រដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកទឹកចិត្តវិស័យឯកជន វិនិយោគស្ថានីយបញ្ចូលថាមពលអគ្គិសនី

18/09/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ីសា រ៉ហានី 

សៀមរាប៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី កង្វះខាតស្ថានីយបញ្ចូលថាមពលកំពុងក្លាយជាបញ្ហា។ ចំណុចនេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន បានលើកទឹកចិត្តឱ្យវិស័យឯកជនរួមចំណែកជាមួយស្ថាប័នរដ្ឋ បង្កើនស្ថានីយបញ្ចូលថាមពលអគ្គិសនីកាន់តែច្រើន ដើម្បីជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើន។



រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចង់ឃើញវិស័យឯកចូលរួមវិនិយោគសាងសង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) តាមស្ថានីយប្រេងទូទាំងប្រទេសឱ្យកាន់តែច្រើន ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋងាយស្រួល និងប្រើប្រាស់យានយន្តអគ្គិសនី។ តាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នក្រសួងបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីបើកផ្លូវឱ្យវិស័យឯកជនចូលរួមក្នុងកិច្ចការងារនេះដែរ។ 

តាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល បច្ចុប្បន្ន UNDP បានជួយតម្លើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ៤ទីតាំង ទី១នៅក្រសួងសាធារណការ និងដឹកជញ្ជូន ទី២នៅខេត្តព្រះសីហនុ ទី៣ នៅខេត្តសៀមរាប និងទី៤ នៅខេត្តបាត់ដំបង។ ហើយតម្លៃបញ្ចូលនៅតាមស្ថានីយនីមួយៗ គឺ១៥០០រៀលក្នុងមួយគីឡូវ៉ាត់។ 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅខេត្តសៀមរាបនាថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សព្វថ្ងៃកម្ពុជាមានយានយន្តដើរដោយថាមពលអគ្គិសនីក្រោម១ពាន់គ្រឿងប៉ុណ្ណោះ ហើយលោករំពឹងថា ទៅអនាគតការប្រើប្រាស់នឹងមានការកើនឡើង ខណៈដែលក្រសួងក៏គ្រោងបញ្ជាយានយន្តប្រភេទនេះ ដើម្បីប្រើប្រាស់ផងដែរ។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាមានរថយន្តចំនួន១លានគ្រឿង និងម៉ូតូ៥លានគ្រឿង៕


 

ព័ត៌មានទាក់ទង