹង បាត់ដំបងក៏មានតំបន់ភ្នំ និងតំបន់ទេសចរណ៍កែច្នៃជាច្រើនទៀតដែរ។ 

«ភ្ញៀវប្រហែលមិនចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់មានទឹកទេ ព្រោះជារដូវភ្លៀង។ ប៉ុន្តែតំបន់ជាប់មាត់ទឹកជាសក្តានុពលសំខាន់មួយសម្រាប់ភ្ញៀវទេសចរ ដែលជាលក្ខណៈធម្មជាតិ និងកែច្នៃ។ ទេសចរមិនចោលភ្នំបាណន់ និងឡូរីជើងភ្នំបាណន់ គោលដៅទាក់ទាញទេសចរខ្លាំង ហើយឥឡូវមានកែច្នៃច្រើន ដូចជាសួនផ្កា ស្ទូចត្រី និងផលិតផលជាច្រើន។ មួយទៀតគឺប្រាសាទឯកភ្នំ ដែលបងប្អូន ចេញពីវត្តជិតនោះទៅទស្សនាបាន»។ នេះជាការលើកឡើងរបស់លោក ហម អរុណ។

លោក ហម អរុណ ប្រធានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

បើតាមប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរូបនេះ រដ្ឋបាលខេត្តបាត់ដំបង មិនរៀបចំកម្មពិធីអ្វីឡើយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកខាងមុខ ។ ប៉ុន្តែអាជ្ញាធរបានត្រៀមលក្ខណៈ និងចុះល្បាតនៅតាមគោលដៅទេសចរណ៍ទាំងអស់ក្នុងខេត្តបាត់ដំបង រយៈពេល៣ថ្ងៃគឺ ថ្ងៃទី២៤ដល់២៦ ខែកញ្ញា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទេសចរណ៍។ 

រមណីយដ្ឋានភ្នំ៥៣។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

សូមជម្រាបថាក្នុងខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ប្រមាណ ១០០កន្លែងគោលដៅ​ទេសចរណ៍​ទាំងនោះ​មាន រមណីយដ្ឋាន​ទេសចរណ៍ ២០​ទីតាំង​, សហគមន៍​និង​អេកូ​ទេសចរណ៍ ៤​ទីតាំង​, ទេសចរណ៍​សាសនា ២២​ទីតាំង​, ក​សិ​-​ទេសចរណ៍ ៤​ទីតាំង និង​គោលដៅ​ទេសចរណ៍​ផ្សេងៗ ៥៤​ទីតាំង​។ ភ្ញៀវទេសចរ​អាច​ទៅ​កម្សាន្ត​នៅ​ខេត្តបាត់ដំបង​គ្រប់​រដូវ​កាល ព្រោះ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​មាន​គ្រប់​សណ្ឋាន គ្រប់ផ្នែក​៕

ប្រាសាទឯកភ្នំ
សួនផ្កានៅក្នុងរមណីយដ្ឋានឡូរីជើងភ្នំបាណន់។ រូបភាព៖ សុង សុធាវី

ព័ត៌មានទាក់ទង