ក្រសួងកសិកម្ម គ្រោងនាំបច្ចេកទេសថ្មីជួយបង្កើនគុណភាពដី និងកាត់បន្ថយការប្រើជី៥០ភាគរយ

21/09/2022 5:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនាំបច្ចេកទេសថ្មីមួយឈ្មោះថា អតិសុខុមប្រាណដី Soil Microbes ដែលមានសមត្ថភាពបង្កើនគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ បច្ចេកទេស ត្រូវបានដាក់ឱ្យប្រើប្រាស់១១ប្រទេសហើយ ខណៈកម្ពុជាជាគោលដៅបន្ទាប់។



ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ីហ្វិច លោក Jimmy TAY បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី២១កញ្ញានេះថា បច្ចេកទេសថ្មី «អតិសុខុមប្រាណដី Soil Microbes» មានសារៈប្រយោជន៍ខ្លាំងទៅលើគុណភាពដី និងដំណាំ។ 

លោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ីប៉ាស៊ីហ្វិច។  រូបថត៖ ក្រសួងកសិកម្ម

បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោក គឺមិនមែនជាផលិតផលជីនោះទេ តែផលិតផលបំប៉ន និងជួយកែប្រែដី ធ្វើឱ្យមានជីវជាតិ ហើយឈានទៅកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០ភាគរយ។ ចំពោះការចំណាយវិញ សម្រាប់ផ្ទៃដីមួយហិកតា ត្រូវប្រើប្រាស់ផលិតផលនេះ១គីឡូប៉ុណ្ណោះ។

បច្ចុប្បន្ន បច្ចេកវិទ្យា«អតិសុខុមប្រាណដី Soil Microbes» របស់ក្រុមហ៊ុន CISBAY កំពុងដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសចំនួន១១។ នៅក្នុងតំបន់អាស៊ី មានប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ចិន ឥណ្ឌា និងហ្វីលីពិន។ ភាគច្រើនគេប្រើប្រាស់ផលិតផលនេះ ទៅលើមុខដំណាំស្រូវ កៅស៊ូ ដូងប្រេង ចេក ស្រូវសាលី និងតែជាដើម។  

លោក វេង សាខុន បានលើកឡើងដែរថា ក្នុងបរិបទកូវីដ១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែន បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មឡើងថ្លៃគួរឱ្យព្រួយបាម្ភ។ លោកពេញចិត្តចំពោះបច្ចេកទេសថ្មីនេះ ព្រោះអាចជួយកសិករបង្កើនគុណភាពដី ទិន្នផល ជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ។

 លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបជាមួយប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ីហ្វិច ​​​​​​។

រដ្ឋមន្រ្តីកសិកម្មរូបនេះ បានណែនាំក្រុមហ៊ុនធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម ដើម្បីត្រួតពិនិត្យ និងពិសោធលើផលិតផលថ្មីមួយនេះ។ ជំហានបន្ទាប់ គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពលដូចជា ស្រូវ ពោត ដំឡូវមី ដំណាំស្លឹក និងកៅស៊ូនៅតាមស្ថានីយពិសោធនានាទូទាំងប្រទេស មុនចែកចាយទៅលើទីផ្សារ៕ 
 
 

 

ព័ត៌មានទាក់ទង