ទិន្នផលម្រេចរបស់កសិករ កើនឡើង តែតម្លៃចុះថោក

20/09/2022 11:00 am ត្បូងឃ្មុំ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ កសិករ ដាំដំណាំម្រេច បានទិន្នផលខ្ពស់ជាងមុន តែតម្លៃចុះថោក។ ម្រេច មានតម្លៃថោកនេះ ដោយសារវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែន។ សព្វថ្ងៃ ម្រេចស្ងួត មានតម្លៃត្រឹមតែ ១២ ០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយធ្លាក់ចុះប្រមាណ ៣ ០០០រៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។



កម្ពុជា អាចផលិតម្រេចបានប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ម្រេចស្ងួត លក់បានតម្លៃ ១២វ០០០រៀលក្នុងមួយគីឡូក្រាម ដោយធ្លាក់ថ្លៃវ៣០០០រៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បញ្ហាតម្រូវការ និងតម្លៃទាបនេះ ជាហេតុធ្វើឱ្យកសិករសម្រេចចិត្តផ្អាកលក់ និងបង្ខាំងទុក ដោយរង់ចាំតម្លៃល្អប្រសើរឡើងវិញ។

រូបពី សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា 

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១៩ខែកញ្ញានេះថា ជម្លោះរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។ ជាពិសេស ការធ្វើចរាចរណ៍កម្សាន្តរបស់មនុស្ស ហាក់ថមថយ ដែលបានធ្វើឱ្យទីផ្សារ និងតម្លៃម្រេចធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២២នេះ។


លោក ម៉ាក់ នី ប្រាប់ដូច្នេះ៖«បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក ពុំល្អនោះទេ ដោយអតិផរណាកើនឡើង។ អ៊ីចឹង ថ្លៃស្បៀងអាហារ ក៏កើនឡើងមួយចំនួនដែរ។ ដោយឡែក ម្រេចពាក់ព័ន្ធនឹងការហូបចុកដែរ។ ការធ្វើចរាចរណ៍របស់មនុស្សទូទាំងពិភពលោកធ្លាក់ចុះ ដោយសារកូវីដ និងសង្រ្គាមរុស្សី-អ៊ុយក្រែនផង ធ្វើឱ្យមិនមានភ្ញៀវទេសចរកើនឡើង។ អ៊ីចឹង ការហូបចុកក៏ពុំសូវមានប៉ុន្មានដែរ»។ 

ជាមួយគ្នានេះ លោក វន់ សាវឿន កសិករដាំម្រេចជាង ២ម៉ឺនជន្លង់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា ក្រោយជំងឺកូវីដ១៩ ធូរស្រាលបន្តិច លោក និងកសិករផ្សេងទៀត នាំគ្នាដាំដំំណាំម្រេចឡើងវិញ ដោយរំពឹងទទួលបានតម្លៃខ្ពស់។ ផ្ទុញទៅវិញ ការចូលមកដល់នូវវិបត្តិសកលថ្មីគឺសង្រ្គាមរុស្សី-អ៊ុយក្រែន ក្នុងរយៈពេល៧ខែមកនេះ បានធ្វើឱ្យតម្លៃម្រេចធ្លាក់ចុះយ៉ាងខ្លាំង និងបានធ្វើឱ្យកសិករមួយចំនួន ខាតបង់ធ្ងន់ធ្ងរ។ ឯអ្នកខ្លះទៀត សម្រេចបោះបង់មុខរបរនេះចោលតែម្ដង។  

រូបពី សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា 

លោក វន់ សាវឿន ប្រាប់ដូច្នេះ៖«មុនសង្រ្គាម នៅចុងឆ្នាំ២០២១ ម្រេចបានឡើងថ្លៃម្ដងហើយ គឺឡើងពី ១៥ ០០០ ទៅ ១៧ ០០០រៀលក្នុងមួយគីឡូក្រាម។ អ៊ីចឹង ទំនោរបស់ប្រជាពលរដ្ឋចាប់ផ្ដើមនាំគ្នាដាំឡើងវិញ។ ប៉ុន្តែ ចាប់ពីសង្រ្គាមរុស្សី-អ៊ុយក្រែនហ្នឹងចូលមក វាធ្លាក់(តម្លៃ)ដល់១២០០០រៀល។ យ៉ាប់ហើយ និយាយទៅវាមិនចំណេញទេ»។ 

ឆ្នាំនេះ ការប្រមូលផលម្រេចរបស់ លោក វន់ សាវឿន មានសន្ទុះកើនឡើងជាងឆ្នាំមុន ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ ធ្វើឱ្យដំណាំល្អ។ ចំពោះមុខ លោក សាវឿន បារម្ភតែបញ្ហាតម្លៃទីផ្សារនៅទាបប៉ុណ្ណោះ។ កសិកររូបនេះ បានត្អូញត្អែរពីចំណូលដែលទទួលបានពីការលក់ម្រេច ហាក់មិនសមនឹងកម្លាំង និងថ្លៃដើមផលិត ស្របពេល ជីថ្នាំកសិកម្ម ប្រេងសាំង និងកម្លាំងពលកម្ម សុទ្ធសឹងតែឡើងថ្លៃទាំងអស់។
 
ការអូសបន្លាយវិបត្តិរុស្សី និងអ៊ុយក្រែននេះ បានបង្ខំឱ្យ កសិករដាំម្រេចជាច្រើនក្នុងខេត្តត្បូងឃ្មុំ បោះបង់មុខរបរបស់ខ្លួនចោល ដោយងាកទៅដាំដំណាំផ្សេងវិញ។ លោក វន់ សាវឿន បញ្ជាក់ដូច្នេះ៖«ប៉ះពាល់ខ្លាំងជាងគេ ខ្ញុំគិតថាតម្លៃ គឺនៅពេលដែលយើងដាំបានហើយ បែរជាតម្លៃមិនសមតាមបំណងដែលយើងប្រឹងប្រែងដាំ។ មួយទៀត គឺប្រេង ឡើងថ្លៃ អ៊ីចឹង នៅពេលចូលដល់ខែប្រាំងអ្នកខ្លះគ្មានលុយសូម្បីទិញប្រេង ស្រោចទឹកម្រេចផង»។  

គួរបញ្ជាក់ថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញម្រេចសរុប ៧ ៣៣៥តោន ថយចុះ៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះវៀតណាម គឺជាទីផ្សារនាំចេញធំជាងគេ ដែលមានចំនួន ៦៤៦៧តោន។ ក្រៅពីនោះ  កម្ពុជា បាននាំចេញម្រេចទៅសហគមអឺរ៉ុប អាម៉េរិក និងបណ្ដាប្រទេសមួយចំនួនទៀត ទៅតំបន់អាស៊ាន និងអាស៊ី៕

 

ព័ត៌មានទាក់ទង